Swift cc time

ត្រាំ បដិសេធសំណើអ៊ីរ៉ង់ក្នុងការបើកច្រកសមុទ្រហ័រមូសឡើងវិញ ៧ ថ្ងៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ បានប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះសំណើរបស់ប្រទេសអ៊ីរ៉ង់ក្នុងការបើកច្រកសមុទ្រ Hormuz (ហ័រមូស) ឡើងវិញសម្រាប់ការដឹកជញ្ជូនពាណិជ្ជកម្មក្នុងរយៈពេល ៧ ថ្ងៃ។ លោក ត្រាំ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា អ៊ីរ៉ង់កំពុងប្រញាប់ប្រញាល់ចង់បានកិច្ចព្រមព្រៀងដោយសារតែពួកគេ កំពុងរងការខាតបង់ផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា លក្ខខណ្ឌដែលអ៊ីរ៉ង់ដាក់មកគឺ មិនអាចទទួលយកបានឡើយ ខណៈដែលសហរដ្ឋអាម៉េរិកកំពុងមានការគ្រប់គ្រងទាំងស្រុង លើច្រកសមុទ្រនេះរួចទៅហើយ។

បើតាមលោក ដូណាល់ត្រាំ លោកបដិសេធកិច្ចព្រមព្រៀង និងសំណើរបស់អ៊ីរ៉ង់ទាំងស្រុង ដោយលោកអះអាងថាពេលនេះសហរដ្ឋអាម៉េរិកកំពុងតែគ្រប់គ្រងទាំងស្រុងលើច្រកសមុទ្រនេះរួចទៅហើយ ដែលមានប្រេងយ៉ាងច្រើនសន្ធឹកសន្ធាប់ ឆ្លងកាត់វា ដែលបណ្តាលឱ្យតម្លៃប្រេងពិភពលោកកើនឡើងយ៉ាងខ្លាំង និងធ្វើឱ្យតម្លៃប្រេងឥន្ធនៈសម្រាប់អ្នកប្រើប្រាស់កើនឡើងខ្ពស់។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi

ជាការឆ្លើយតបរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi និងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានបញ្ជាក់ថា ទីក្រុង Tehran ត្រៀមខ្លួនរួចជាស្រេចក្នុងការស្ដារផ្លូវដឹកជញ្ជូនតាមសមុទ្រឡើងវិញក្នុងរយៈពេលមួយសប្តាហ៍ ប្រសិនបើសហរដ្ឋអាម៉េរិកព្រមអនុវត្តតាមកាតព្វកិច្ចដែលមានចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលបានចុះហត្ថលេខានៅប្រទេសប៉ាគីស្ថានកាលពីខែមិថុនា។លោក Araghchi បានរះគន់ការថ្លែងការណ៍របស់លោក Trump ថាមានភាពផ្ទុយគ្នា និងបានបញ្ជាក់ថា អ៊ីរ៉ង់នឹងរង់ចាំការឆ្លើយតបជាផ្លូវការ និង ទស្សនៈច្បាស់លាស់ពីភាគីសម្របសម្រួលមុននឹងធ្វើការសម្រេចចិត្តបន្ត។

អ្នកស្រី Kirsten Fontenrose អតីតមន្ត្រីក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិក បានគូសបញ្ជាក់ថា សហរដ្ឋអាម៉េរិកគ្មានឆន្ទៈនយោបាយក្នុងការបន្ត MOU នេះឡើយ ដោយសារ MOU ត្រូវបានគេមើលឃើញថាជា កិច្ចព្រមព្រៀងមិនល្អ ហើយបានបរាជ័យបន្ទាប់ពីភាគីទាំងពីរបានបន្តការវាយប្រហារគ្នាទៅវិញទៅមក (អ៊ីរ៉ង់វាយប្រហារលើនាវាគ្មានការអនុញ្ញាត ខណៈអាម៉េរិកវាយប្រហារលើទីតាំងអ៊ីរ៉ង់ និងបិទកំពង់ផែ)។ លោកស្រីបន្តថា យោងតាមសារព័ត៌មាន Wall Street Journal មន្ត្រីអាម៉េរិកបានប្រាប់ថា លោក ត្រាំ មានការសង្ស័យខ្ពស់លើអ៊ីរ៉ង់ ហើយកំពុងពិចារណាលើលទ្ធភាពនៃការចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកឡើងវិញ។

គួររម្លឹកថា ច្រកសមុទ្រហ័រមូសដែលជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នប្រមាណ ១/៥ នៃតម្រូវការពិភពលោក ត្រូវបានបិទស្ទើរតែទាំងស្រុងចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីខែកុម្ភៈ ដែលបង្កឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៃតម្លៃថាមពលសកល និងដាក់សម្ពាធនយោបាយយ៉ាងខ្លាំងលើលោក ត្រាំ ចំពេលដែលអាម៉េរិកកំពុងខិតជិតដល់ការបោះឆ្នោតសភាតំណាងរាស្ត្រនៅខែវិច្ឆិកា។ ស្ថានភាពកាន់តែធ្ងន់ធ្ងរនៅពេលដែលក្រុមប្រដាប់អាវុធ ហ៊ូធី (Houthis) នៅយេម៉ែន ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ បានបង្កើនការវាយប្រហារលើការនាំចេញប្រេងរបស់អារ៉ាប៊ីសាអូឌីតនៅសមុទ្រក្រហម និងបានវាយដណ្តើមកាន់កាប់កំពង់ផែយុទ្ធសាស្ត្រ Mokha ក្បែរច្រកសមុទ្រ Bab al-Mandab៕

Khcct banner

អត្ថបទទាក់ទង