បាងកក៖ រដ្ឋាភិបាលថៃ បានប្រកាសដាក់ទិវាឈប់សម្រាកពិសេសសម្រាប់មន្ត្រីរាជការរយៈពេល ២ ថ្ងៃ (ថ្ងៃទី២៨-២៩ ខែកញ្ញា) ដើម្បីកាត់បន្ថយការធ្វើដំណើរ និងសម្រួលការកកស្ទះចរាចរណ៍ ខណៈទឹកជំនន់កំពុងបន្តលិចលង់តំបន់ជាច្រើនក្នុងរាជធានីបាងកក។ក្នុងរយៈពេល ៤៨ ម៉ោង មុនថ្ងៃទី២៧ ខែកញ្ញា រាជធានីបាងកកបានរងការធ្លាក់ភ្លៀងយ៉ាងខ្លាំងរហូតដល់ជិត ៣០០ មីលីម៉ែត្រ បណ្តាលឱ្យតំបន់ជាច្រើនត្រូវលិចលង់ និងធ្វើឱ្យរថយន្តមួយចំនួនត្រូវលិចលង់ផ្នែកខ្លះ។ រដ្ឋាភិបាលថៃបានបញ្ជាក់ថា វិធានការនេះធ្វើឡើងដើម្បីសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយការស្ទះចរាចរណ៍ ទោះបីជាកម្រិតទឹកបានស្រកចុះបន្តិចវិញកាលពីថ្ងៃទី២៧ ខែកញ្ញា។ ផលប៉ះពាល់នៃទឹកជំនន់ក្នុងក្រុងបាងកកនៅតែបន្តកើតមានរហូតដល់ថ្ងៃទី២៨ ខែកញ្ញា។
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters សម្រាប់ថ្ងៃទី២៩ ខែកញ្ញានេះ ដែលជាថ្ងៃចុងក្រោយនៃទិវាឈប់សម្រាកពិសេស ស្ថានភាពទឹកជំនន់នៅតាមដងផ្លូវសំខាន់ៗក្នុងរាជធានីបាងកក បានចាប់ផ្តើមស្រកចុះជាបណ្តើរៗ បន្ទាប់ពីអាជ្ញាធរថៃបង្កើនប្រតិបត្តិការបូមទឹកចេញ។ ទោះជាយ៉ាងណា តំបន់ប្រជុំជនទាបៗមួយចំនួនជុំវិញរាជធានី នៅតែបន្តរងការលិចលង់នៅឡើយ។
គិតត្រឹមព្រឹកថ្ងៃអង្គារនេះ ទឹកជំនន់នៅក្រុងបាងកកបានប៉ះពាល់ដល់មនុស្សជាង៧០ម៉ឺននាក់
និង ខាតបង់ថវិកា ពី១៨០ ទៅ ២០០លានដុល្លារអាម៉េរិក៕