Swift cc time

អង់គ្លេស ចាប់ខ្លួនជនសង្ស័យ ៥នាក់ ដែលគ្រោងបំផ្ទុះគ្រាប់បែកក្បែរមូលដ្ឋានទ័ពអាកាស RAF Fairford

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ឡុងដ៍៖ ប៉ូលិសប្រឆាំងភេរវកម្មចក្រភពអង់គ្លេស (CTP) និងប៉ូលិស Gloucestershire កំពុងបន្តស៊ើបអង្កេតហេតុការណ៍ធំមួយ បន្ទាប់ពីបានចាប់ខ្លួនបុរសចំនួន ៥ នាក់ ដោយសង្ស័យថាបានរៀបចំផែនការវាយប្រហារភេរវកម្ម និងពាក់ព័ន្ធនឹងបទល្មើសគ្រឿងផ្ទុះ នៅជិតមូលដ្ឋានទ័ពអាកាស RAF Fairford ក្នុងតំបន់ Gloucestershire កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ០០:៤៥ នាទី (ម៉ោង BST) នាថ្ងៃអាទិត្យ ដោយអាជ្ញាធរបានប្រកាសជា ហេតុការណ៍ធំ និងបានបិទព័ទ្ធតំបន់កើតហេតុក្នុងរង្វង់ ៤០០ ម៉ែត្រ។ ប្រជាពលរដ្ឋប្រហែល ៨៥ គ្រួសារក្នុងភូមិ Whelford ត្រូវបានតម្រូវឱ្យជម្លៀសចេញទៅកាន់កន្លែងសុវត្ថិភាពជាបណ្តោះអាសន្ន។

បើតាមការចេញផ្សាយរបស់ BBC អ្នកស្រុកម្នាក់បានទូរស័ព្ទទៅលេខ ៩៩៩ រាយការណ៍ពីសកម្មភាពគួរឱ្យសង្ស័យ បន្ទាប់ពីបានឃើញរថយន្តវ៉ែន (van) ចំនួន ៣ គ្រឿង និងក្រុមបុរសពាក់ម៉ាស់បិទមុខ។ រូបភាពពីលើអាកាស និងការពិនិត្យបានបង្ហាញពីការប្រើប្រាស់មនុស្សយន្តបញ្ជាពីចម្ងាយ និងក្រុមជំនាញដោះមីនរបស់កងទ័ព ដើម្បីត្រួតពិនិត្យរថយន្តវ៉ែនពណ៌សមួយគ្រឿងដែលចតនៅតំបន់ព្រៃ ចម្ងាយប្រហែល ៣៥០ ម៉ែត្រពីច្រកចូល Crash Gate 6A នៃផ្លូវរត់យន្តហោះ។ ដំបូងឡើយ បុរសទាំង ៥ នាក់ត្រូវបានឃាត់ខ្លួនក្រោមច្បាប់ស្តីពីគ្រឿងផ្ទុះ (Explosives Act) មុនពេលប៉ូលិសប្តូរមកចោទប្រកាន់បន្ថែមពីបទសង្ស័យរៀបចំផែនការភេរវកម្ម។

ប្រធានាធិបតី ដូណាល់ត្រាំ បានអះអាងថាអ្នកដែលត្រូវបានចាប់ខ្លួន "មានបំណងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ" ហើយសហរដ្ឋអាម៉េរិកបានតាមដានពួកគេអស់រយៈពេលជាយូរមកហើយ។ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស Wes Streeting បានទាក់ទងផ្ទាល់ជាមួយសមភាគីអាម៉េរិក លោក Pete Hegseth ខណៈដែលក្រសួងការពារជាតិអាម៉េរិកបានដំឡើងកម្រិតការគំរាមកំហែងនៅមូលដ្ឋាន RAF Lakenheath ទៅកម្រិតខ្ពស់ទីពីរ។

ប្រធានប៉ូលិសស្តីទីលោកស្រី Maggie Blyth បានបញ្ជាក់ថា ស្ថានភាពនៃហេតុការណ៍នេះត្រូវបានគ្រប់គ្រងបានហើយនិងពុំមានការស្វែងរកជនសង្ស័យបន្ថែមទៀតនោះទេ។

គួរកត់សម្គាល់ថាមូលដ្ឋានទ័ពអាកាស RAF Fairford ត្រូវបានប្រើប្រាស់ដោយកងទ័ពអាកាសអាម៉េរិក (USAF) ហើយថ្មីៗនេះត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់ប្រតិបត្តិការវាយប្រហារការពារខ្លួនប្រឆាំងនឹងប្រទេសអ៊ីរ៉ង់៕

Khcct banner

អត្ថបទទាក់ទង