សិង្ហបុរី៖ អាជ្ញាធរដឹកជញ្ជូនផ្លូវគោកសិង្ហបុរី (LTA) បានប្រកាសពង្រឹងបទប្បញ្ញត្តិសុវត្ថិភាព និងអនាម័យលើរថយន្តក្រុងសាធារណៈ ដោយកំណត់ការផាកពិន័យរហូតដល់ ៥០០ ដុល្លារសិង្ហបុរី (ជិត ៤០០ ដុល្លារអាម៉េរិក) ចំពោះអ្នកដំណើរដែលបរិភោគអាហារ ឬដាក់ជើងលើកៅអី។ លើសពីនេះ ច្បាប់នេះថែមទាំងចាត់វិធានការក្តៅគគុកដោយកំណត់ប្រាក់ពិន័យអតិបរមារហូតដល់ ៥,០០០ ដុល្លារសិង្ហបុរី (ប្រមាណ ៣,៩០០ ដុល្លារអាម៉េរិក) ចំពោះអំពើ «ធ្វើឱ្យកខ្វក់» ធ្ងន់ធ្ងរ ឬបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ដែលរួមមានការធ្វើឱ្យប្រឡាក់ដោយសារធាតុរាវរាងកាយ (ក្អួត នោម ស្តោះទឹកមាត់) អាហារ ភក់ ឬប្រេងខាញ់ជាដើម។
វិធានការថ្មីនេះធ្វើឡើងដើម្បីតម្រឹមបទប្បញ្ញត្តិលើរថយន្តក្រុងឱ្យស្របគ្នានឹងប្រព័ន្ធរថភ្លើងក្រោមដី (MRT) ក្នុងគោលបំណងបង្កើតបរិយាកាសដឹកជញ្ជូនសាធារណៈដែលមានសុវត្ថិភាព និងអនាម័យខ្ពស់។ ទោះជាយ៉ាងណា អាជ្ញាធរបានបញ្ជាក់ថា មន្ត្រីអនុវត្តច្បាប់នឹងប្រើប្រាស់ «ការពិចារណាដោយសមហេតុផល និងយុត្តិធម៌» ជាពិសេសចំពោះអ្នកដំណើរដែលមានបញ្ហាសុខភាពរាងកាយ ឬផ្លូវចិត្ត។ ការរឹតបន្តឹងនេះបានឆ្លុះបញ្ចាំងកាន់តែច្បាស់ពីប្រវត្តិអនុវត្តច្បាប់ដ៏តឹងរ៉ឹងរបស់សិង្ហបុរី ដូចជាការហាមឃាត់ស្ករកៅស៊ូតាំងពីឆ្នាំ ១៩៩២ ជាដើម រហូតទទួលបានរហស្សនាមល្បីល្បាញលើពិភពលោកថា «ទីក្រុងនៃការពិន័យជាប្រាក់» (Fine City)៕