អាហ្វ្រិកខាងត្បូង ៖ មនុស្សយ៉ាងហោចណាស់ ១១ នាក់បានបាត់បង់ជីវិត និង ៣ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍បាញ់ប្រហារយ៉ាងរន្ធត់មួយ កាលពីយប់ថ្ងៃអង្គារ ទី២២ ខែកញ្ញា ក្នុងអំឡុងពេលមានពិធីជប់លៀងតាមផ្ទះ នៅតំបន់ KwaMakhutha ភាគខាងត្បូងទីក្រុង Durban ខេត្ត KwaZulu-Natal ប្រទេសអាហ្វ្រិកខាងត្បូង។
យោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរប៉ូលិសនៅលើបណ្តាញសង្គម X បានឱ្យដឹងថា ខ្មាន់កាំភ្លើងប្រដាប់ដោយអាវុធចំនួន ៣ នាក់ បានបើកការបាញ់ប្រហារប្រហារទៅលើក្រុមភ្ញៀវដែលកំពុងជួបជុំគ្នា ដែលរួមមានស្ត្រីមានផ្ទៃពោះម្នាក់ និងបុរស ១៣ នាក់ទៀត។ ការប្រហារនេះបានបណ្តាលឱ្យជនរងគ្រោះចំនួន ១០ នាក់ (រួមទាំងស្ត្រីមានផ្ទៃពោះ) ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ខណៈ ៤ នាក់ទៀតត្រូវបានប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយជនរងគ្រោះម្នាក់បានបាត់បង់ជីវិតបន្ថែមទៀតដោយសារមុខរបួសធ្ងន់ធ្ងរ។
ប៉ូលីសក្នុងតំបន់នៅមិនទាន់បានបញ្ជាក់មូលហេតុពិតប្រាកដនៃការបាញ់ប្រហារនេះគ្រាន់តែដាក់ការសង្ស័យថាអាចកើតពីជម្លោះរវាងក្រុមឧក្រិដ្ឋជនគូប្រជែងជាមួយគ្នា។អាជ្ញាធរក៏បានបង្ហើបផងដែរថា ជនរងគ្រោះមួយចំនួនក្នុងហេតុការណ៍នេះ ធ្លាប់មានឈ្មោះក្នុងបញ្ជីតាមដានរបស់ផ្នែកស៊ើបការណ៍ឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់រួច។បច្ចុប្បន្ន កងកម្លាំងមានសមត្ថកិច្ចបានចាប់ផ្តើមប្រតិបត្តិការទ្រង់ទ្រាយធំដើមស្វែងរក និងតាមចាប់ខ្លួនជនសង្ស័យទាំង ៣ នាក់មកផ្តន្ទាទោសតាមច្បាប់។
គួរបញ្ជាក់ថា ប្រទេសអាហ្វ្រិកខាងត្បូងគឺជាប្រទេសដែលមានអត្រាឃាតកម្មខ្ពស់បំផុតមួយក្នុងពិភពលោក ដោយមានករណីឃាតកម្មជាមធ្យមប្រហែល ៦០ ករណីក្នុងមួយថ្ងៃ ហើយបញ្ហាឧក្រិដ្ឋកម្មហិង្សានេះ កំពុងក្លាយជាកង្វល់ដ៏ក្តៅគគុកសម្រាប់ប្រជាពលរដ្ឋ មុនពេលការបោះឆ្នោតថ្នាក់ក្រុងចូលមកដល់នាខែវិច្ឆិកាខាងមុខ៕