វ៉ាស៊ីនតោន៖ ចៅក្រមសហព័ន្ធអាម៉េរិកលោក Timothy Kelly នៃតុលាការប្រចាំតំបន់ District of Columbia បានចេញដីកាបញ្ជាឱ្យរដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ត្រាំ អនុញ្ញាតឱ្យស្ថាប័នព័ត៌មានធំៗចំនួនបី រួមមាន CNN, MSNBC និង Politico ទទួលបានប័ណ្ណអនុញ្ញាតចូលយកព័ត៌មាននៅក្នុងសេតវិមានឡើងវិញជាបណ្តោះអាសន្នរយៈពេល ១៤ ថ្ងៃ បន្ទាប់ពីតុលាការបានរកឃើញថា ការហាមឃាត់នោះទំនងជាបានរំលោភលើសិទ្ធិទទួលបាននីតិវិធីត្រឹមត្រូវតាមច្បាប់រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាម៉េរិក។ ការសម្រេចនេះបានធ្វើឡើងបន្ទាប់ពីស្ថាប័នព័ត៌មានទាំងបីបានដាក់ពាក្យប្តឹងតវ៉ាប្រឆាំងនឹងការដកហូតប័ណ្ណអនុញ្ញាតចូលសេតវិមានរបស់អ្នកសារព័ត៌មានរបស់ពួកគេ។
ក្នុងដំណើរការក្តី រដ្ឋបាលលោក ត្រាំ បានការពារសកម្មភាពរបស់ខ្លួនដោយចោទប្រកាន់ស្ថាប័នទាំងនោះថាបានផ្សព្វផ្សាយព័ត៌មានមិនពិត និងបង្កការគំរាមកំហែងដល់សន្តិសុខជាតិ ដោយលើកឡើងពីអត្ថបទមួយចំនួនជុំវិញការសាងសង់សាលថ្មីនៅសេតវិមានជាដើម។ ចៅក្រមសហព័ន្ធលោក Kelly បានបដិសេធការលើកឡើងនេះ ដោយគូសបញ្ជាក់ថា គ្មានភស្តុតាងណាមួយគាំទ្រថាការផ្តល់ប័ណ្ណចូលសេតវិមានវិញនឹងប៉ះពាល់ដល់សន្តិសុខជាតិនោះទេ ហើយអត្ថបទដែលសេតវិមានមិនពេញចិត្តភាគច្រើនត្រូវបានសរសេរដោយអ្នកសារព័ត៌មានដែលមិនបានកាន់ប័ណ្ណចូលនោះឡើយ។
គួររម្លឹកថា វិធានការហាមឃាត់របស់សេតវិមានកន្លងមក បានបង្កឱ្យមានរលកនៃការតវ៉ាយ៉ាងខ្លាំងពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ ដោយបណ្តាញទូរទស្សន៍ធំៗបានរួមគ្នាតវ៉ាដោយដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការចែករំលែកព័ត៌មាន (pool duties) ខណៈដែលស្ថាប័នព័ត៌មានចំនួន ៤៩ ផ្សេងទៀត រួមមាន CBS News, The New York Times និង Fox News បានរួមគ្នាស្នើសុំអន្តរាគមន៍ផ្លូវច្បាប់ដើម្បីគាំទ្រដើមចោទ។ លោក ត្រាំ តែងតែមានជម្លោះ និងរិះគន់ប្រព័ន្ធផ្សព្វផ្សាយជាញឹកញាប់ ហើយរដ្ឋបាលរបស់លោកក៏បានដាក់ពាក្យប្តឹងស្ថាប័នព័ត៌មានជាច្រើនទៀតដូចជា The New York Times, The Wall Street Journal និង BBC ដែលបណ្តឹងខ្លះបានបញ្ចប់ដោយការសងសំណងរាប់លានដុល្លារ ខណៈបណ្តឹងប្រឆាំងនឹង BBC កំពុងបន្តដំណើរការនៅឡើយ៕