ឥណ្ឌា៖ ភ្លៀងធ្លាក់យ៉ាងគំហុក និងព្យុះបន្តបន្ទាប់បានបង្កឱ្យមានគ្រោះទឹកជំនន់ និងការបាក់ដីយ៉ាងធ្ងន់ធ្ងរនៅអាស៊ីខាងត្បូង ដោយបានសម្លាប់មនុស្សចំនួន ៥៦នាក់នៅប្រទេសឥណ្ឌា និង ១៤នាក់នៅប្រទេសនេប៉ាល់ ខណៈមនុស្ស ១១នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ អាជ្ញាធរនេប៉ាល់បានចេញការព្រមានពីហានិភ័យនៃទឹកជំនន់ភ្លាមៗ (flash floods) នៅតាមស្រុកចំនួន ៤៩ ក្នុងចំណោម ៧៧ ស្រុកនៅទូទាំងប្រទេស ដោយសារកម្រិតទឹកទន្លេធំៗនៅតែបន្តហក់ឡើងខ្ពស់។
នៅភាគខាងជើងប្រទេសឥណ្ឌា រដ្ឋ Uttar Pradesh បានកត់ត្រាកម្រិតទឹកភ្លៀងរហូតដល់ ៦៦,៥ មីលីម៉ែត្រ ក្នុងរយៈពេលត្រឹមតែពីរថ្ងៃ ដែលខ្ពស់ជាងកម្រិតធម្មតាប្រាំបីដង។ គ្រោះមហន្តរាយនេះបានបណ្តាលឱ្យមនុស្ស ៤៦នាក់រងរបួស និងខូចខាតផ្ទះសម្បែងជាង ១.០០០ខ្នង ខណៈដែលគណៈកម្មការទឹកកណ្តាលឥណ្ឌាបានប្រកាសអាសន្ន «ស្ថានភាពធ្ងន់ធ្ងរ» នៅតាមស្ថានីយត្រួតពិនិត្យទន្លេចំនួន ៣០ ក្នុងរដ្ឋចំនួន ៧ ដោយសារទន្លេធំៗដូចជា Ganga, Gandak, Kosi, Bagmati និង Narmada បានហក់ឡើងលើសកម្រិតប្រុងប្រយ័ត្ន។ អាជ្ញាធរកំពុងប្រញាប់ប្រញាល់ចុះជួយសង្គ្រោះ ចែករំលែកជំនួយ និងវាយតម្លៃការខូចខាតដំណាំដើម្បីផ្តល់សំណងដល់ពលរដ្ឋ។
ដោយឡែកនៅប្រទេសនេប៉ាល់ បន្ថែមពីលើការបាត់បង់ជីវិត និងមនុស្សបាត់ខ្លួន ការរអិលបាក់ដី និងទឹកជំនន់បានកាត់ផ្តាច់ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីទាំងស្រុងនៅក្នុងស្រុកចំនួនបួន រួមមាន Manang, Mustang, Myagdi និង Baglung ដោយសារទឹកជំនន់ទន្លេ Rahuganga បានបកបំផ្លាញរចនាសម្ព័ន្ធ និងបង្គោលខ្សែបញ្ជូនថាមពលនៃគម្រោងវារីអគ្គិសនីកម្លាំង ៤០ មេហ្គាវ៉ាត់។ លើសពីនេះ ការខូចខាតខ្សែបញ្ជូនទិន្នន័យអុបទិក និងប្រព័ន្ធថាមពលក៏បានបង្កការរំខានដល់បណ្តាញទូរគមនាគមន៍ផងដែរ។ ក្នុងហេតុការណ៍ដាច់ដោយឡែកមួយទៀត កម្មករក្នុងស្រុកចំនួន ១០នាក់បានបាត់ខ្លួន បន្ទាប់ពីមានគ្រោះបាក់ព្រិលកប់ជាន់លើជំរុំមូលដ្ឋាននៃភ្នំ Himlung Himal ក្នុងស្រុក Manang៕