ភ្នំពេញ៖ ក្នុងសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អ្នកតំណាងប្រចាំតំបន់នៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) លោកស្រី Delphine Schantz បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់ការដឹកនាំផ្ទាល់ក្នុងការរៀបចំការជួបជុំដ៏មានសារៈសំខាន់នេះ។ ព្រឹត្តិការណ៍នេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងអាទិភាពរួមរបស់បណ្តាប្រទេស និងដៃគូពាក់ព័ន្ធទាំងអស់។
ថ្លែងក្នុងសន្និសីទ លោកស្រី Delphine Schantz បានគូសបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធអនឡាញ គឺជាឧក្រិដ្ឋកម្មឆ្លងដែនដែលកំពុងគំរាមកំហែងដល់ប្រជាពលរដ្ឋគ្រប់ទិសទី ប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងបំផ្លាញជំនឿទុកចិត្តលើស្ថាប័នសាធារណៈ។ វាក៏បានក្លាយជាប្រភពចំណូលដ៏មហិមារបស់ក្រុមឧក្រិដ្ឋជនចាត់តាំង ដែលតាមការប៉ាន់ប្រមាណ បណ្តាលឱ្យមានការខាតបង់ទឹកប្រាក់រហូតដល់ ១១៤ ប៊ីលានដុល្លារអាម៉េរិកក្នុងមួយឆ្នាំៗ នៅតំបន់អាស៊ីខាងកើត អាស៊ីអាគ្នេយ៍ អូស្ត្រាលី និងញូវហ្សេឡង់។
លោកស្រីបានកត់សម្គាល់ដោយក្តីសង្ឃឹមចំពោះកិច្ចខិតខំប្រឹងប្រែងកាន់តែសកម្មនៅក្នុងតំបន់ ជាពិសេសនៅកម្ពុជា តាមរយៈការបង្កើតគណៈកម្មាធិការអន្តរក្រសួង និងការបង្កើនប្រតិបត្តិការបង្ក្រាបនាពេលកន្លងមក ដែលជាសញ្ញាវិជ្ជមានបង្ហាញពីភាពបើកចំហក្នុងការសហការ។
ដើម្បីឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាព តំណាង UNODC បានស្នើឡើងនូវវិស័យអាទិភាពចំនួន ៥ រួមមាន៖ ការយល់ដឹងរួមគ្នាអំពីនិន្នាការ និងការប្រែប្រួលនៃឧក្រិដ្ឋកម្ម ការពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងសមត្ថភាពប្រមូលភស្តុតាងឌីជីថល (ផ្អែកលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីបទល្មើសសាយប័រ)។ ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និងមជ្ឈមណ្ឌលប្រឆាំងការឆបោក ការបង្កើនកិច្ចសហការជាមួយវិស័យឯកជន ជាពិសេសបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) និងបណ្តាញសង្គម និង ការសិក្សាពីប្រភពចំណេញ ដើម្បីកាត់ផ្តាច់ប្រព័ន្ធអេកូឡូស៊ីនៃក្រុមឧក្រិដ្ឋជន។
ជាចុងក្រោយ លោកស្រីបានបញ្ជាក់ថា សន្និសីទនេះគឺជាជំហានដ៏សំខាន់ក្នុងការប្រែក្លាយការប្តេជ្ញាចិត្តទៅជាសកម្មភាពជាក់ស្តែង និងមានចីរភាព ដោយ UNODC នៅតែបន្តប្រឈម និងប្រឈរមុខជួយគាំទ្រដល់កម្ពុជា ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់យ៉ាងមុតមាំជានិច្ច៕