Swift cc time

ថៃប្រឈមខាតបង់ សេដ្ឋកិច្ច ប្រមាណ ៣២៧ លានដុល្លារ ដោយសារទឹកជំនន់ ខណៈពលរដ្ឋថៃរាប់ពាន់នាក់បង្ខំចិត្តភៀសខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ ព្រះភិរុណ មិនប្រណីបានបន្តបង្អុរទឹកភ្លៀងយ៉ាងខ្លាំងអស្ចារ្យ វាយប្រហារប្រទេសថៃគ្រប់កន្លែង ហើយរាជធានីបាងកក ជាបេះដូងនៃប្រទេសថៃ ប្រៀបដូចជា បឹង ដែលតំបន់ខ្លះត្រូវជិះទូក លូយទឹក ឬហែលទឹកក៏មាន។អាជ្ញាធរថៃ បានប្រកាសដាក់ទីក្រុងបាងកក ប្រកាសអាសន្នពីទឹកជំនន់ ដែលនឹងបន្តកើតមានរហូតដល់ថ្ងៃទី ៣០ កញ្ញានេះ។

ទឹកជំនន់មិនធ្លាប់មាននេះ បានបង្ខំចិត្តឱ្យពលរដ្ឋថៃ ប្រមាណជាង១៧ម៉ឺននាក់ប៉ះពល់ ក្នុងនោះទីក្រុងបាងកក ប៉ះពាល់ប្រហែលជាង ៥ម៉ឺននាក់។ផលវិបាកនៃទឹកជំនន់នេះ បាននាំឱ្យពលរដ្ឋថៃរាប់ពាន់នាក់ បង្ខំចិត្តចាកចេញពីផ្ទះសម្បែងទៅស្នាក់នៅតាមមជ្ឈមណ្ឌលភៀសខ្លួន ហើយអាជ្ញាធរសុខាភិបាលថៃ ក៏បានចេញសារព្រមានពី ជំងឺកាចសាហាវ អាចនឹងកើតមាន ហើយសេដ្ឋកិច្ចថៃ អាចនឹងប្រឈមខាតបង់អស់ប្រមាណជា ៣២៧ លានដុល្លារ អាម៉េរិក។នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Reuters ។

ប្រភពដដែលបានរាយការណ៍តាមរបាយការណ៍អាជ្ញាធរថៃថា ពលរដ្ឋជាង ៨០,០០០ នាក់ កំពុងកកស្ទះនៅក្នុងផ្ទះ ដោយអាជ្ញាធរថៃ កំពុងប្រញាប់ប្រញាល់បញ្ជូនទូក និងរៀបចំផ្ទះបាយចល័តដើម្បីផ្តល់អាហារ ៣ ពេលក្នុងមួយថ្ងៃ រហូតដល់ ៧ ថ្ងៃក្រោយទឹកស្រក។ទីក្រុងបាងកកស្ថិតក្នុងចំណោមខេត្តចំនួន ៤១របស់ថៃ ដែលរងការវាយប្រហារដោយទឹកជំនន់ ចាប់តាំងពីថ្ងៃទី ១៦ ខែកញ្ញាមក ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨ នាក់ និង ប៉ះពាល់ដល់ផ្ទះសម្បែងជាង ៥៨០,០០០ ខ្នង។

អ្នកជំនាញសេដ្ឋកិច្ច បានព្យាករណ៍ថា វិបត្តិនេះអាចបង្កការខូចខាតសេដ្ឋកិច្ចយ៉ាងហោចណាស់ ១១ ប៊ីលានបាត (ប្រមាណ ៣២៧ លានដុល្លារ) និងអាចបន្ទុចបង្អាក់កំណើន GDP ប្រចាំឆ្នាំ ២០២៦ ប្រមាណ ០,៣ ភាគរយ ដោយសារផលប៉ះពាល់លើអាជីវកម្មលក់ដុំ លក់រាយ វិស័យកសិកម្ម និងឧស្សាហកម្ម៕


Khcct banner

អត្ថបទទាក់ទង