ថៃ៖ បុរសជនជាតិចិនហុងកុងម្នាក់ អាយុ ២៦ឆ្នាំ ត្រូវបានចាប់ខ្លួន ហើយប៉ូលិសបានរឹបអូសថ្នាំញៀនប្រភេទគ្រីស្តាល់មេតំហ្វេតាមីន ឬហៅថា «ទឹកកក» (Ice) ទម្ងន់ ៣៥០គីឡូក្រាម ដែលមានតម្លៃប្រហែល ៧០០លានបាត នៅឯផ្ទះមួយកន្លែងក្នុងខណ្ឌ Min Buri ទីក្រុងបាងកក កាលពីយប់ថ្ងៃចន្ទ។ ប្រធានផ្នែកបង្ក្រាបបទល្មើស (Crime Suppression Division) បានឱ្យដឹងថា លោក Huang Yuguan ត្រូវបានចាប់ខ្លួននៅផ្ទះលេខ ១៩៩/៣៣៥ លើផ្លូវ Rom Klao 11។ ប៉ូលិសបានចាត់វិធានការបន្ទាប់ពីទទួលបានព័ត៌មានថា មានក្រុមឧក្រិដ្ឋជនហុងកុងមួយក្រុមបានប្រើប្រាស់ផ្ទះនោះជាទីតាំងសម្រាប់ស្តុកទុកថ្នាំញៀន មុននឹងលួចដឹកជញ្ជូនបន្តទៅកាន់ប្រទេសទីបី។
បើតាមប៉ូលីសថៃ ថ្នាំញៀនប្រភេទគ្រីស្តាល់ដែលត្រូវបានរឹបអូសនោះ គឺដាក់នៅក្នុងធុងជ័រចំនួនបី។ លើសពីនេះ ប៉ូលិសក៏បានរឹបអូសថង់ជ័រ ប្រអប់ក្រដាស ជញ្ជីងឌីជីថល ម៉ាស៊ីនកិន ឧបករណ៍ផ្សាភ្ជាប់មាត់ថង់ វ៉ាលី និងធុងជ័រផ្សេងៗទៀតដែលបានរកឃើញនៅក្នុងផ្ទះនោះផងដែរ។ ថ្នាំញៀនដែលត្រូវបានរឹបអូសនោះមានតម្លៃប៉ាន់ស្មានប្រហែល ៧០០លានបាត (២១លានដុល្លារ)។
ប៉ូលីសបន្ថែមទៀតថាជនសង្ស័យរូបនេះបានធ្វើដំណើរមកដល់ទីក្រុងបាងកកក្នុងនាមជាភ្ញៀវទេសចរពីទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី ១៤ ខែកញ្ញា។ បក្ខពួករបស់គេបានបើកផ្ទះនោះឱ្យគេស្នាក់នៅ ហើយគេត្រូវបានចោទប្រកាន់ថាមានតួនាទីវេចខ្ចប់ថ្នាំញៀនដើម្បីដឹកជញ្ជូនបន្ត។ ជនសង្ស័យត្រូវបានគេរាយការណ៍ថាបានសារភាពថា គេទទួលបានប្រាក់ឈ្នួលចំនួន ២០,០០០ដុល្លារហុងកុង (ប្រហែល ៨៥,០០០បាត) សម្រាប់ការងារនេះ (២៥០០ដុល្លារ)៕