ចិន៖ ប្រធានាធីបតីចិនលោក ស៊ី ជិនពីង ជំរុញឱ្យលោក ត្រាំ ដោះស្រាយបញ្ហាតៃវ៉ាន់ដោយប្រុងប្រយ័ត្ន និងជ្រើសរើសជំហរត្រឹមត្រូវ មេដឹកនាំចិន លោកក៏បានបញ្ជាក់ប្រាប់សហរដ្ឋអាម៉េរិកត្រូវតែប្រឆាំង ជាផ្លូវការចំពោះឯករាជ្យភាពរបស់កោះតៃវ៉ាន់។ នេះគឺជាការអំពាវនាវដ៏ច្បាស់លាស់បំផុតមួយរបស់លោក ដែលស្នើឱ្យប្រធានាធិបតីអាម៉េរិកផ្លាស់ប្តូរជំហររបស់ទីក្រុងវ៉ាស៊ីនតោនចំពោះទីក្រុងតៃប៉ិ។ ការលើកឡើងរបស់លោក ស៊ី នេះធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំកំពូលនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ក្នុងពិធីលៀងសាយភោជន៍ផ្លូវការដ៏អធិកអធមនៅទីក្រុងវ៉ាស៊ីនតោនដែលមានការចូលរួមពីមហាសេដ្ឋីអាម៉េរិក ក៏ដូចជាអ្នកជំនួញ និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូប។
បើតាមលោក ស៊ីជិនពីង «ប្រទេសចិនសង្ឃឹមថា ភាគីអាម៉េរិកនឹងប្រកាន់ខ្ជាប់នូវជំហរត្រឹមត្រូវក្នុងការប្រឆាំងនឹង ឯករាជ្យភាពរបស់តៃវ៉ាន់ និងដោះស្រាយបញ្ហាតៃវ៉ាន់ដោយប្រុងប្រយ័ត្ន ដើម្បីកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រទ្វេភាគី និងការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងអាម៉េរិកឲ្យបានកាន់តែប្រសើរថែមទៀត។ លោកសង្គត់ធ្ងន់ទៀតថាជំហររបស់ចិនក្នុងការការពារឯកភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន គឺច្បាស់លាស់បំផុត។
លោកប្រធានាធិបតីក៏បានរម្លឹកថាអំពី បច្ចេកវិទ្យា AI ត្រូវតែស្ថិតក្រោម ការគ្រប់គ្រងរបស់មនុស្ស ហើយប្រទេសទាំងពីរត្រូវធ្វើខ្លួនជា មហាអំណាចដែលមានការទទួលខុសត្រូវលើកម្មវិធី AI ។
គួររម្លឹកថាប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ បានទទួលស្វាគមន៍ប្រធានាធិបតីចិន លោក Xi Jinping យ៉ាងអធិកអធមនៅក្នុងពិធីលៀងសាយភោជន៍ផ្លូវរដ្ឋនៅសេតវិមាន ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ ថ្ងៃ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំចិនមកកាន់សហរដ្ឋអាម៉េរិកក្នុងរយៈពេលជិត ៣ ឆ្នាំ។ ទោះជាយ៉ាងណា ទោះបីជាមានការផ្លាស់ប្តូរសារ និងមេត្រីភាពប្រកបដោយភាពស្និទ្ធស្នាលក៏ដោយ ក៏ជំនួបនេះមិនទាន់បង្ហាញពីវឌ្ឍនភាពធំដុំលើបញ្ហាតានតឹងសំខាន់ៗរវាងមហាអំណាចទាំងពីរនៅឡើយទេ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងយ៉ាងផ្ចិតផ្ចង់ដោយស្ត្រីទីមួយ Melania Trump ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា និងធនាគារកំពូលៗរបស់អាម៉េរិកជាច្រើនរូប រួមមាន លោក Elon Musk, Tim Cook, Jensen Huang, Sam Altman និង Sundar Pichai ជាដើម។
នៅក្នុងពិធីនោះ លោក Trump បានផ្តល់អំណោយជា រូបសំណាក «ឥន្ទ្រីក្បាលស» ដែលជានិមិត្តរូបនៃសេរីភាពអាមេរិក ជូនដល់លោក Xi ខណៈដែលប្រធានាធិបតីចិនរូបនេះ បានប្រកាសផ្តល់អំណោយវិញនូវ សត្វខ្លាឃ្មុំផេនដាចំនួន ២ ក្បាលទៅកាន់សួនសត្វនៅទីក្រុង Atlanta ព្រមទាំងអាហារូបករណ៍សម្រាប់និស្សិតអាម៉េរិក ១០០,០០០ នាក់ទៅសិក្សានៅប្រទេសចិន។ នៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ច មេដឹកនាំទាំងពីរបានអញ្ជើញទៅទស្សនាបណ្ណសារជាតិសហរដ្ឋអាម៉េរិក (National Archives) រួមគ្នា។ លោក Xi Jinping បានបញ្ជាក់ថា លោក និងលោក Trump កំពុងកំណត់ទិសដៅសម្រាប់ការផ្លាស់ប្តូរដ៏សំខាន់ក្នុងទំនាក់ទំនងទ្វេភាគី ហើយលកទាំងពីរនឹងជួបគ្នាចំនួន ២ លើកទៀតមុនដាច់ឆ្នាំនេះ គឺនៅក្នុងកិច្ចប្រជុំកំពូល APEC នៅទីក្រុង Shenzhen ប្រទេសចិន និងកិច្ចប្រជុំ G20 នៅរដ្ឋ Florida នាខែវិច្ឆិកាខាងមុខ៕