វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ បានបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងរបស់ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅប្រទេសចិន លោក David Perdue ដែលបានប្រាប់បណ្តាញព័ត៌មាន Fox News ថា លោក ត្រាំ បានស្នើលក់អាវុធឱ្យទីក្រុងប៉េកាំង កំឡុងជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ីជិនពីង កាលពីសប្តាហ៍មុន។ ថ្លែងចេញពីការិយាល័យ Oval Office លោក ត្រាំ បានបញ្ជាក់ថា លោកមិនដែលបានពិភាក្សាអំពីការលក់អាវុធទៅឱ្យចិននោះទេ ហើយរូបលោកក៏មិនដែលឮរឿងនេះពីមុនមកដែរ ទោះបីជាលោកបានបន្ថែមដោយផ្ទៃមុខញញឹមថា ចិនអាចនឹងចង់ទិញដោយសារអាវុធអាម៉េរិកមានគុណភាពល្អជាងក៏ដោយ។
យោងតាម The Japan Times មន្ត្រីសេតវិមាន និងក្រសួងការបរទេសអាម៉េរិក បានប្រញាប់ប្រញាល់ចេញសេចក្តីថ្លែងការណ៍បដិសេធជំនួស ដោយសង្កត់ធ្ងន់ថា រដ្ឋាភិបាលអាម៉េរិកគ្មានផែនការ ឬការផ្តល់ជូនណាមួយឡើយ ហើយច្បាប់អាម៉េរិកក៏ហាមឃាត់យ៉ាងម៉ឺងម៉ាត់ចំពោះការលក់អាវុធទៅឱ្យប្រទេសចិនផងដែរ។ ខាងភាគីក្រសួងការបរទេសចិនវិញ មិនបានឆ្លើយតបដោយផ្ទាល់លើរឿងនេះទេ ដោយគ្រាន់តែបញ្ជាក់ថាសមត្ថភាពការពារជាតិរបស់ខ្លួនត្រូវបានពង្រឹងទៅតាមតម្រូវការជាក់ស្តែងដើម្បីរក្សាសន្តិភាព។
គួរកត់សម្គាល់ថាការលើកឡើងដ៏ច្របូកច្របល់នេះបានកើតឡើងចំពេលដែលបញ្ហាកោះតៃវ៉ាន់នៅតែជាប្រភពនៃភាពតានតឹងដ៏ស្រួចស្រាវរវាងមហាអំណាចទាំងពីរ។ ទោះបីជាសហរដ្ឋអាម៉េរិកបានអនុម័តការលក់អាវុធតម្លៃ ១១,១ ពាន់លានដុល្លារឱ្យតៃវ៉ាន់កាលពីខែធ្នូ ដែលជាទំហំធំបំផុតចាប់តាំងពីឆ្នាំ ១៩៧៩ យ៉ាងណាក៏ដោយ លោក ត្រាំ នៅតែបន្តរក្សាជំហរមិនច្បាស់លាស់ជាយុទ្ធសាស្ត្រថាតើនឹងចូលអន្តរាគមន៍យោធាឬយ៉ាងណ ប្រសិនបើចិនវាយប្រហារតៃវ៉ាន់។ ខណៈដែលលោក ស៊ីជិនពីង បានដាស់តឿនឱ្យអាម៉េរិកបង្ហាញ «ភាពប្រុងប្រយ័ត្ន» និងប្រឆាំងដាច់ខាតចំពោះឯករាជ្យភាពតៃវ៉ាន។ ក្រៅពីជំនួបនៅអាម៉េរិកកាលពីសប្តាហ៍មុន មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថានឹងជួបគ្នាចំនួនពីរលើកបន្ថែមទៀតនៅឆ្នាំនេះ គឺក្នុងកិច្ចប្រជុំ APEC ក្នុងទីក្រុង Shenzhen នាខែវិច្ឆិកា និងកិច្ចប្រជុំ G20 ក្នុងរដ្ឋ Florida នាខែធ្នូ៕