បាងកក៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិថៃ Thai Airways បានប្រកាសលុបចោលជើងហោះហើរក្នុងស្រុក និងអន្តរជាតិជាច្រើន ពីថ្ងៃទី២៩ និងថ្ងៃទី៣០ ខែកញ្ញា ដោយសារគ្រោះទឹកជំនន់នៅរាជធានីបាងកក និងតំបន់ជុំវិញ បានធ្វើឱ្យបុគ្គលិកជាច្រើនមិនអាចធ្វើដំណើរទៅធ្វើការបាន។ ការរំខានកាលវិភាគហោះហើរបែបនេះ បានកើតឡើងបន្ទាប់ពីមានរបាយការណ៍ថា អ្នកដំណើរជាច្រើនត្រូវរង់ចាំទទួលអីវ៉ាន់របស់ខ្លួនរហូតដល់ ៦ ទៅ ៨ម៉ោង នៅអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ (Suvarnabhumi)។
យោងតាមការចេញផ្សាយរបស់កាសែត The Thaiger ជើងហោះហើរដែលត្រូវផ្អាកបណ្តោះអាសន្ននៅថ្ងៃទី២៩ ខែកញ្ញា រួមមាន ជើងហោះហើរទៅកាន់ខេត្តឧដុនធានី (Udon Thani), ខនកែន (Khon Kaen), ភូកេត (Phuket) និងទីក្រុងហាណូយ (វៀតណាម), ញូវដេលី (ឥណ្ឌា) ព្រមទាំងប្រទេសសិង្ហបុរី។ ដោយឡែក ជើងហោះហើរទៅកាន់ទីក្រុងម៉ូនិក (អាល្លឺម៉ង់) និងទីក្រុងព្រុចសែល (ប៊ែលហ្ស៊ិក) នឹងត្រូវផ្អាកនៅថ្ងៃទី៣០ ខែកញ្ញា។
អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ របស់ថៃ នៅតែបន្តបើកដំណើរការជាធម្មតា ទោះបីជាមានការលិចលង់ខ្លាំងនៅតំបន់ឡាតក្រាបាំង (Lat Krabang) ដែលស្ថិតនៅជិតនោះ។ អាជ្ញាធរថៃ បានអំពាវនាវដល់អ្នកធ្វើដំណើរទាំងអស់ ឱ្យពិនិត្យមើលស្ថានភាពជើងហោះហើរជាមុន ចៀសវាងធ្វើដំណើរលើផ្លូវដែលលិចទឹក និងត្រូវបម្រុងពេលវេលាឱ្យបានច្រើន សម្រាប់ការធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន។ទាក់ទងនឹងព័ត៌មានបន្ថែម ក្រុមហ៊ុនអាកាសចរណ៍ថៃបានណែនាំឱ្យអ្នកដំណើរទាក់ទងសាកសួរព័ត៌មានផ្ទាល់ជាមួយ Thai Airways៕