Swift cc time

និស្សិតកម្ពុជា ១០០នាក់ ចេញដំណើរទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសវៀតណាម

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/
ប្រភព៖ MoEYS Cambodia

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំនិស្សិត ១០០នាក់ ដែលទទួលបានអាហារូបករណ៍ពីក្រសួងអប់រំ និងបណ្ដុះបណ្ដាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមរយៈអនុស្សរណៈនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការអប់រំ រវាងក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងបណ្ដុះបណ្ដាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅបន្តការសិក្សានៅសាលាភាសាមិត្តភាព T80 នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ប្រភព៖ MoEYS Cambodia

យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងអប់រំ បានឱ្យដឹងថា ការចេញដំណើរទៅបន្តការសិក្សានេះ ត្រូវបានដឹកនាំដោយលោក ជួន ជីវិន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយ លោក ជ័យ សារិន អនុរដ្ឋលេខាធិការ និងលោកហុង គីមជាង អនុរដ្ឋលេខាធិការ ព្រមទាំងមន្ត្រីជំនាញនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន។ ក្រៅពីការដឹកនាំនិស្សិតទៅបន្តការសិក្សា ពួកគាត់ក៏នឹងទៅទស្សនកិច្ចកន្លែងស្នាក់នៅ រៀនសូត្ររបស់និស្សិតកម្ពុជា និងជួបជាមួយថ្នាក់ដឹកនាំក្រសួងអប់រំ និងបណ្ដុះបណ្ដាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងផែនការបណ្ដុះបណ្ដាលនិស្សិតកម្ពុជានៅឆ្នាំបន្តបន្ទាប់ទៀត។

ប្រភព៖ MoEYS Cambodia

គួរបញ្ជាក់ថា ក្នុងចំណោមនិស្សិតទាំង ១០០នាក់ ដែលមាននិស្សិតស្រី ៤១នាក់ បានឆ្លងកាត់ការប្រឡងជ្រើសរើសដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដោយមានការសម្របសម្រួលពីនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសដៃគូ៕

Khcct banner

អត្ថបទទាក់ទង