ភ្នំពេញ៖ អង្គការក្លាហាន កំពុងរៀបចំការប្រកួតវីដេអូខ្នាតខ្លី ក្រោមប្រធានបទ “ អំពើហិង្សាទាក់ទងនឹងយេនឌ័រដែលសម្របសម្រួលដោយបច្ចេកវិទ្យា-TFGBV”។ ការប្រកួតនេះ ធ្វើឡើងដើម្បីឆ្លុះបញ្ចាំងចំណេះដឹងសង្គមទាក់ទងនឹង TFGBV និងជំរុញការផ្លាស់ប្តូរទស្សនៈ និងនិទានកថា ស្តីពីសុវត្ថិភាពឌីជីថល សមភាពយេនឌ័រ និងសិទ្ធិស្ត្រីនៅក្នុងលំហរឌីជីថល ព្រមទាំងបង្កើតវេទិកាសុវត្ថិភាពដល់យុវជន ដែលមានអត្តសញ្ញាណចម្រុះអាចប្រើប្រាស់គំនិតច្នៃប្រឌិត ដើម្បីបង្កើតភាពវិជ្ជមាននៅក្នុងសង្គម។
យោងតាមគេហទំព័រផ្លូវការរបស់អង្គការក្លាហាន ឱកាសនេះបើកជូនសម្រាប់យុវជនដែលមានអាយុពី១៨ ទៅ២៩ឆ្នាំ និងមានសមាជិកក្រុមចាប់ពីរ ២នាក់ ទៅ ៤នាក់ ហើយមាន ៥០ភាគរយជាស្រ្តី។ ក្រុមនីមួយៗអាចប្រើប្រាស់ទូរស័ព្ទ ឬម៉ាស៊ីនថត។ រីឯ វីដេអូត្រូវមានរយៈពេលយ៉ាងយូរ ២ទៅ ៥នាទី ហើយត្រូវទាក់ទងនឹងប្រធានបទដែលផ្តល់ឱ្យ និងមិនមានការប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ឬសកម្មភាពមាក់ងាយ និងរើសអើងលើយេនឌ័រណាមួយឡើយ។
បើតាមប្រភពដដែល ក្រុមជាម្ចាស់ជ័យលាភីលេខមួយ នឹងទទួលបានថវិកា ៨០០ដុល្លារ លេខពីរ ៦០០ដុល្លារ លេខបី ៤០០ដុល្លារ និងចុងក្រោយ លេខបួន និងលេខប្រាំ ២០០ដុល្លារ។ ជាមួយគ្នានេះ ក្រុមដែលបានជ្រើសរើស ៥ក្រុមចុងក្រោយក៏នឹងទទួលបានការអញ្ញើញឱ្យចូលរួមក្នុងសិក្ខាសាលាតម្រង់ទិស អំពី TFGBV និងការណែនាំអំពីគំនិតនៃការបង្កើតវីដេអូអំពីក្រុមការងារអង្គការក្លាហានផងដែរ។
គួរបញ្ជាក់ថា បេក្ខជនអាចអានព័ត៌មានបន្ថែម និងដាក់ពាក្យតាមរយៈ Link ឱ្យបានត្រឹមថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦៕