រុស្ស៊ី៖ គណបក្ស «United Russia» (រុស្ស៊ីរួបរួម) របស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានទទួលជ័យជម្នះដោយសំឡេងគាំទ្រលើសលប់ជាកំណត់ត្រា នៅក្នុងការបោះឆ្នោតសភាដែលត្រូវបានរៀបចំឡើងយ៉ាងតឹងរ៉ឹង និងមិនមានវត្តមានគណបក្សប្រឆាំងពិតប្រាកដឡើយ។ លទ្ធផលផ្លូវការស្ទើរតែទាំងស្រុងបានបង្ហាញថាគណបក្ស «United Russia» (រុស្ស៊ីរួបរួម) បានទទួលសម្លេងឆ្នោតភ្លូកទឹកភ្លូកដី។ជាមួយនឹងសំឡេងគាំទ្រជាង ៥៨ ភាគរយ គណបក្ស United Russia ដែលបានគ្រប់គ្រងឆាកនយោបាយរុស្ស៊ីអស់រយៈពេល ២៥ ឆ្នាំមកហើយនោះ ត្រូវបានគេរំពឹងថានឹងទទួលបានអាសនៈជាងបីភាគបួននៅក្នុងសភាជាន់ទាប (State Duma)។ នេះបើយោងតាមលទ្ធផលដែលបានប្រកាសកាលពីថ្ងៃចន្ទ បន្ទាប់ពីការបោះឆ្នោតរយៈពេលបីថ្ងៃបានបញ្ចប់ទៅកាលពីថ្ងៃអាទិត្យ។
បើតាមលោក Dmitry Medvedenko មកពីបណ្តាញព័ត៌មាន Al Jazeera បាននិយាយថា លទ្ធផលនេះ រួមជាមួយនឹងអត្រាអ្នកចេញទៅបោះឆ្នោតខ្ពស់ជិត ៦០ ភាគរយ ទំនងជានឹងត្រូវបានទីក្រុងមូស្គូមើលឃើញថាជាការបង្កើនទំនុកចិត្ត និងជាការបង្ហាញពីការគាំទ្ររបស់សាធារណជនចំពោះសកម្មភាពរបស់ខ្លួន ជាពិសេសសកម្មភាពនៅក្នុងប្រទេសអ៊ុយក្រែនសម្រាប់ការបន្តសង្គ្រាម។
ចំណែកលោកស្រី Ella Pamfilova ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតកណ្តាល បាននិយាយថា គណបក្ស Yabloko ដែលជាគណបក្សប្រឆាំងសង្គ្រាមតែមួយគត់ដែលបានចុះបញ្ជីនៅក្នុងប្រទេសរុស្ស៊ី មិនទទួលបានអាសនៈណាមួយនៅថ្នាក់ជាតិឡើយ។ គណបក្សនេះត្រូវបានដកចេញពីបញ្ជីឈ្មោះបោះឆ្នោតកាលពីខែមុនដោយតុលាការកំពូលរបស់រុស្ស៊ី ហើយមានបេក្ខជនតែប៉ុន្មានសិបនាក់ប៉ុណ្ណោះដែលបានឈរឈ្មោះប្រកួតប្រជែងយកអាសនៈតែមួយ។
លោកស្រីថាគណបក្ស Yabloko បានទទួលជោគជ័យក្នុងការចូលទៅក្នុងសភាតំបន់ Novgorod នៅភាគខាងលិចប្រទេសរុស្ស៊ី។ គណបក្សនេះបានប្រកាសនៅលើបណ្តាញសង្គមថា ខ្លួនទទួលបានសំឡេងគាំទ្រប្រហែល ១២,០០០ សំឡេង ដែលស្មើនឹងជាង ៦ ភាគរយនៃសំឡេងសរុប និងគ្រប់គ្រាន់ដើម្បីចូលទៅក្នុងស្ថាប័ននីតិប្បញ្ញត្តិតំបន់។
គួររម្លឹកថាការបោះឆ្នោតនេះគឺជាការបោះឆ្នោតសភាលើកដំបូងចាប់តាំងពីកងកម្លាំងរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ ២០២២ និងជាលើកដំបូងដែលមានការចូលរួមពីប្រជាពលរដ្ឋនៅក្នុងតំបន់ចំនួនបួនរបស់អ៊ុយក្រែន ដែលត្រូវបានទីក្រុងមូស្គូដណ្តើមកាន់កាប់ និងបញ្ចូលជាទឹកដីរបស់ខ្លួនដោយខុសច្បាប់នៅឆ្នាំដដែលនោះ៕