Swift cc time

ជំនួបកំពូលអាម៉េរិក-ចិន៖ ទោះខ្វែងគំនិតលើរឿងអ៊ីរ៉ង់ និងតៃវ៉ាន់ លោក ត្រាំ និងលោក ស៊ី ជិនពីង បន្តប្តេជ្ញារក្សាទំនាក់ទំនងល្អជាងមុន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វ៉ាស៊ីនតោន៖ ក្នុងជំនួបថ្ងៃទីពីរនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃនៅសហរដ្ឋអាម៉េរិក ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានខិតខំកាត់បន្ថយភាពតានតឹងរវាងមហាអំណាចទាំងពីរ ដោយផ្តោតលើការរក្សាស្ថិរភាពទំនាក់ទំនង និងការពង្រឹងចំណងមិត្តភាពផ្ទាល់ខ្លួន បើទោះបីជាភាពខុសគ្នាយុទ្ធសាស្ត្រលើបញ្ហាសង្គ្រាមនៅអ៊ីរ៉ង់ សន្តិសុខកោះតៃវ៉ាន់ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងពាណិជ្ជកម្មនៅតែបន្តកើតមាន។

ក្នុងអំឡុងជំនួបនៅសេតវិមាន លោក ដូណាល់ ត្រាំ បានកោតសរសើរចំពោះលទ្ធផលនៃកិច្ចប្រជុំ ដោយលើកឡើងពី «មិត្តភាពដ៏ពិតប្រាកដ» ដែលផ្អែកលើការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍ជាតិ។ ដោយឡែក លោក ស៊ី ជិនពីង បានអំពាវនាវឱ្យប្រទេសទាំងពីររួមគ្នាចៀសវាងទ្រឹស្តី «បណ្តាសាធូស៊ីឌីឌេស» (Thucydides Trap) ដោយផ្លាស់ប្តូរពីការប្រកួតប្រជែងបែប «ចាញ់-ឈ្នះ» មកជាការប្រកួតប្រជែងដោយសុខដុមរមនាក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។

យោងតាមប្រភពព័ត៌មានAl Jazeera កិច្ចពិភាក្សានេះមិនទាន់សម្រេចបានរបកគំហើញថ្មីជុំវិញសង្គ្រាមនៅអ៊ីរ៉ង់ ដែលកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃថាមពលពិភពលោកនៅឡើយទេ។ លោក ស៊ី ក៏បានជំរុញឱ្យសហរដ្ឋអាម៉េរិកប្រកាន់ជំហរប្រុងប្រយ័ត្នខ្ពស់លើបញ្ហាកោះតៃវ៉ាន់ និងចៀសវាងការគាំទ្រដល់ការប្រកាសឯករាជ្យរបស់កោះនេះ។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះបានទាក់ទាញប្រតិកម្មចម្រុះពីសមាជិកសភាអាម៉េរិក ដោយសមាជិកសភាមួយចំនួនបានរិះគន់ថា ការទទួលស្វាគមន៍យ៉ាងអធិកអធមបែបនេះ គឺជាការលើកតម្កើងគូប្រជែងយុទ្ធសាស្ត្រខ្លាំងពេក ខណៈសមាជិកសភាផ្សេងទៀតបានសម្តែងការគាំទ្រ ដោយលើកឡើងថា កិច្ចការទូតគឺជាផ្លូវដ៏ល្អបំផុតក្នុងការទប់ស្កាត់ជម្លោះដែលអាចបង្កហានិភ័យធ្ងន់ធ្ងរ៕

Khcct banner

អត្ថបទទាក់ទង