Swift cc time

ត្រាំ ស្នើលក់អាវុធឱ្យចិន ដើម្បីឆ្លើយតបនឹងការព្រួយបារម្ភលើការលក់អាវុធឱ្យតៃវ៉ាន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វ៉ាស៊ីនតោន៖ ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅប្រទេសចិន លោក David Perdue បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Fox News ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ បានលើកឡើង និងស្នើលក់អាវុធឱ្យទីក្រុងប៉េកាំង ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់ចិនជុំវិញការលក់អាវុធរបស់អាម៉េរិកទៅឱ្យកោះតៃវ៉ាន់។ លោក Perdue បានបញ្ជាក់ថា បញ្ហានេះត្រូវបានលើកឡើងកំឡុងពេលប្រធានាធិបតីចិន លោក ស៊ីជិនពីង ទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាម៉េរិក ដោយលោក ត្រាំ បានសួរលោក ស៊ី ដោយផ្ទាល់ថាតើចិនចង់ទិញអាវុធពីអាម៉េរិកខ្លះដែរឬទេ។

ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅប្រទេសចិន លោក David Perdue

បើតាមលោក លោក David Perdue បញ្ហានេះត្រូវបានលើកឡើងម្តងទៀតនៅពេលដែលប្រធានាធិបតីចិន លោក ស៊ីជិនពីង បានទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាម៉េរិកកាលពីសប្តាហ៍មុន។ លោក Perdue បាននិយាយនៅក្នុងបទសម្ភាសន៍ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា៖ «ប្រធានាធិបតី ត្រាំ តែងតែនិយាយថា យើងលក់អាវុធទៅឱ្យប្រទេសផ្សេងៗជុំវិញពិភពលោក តាមពិតទៅ លោកធ្លាប់បានសួរប្រធានាធិបតី ស៊ីថា តើលោកចង់ទិញខ្លះដែរឬទេ?។ លោក Perdue បន្ថែមទៀតថា មានការពិភាក្សាបន្តជុំវិញការលក់អាវុធផ្សេងទៀត ហើយលោក ត្រាំ និងប្រធានាធិបតី ស៊ីតែងតែពិភាក្សាគ្នាអំពីបញ្ហានេះរាល់ពេលដែលលោកទាំងពីរបានជួបគ្នា។

គួររម្លឹកថា ទីក្រុងវ៉ាស៊ីនតោនបានអនុម័តរួចហើយនូវការលក់អាវុធដែលមានតម្លៃ ១១,១ ពាន់លានដុល្លារអាម៉េរិកទៅឱ្យតៃវ៉ាន់កាលពីខែធ្នូ ដែលលោក Perdue បានលើកឡើងថា វាគឺជាការលក់អាវុធ ទៅឱ្យតៃវ៉ាន់ក្នុងចំនួនច្រើនជាងប្រធានាធិបតីរូបណាៗទាំងអស់ចាប់តាំងពីឆ្នាំ ១៩៧៩ មក។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកនៅទីក្រុងវ៉ាស៊ីនតោន លោក ស៊ី បានរំលឹកឡើងវិញនូវការព្រមានរបស់លោកថា លោក ត្រាំ គួរប្រុងប្រយ័ត្ន ចំពោះបញ្ហាតៃវ៉ាន់ ហើយថែមទាំងបានជំរុញឱ្យសហរដ្ឋអាម៉េរិកប្រឆាំងនឹងឯករាជ្យភាពរបស់តៃវ៉ាន់។ មេដឹកនាំទាំងពីរបានបញ្ជាក់ថា នឹងជួបគ្នាម្តងទៀតនៅក្នុងកិច្ចប្រជុំកំពូល APEC នៅទីក្រុង Shenzhen ប្រទេសចិន ក្នុងខែវិច្ឆិកា និងនៅក្នុងវេទិកា G20 នៅឯរមណីយដ្ឋាន Doral របស់លោក ត្រាំ ក្នុងទីក្រុង Miami ក្នុងខែធ្នូ៕

Khcct banner

អត្ថបទទាក់ទង