Swift cc time

ក្រសួងមហាផ្ទៃ នឹងជ្រើសរើសបេក្ខជនជំនាញបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មានវិទ្យា និងឌីជីថល ១៥០នាក់ ឱ្យបម្រើការក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានប្រកាសនឹងជ្រើសរើសបេក្ខជនជំនាញបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មានវិទ្យា និងឌីជីថល ចំនួន ១៥០នាក់ ឱ្យបម្រើការក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ។ ក្រសួងនឹងចាប់ផ្តើមផ្តល់ពាក្យសម្រាប់ប្រឡង ចាប់ពីថ្ងៃទី២៨ កញ្ញា ខាងមុននេះតទៅ។

ក្រសួងមហាផ្ទៃ នឹងជ្រើសរើសបេក្ខជនជំនាញបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មានវិទ្យា និងឌីជីថល ចំនួន ១៥០នាក់ សម្រាប់បម្រើការងារនៅអង្គភាពចំណុះក្រសួងមហាផ្ទៃ រួមមាន៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន ៤៨នាក់ ស្រី ១៤នាក់, អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ ចំនួន ៤៥នាក់ ស្រី ១២នាក់, បណ្ឌិត្យសភានគរបាលកម្ពុជា ចំនួន ១០នាក់ ស្រី ៣នាក់, អគ្គនាយកដ្ឋានធនធានមនុស្ស ចំនួន ៧នាក់ ស្រី ២នាក់, អគ្គលេខាធិការដ្ឋាន ចំនួន ៥នាក់ ស្រី ១នាក់, អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ចំនួន ៥នាក់ ស្រី ១នាក់, អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចំនួន ៥នាក់ ស្រី ១នាក់, អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចំនួន ៥នាក់ ស្រី ១នាក់, អគ្គាធិការដ្ឋាន ចំនួន ៥នាក់ ស្រី ១នាក់, អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ចំនួន ៥នាក់ ស្រី ១នាក់, ក្រុមប្រឹក្សានីតិកម្ម ចំនួន ៥នាក់ ស្រី ១នាក់ និងអគ្គនាយកដ្ឋានពន្ធនាគារ ចំនួន ៥នាក់ ស្រី ១នាក់។

លក្ខខណ្ឌនៃការជ្រើសរើស រួមមាន៖ បេក្ខជនទាំងពីរភេទ មានសញ្ជាតិខ្មែរ ត្រូវមានទីលំនៅអចិន្ត្រៃយ៍ច្បាស់លាស់ និងមានជីវប្រវត្តិច្បាស់លាស់ មានកិរិយាមារយាទល្អ និងពុំធ្លាប់មានពិរុទ្ធភាពកន្លងមក។ បេក្ចជនត្រូវមានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ (ឆ្លងកាត់ការត្រួតពិនិត្យភ្នែក ត្រចៀក ច្រមុះ មាត់ បេះដូង ថ្លើម សួត ក្រុមឈាម តេស្តរកសារធាតុញៀន និងគ្មានជំងឺប្រចាំកាយ) មិនមានស្លាកស្នាមរបួស ឬស្លាកស្នាមសាក់។

សម្រាប់ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ បុរសមានកម្ពស់ ១,៧០ម៉ែត្រឡើង នារីមានកម្ពស់ ១,៦៥ម៉ែត្រឡើង និងមានទម្ងន់សមាមាត្រ នឹងកម្ពស់ មានសញ្ញាបត្របរិញ្ញាបត្រទាក់ទងនឹងជំនាញបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មានវិទ្យា និងឌីជីថល និងមានអាយុយ៉ាងច្រើនត្រឹម ៣០ឆ្នាំ គិតត្រឹមថ្ងៃប្រឡង និងសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ មានអាយុយ៉ាងច្រើនត្រឹម ៣៥ឆ្នាំ គិតត្រឹមថ្ងៃប្រឡង។

ចំណែកក្របខ័ណ្ឌមន្ត្រីពន្ធនាគារ បុរសមានកម្ពស់ ១,៦៧ម៉ែត្រឡើង នារីមានកម្ពស់ ១,៥៧ម៉ែត្រឡើង និងមានទម្ងន់សមាមាត្រ នឹងកម្ពស់ មានសញ្ញាបត្របរិញ្ញាបត្រទាក់ទងនឹងជំនាញបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មានវិទ្យា និងឌីជីថល និងមានអាយុយ៉ាងច្រើនត្រឹម ៣៥ឆ្នាំ គិតត្រឹមថ្ងៃប្រឡង និងមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ មានអាយុយ៉ាងច្រើនត្រឹម ៤០ឆ្នាំ គិតត្រឹមថ្ងៃប្រឡង។

បេក្ខជនត្រូវមានឯកសាររួមមាន៖ បង្កាន់ដៃស្នើសុំពាក្យ ដែលបានស្នើសុំតាមប្រព័ន្ធបច្ចេកវិទ្យា សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ច្បាប់ដើមនិងថតចម្លង) សញ្ញាបត្របរិញ្ញាបត្រ (ច្បាប់ដើមនិងថតចម្លង) សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ (ច្បាប់ដើមនិងថតចម្លង) សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត (ច្បាប់ដើមនិងថតចម្លង) អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ដើមនិងថតចម្លង) និងសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ (ច្បាប់ដើមនិងថតចម្លង)។

ក្រសួងនឹងចាប់ផ្តើមផ្តល់ពាក្យ ចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ និងទទួលពាក្យ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦។ កន្លែងផ្តល់និងទទួលពាក្យ នៅអគារស្ថានីយវិទ្យុនិងទូរទស្សន៍មហាផ្ទៃ នៃទីស្តីការក្រសួងមហាផ្ទៃ។ បេក្ខជនម្នាក់ៗតម្រូវឱ្យចុះឈ្មោះតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីស្នើសុំសិទ្ធិប្រឡងប្រជែង ដោយត្រូវបំពេញព័ត៌មានបឋមតាមតំណភ្ជាប់ (https://gdhr.interior.gov.kh/appform/request?recruit=9f3bc005) រួចបោះពុម្ព (Print)បង្កាន់ដៃស្នើសុំពាក្យ ទុកបង្ហាញអនុគណៈកម្មការផ្តល់ពាក្យនិងទទួលពាក្យបេក្ខជន នៅទីកន្លែងផ្តល់ពាក្យសុំចូលបម្រើការងារ៕

Khcct banner

អត្ថបទទាក់ទង