Swift cc time

ទឹកជំនន់នៅថៃផ្តាច់ជីវិតមនុស្ស ១៩នាក់ និងប៉ះពាល់មន្ទីរពេទ្យ-មណ្ឌលសុខភាព ៤៩កន្លែង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ ក្រសួងសុខាភិបាលសាធារណៈថៃ បានប្រកាសកាលពីថ្ងៃទី២៨ ខែកញ្ញា ថា គ្រោះទឹកជំនន់ដែលបាននិងកំពុងវាយប្រហារលើខេត្តចំនួន ២៣ បានបណ្តាលឱ្យមនុស្សចំនួន ១៩នាក់ស្លាប់បាត់បង់ជីវិត និងបានប៉ះពាល់ដល់គ្រឹះស្ថានសុខាភិបាល (មន្ទីរពេទ្យ និងមណ្ឌលសុខភាព) សរុបចំនួន ៤៩កន្លែង។ ក្នុងចំណោមនោះ មន្ទីរពេទ្យចំនួន ២៤កន្លែង នៅតែបន្តបើកដំណើរកាតាមធម្មតា, ៣កន្លែង បិទដំណើរការមួយផ្នែក និង ២២កន្លែងទៀត ត្រូវបានផ្អាកសេវាទាំងស្រុង។

យោងតាមការចេញផ្សាយរបស់កាសែត Thai Enquirer តំបន់ដែលកំពុងប្រឈមមុខនឹងស្ថានភាពអាសន្នបំផុត រួមមាន ខេត្តកញ្ចនបុរី (Kanchanaburi), រាជបុរី (Ratchaburi), ប្រាជីនបុរី (Prachin Buri), រ៉ាយ៉ង (Rayong), នគរណាយុក (Nakhon Nayok), រាជធានីបាងកក និងខេត្តជុំវិញ។ ក្នុងនោះ មន្ទីរពេទ្យចៅប្រាយ៉ា អភ័យភូបេត (Chaophraya Abhaibhubejhr) និងមន្ទីរពេទ្យនគរណាយុក ស្ថិតនៅក្នុងចំណោមគ្រឹះស្ថានសុខាភិបាលដែលកំពុងប្រឈមមុខនឹងហានិភ័យខ្ពស់បំផុត។

នៅក្នុងខេត្តរ៉ាយ៉ង មន្ទីរពេទ្យ បានខៃ (Ban Khai) អាចទទួលព្យាបាលបានតែអ្នកជំងឺសង្គ្រោះបន្ទាន់ប៉ុណ្ណោះ និងមានផែនការផ្ទេរអ្នកជំងឺចំនួន ៣០នាក់។ ចំណែកឯមន្ទីរពេទ្យ ខ្លែង (Klaeng) បាននិងកំពុងរៀបចំផ្ទេរអ្នកជំងឺធ្ងន់ធ្ងររហូតដល់ ១០នាក់ ទៅកាន់មន្ទីរពេទ្យរ៉ាយ៉ង និងអ្នកជំងឺប្រមាណ ១០០នាក់ទៀត ទៅកាន់មន្ទីរពេទ្យ ចាឡើម ប្រាកៀត (Chalerm Phrakiat) បន្ទាប់ពីទឹកជំនន់បានហូរចូលលិចលង់បរិវេណមន្ទីរពេទ្យ។

អាជ្ញាធរថៃ បានគូសបញ្ជាក់ថា ករណីស្លាប់បាត់បង់ជីវិតភាគច្រើន គឺបង្កឡើងដោយសារការលង់ទឹក និងការឆក់ខ្សែភ្លើង។ អាជ្ញាធរថៃ ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋថៃ ឱ្យប្រើប្រាស់ពោងសុវត្ថិភាព ឬឧបករណ៍អណ្តែតទឹកនៅពេលធ្វើដំណើរក្នុងទឹកជំនន់ ព្រមទាំងត្រូវផ្តាច់ចរន្តអគ្គិសនីជាបន្ទាន់ ប្រសិនបើទឹកហូរចូលផ្ទះ និងចៀសវាងដាច់ខាតនូវការប្រើប្រាស់ឧបករណ៍អគ្គិសនីក្នុងពេលមានទឹកជំនន់៕

Khcct banner

អត្ថបទទាក់ទង