Swift cc time

និស្សិត សល់ សុម៉ាលី ជម្នះមិនបោះបង់ការសិក្សាច្រើនលើកទម្រាំជាប់ «អាហារូបករណ៍មូលនិធិបុប្ផាគន្ធ»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ពីកុមារីម្នាក់ដែលធ្លាប់ស៊ីឈ្នួល និងដើរលក់ពោតស្ងោរតាមភូមិនៅស្រុកបាណន់ ខេត្តបាត់ដំបង បច្ចុប្បន្ន សុម៉ាលី បានក្លាយជានិស្សិតឆ្នើមផ្នែកអក្សរសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជានិស្សិតដែលទទួលបាន «អាហារូបករណ៍មូលនិធិបុប្ផាគន្ធ»។ កញ្ញាប្រាប់ស៊ីស៊ីថាមស៍ថា «សម្ពាធហិរញ្ញវត្ថុនៅថ្ងៃនោះ ប្រហែលជាធ្វើឱ្យខ្ញុំហត់នឿយ ប៉ុន្តែវាគ្រាន់តែជាការសាកល្បងដើម្បីបណ្តុះខ្ញុំឱ្យកាន់តែរឹងមាំ និងតស៊ូក្នុងជីវិត»។

ធំធាត់ឡើងក្នុងគ្រួសារកសិករក្រីក្រនៅស្រុកបាណន់ ខេត្តបាត់ដំបង ជីវិតរបស់ សុម៉ាលី មិនមានភាពរលូនដូចមិត្តភក្តិដទៃឡើយ។ កាលនៅរៀនថ្នាក់វិទ្យាល័យ កញ្ញាធ្លាប់មានគំនិតចង់បោះបង់ការសិក្សារហូតដល់ទៅពីរលើក ដោយសារតែមិនចង់ឃើញឪពុកម្តាយត្រូវរែកពន់បន្ទុកដ៏ធ្ងន់ធ្ងរតែម្នាក់ឯង។ ទោះជាយ៉ាងណា កញ្ញានៅតែតស៊ូពុះពាររៀន រហូតដល់ចប់ថ្នាក់ទី១២ ដោយខិតខំជួយធ្វើការងារផ្ទះ និងការងារស្រែចម្ការអ្នកផ្ទះ ហើយរៀងរាល់ថ្ងៃសៅរ៍ អាទិត្យក៏ឆ្លៀតលក់ពោតស្ងោរ​ ឬស៊ីឈ្នួលធ្វើការឱ្យគេដើម្បីបានប្រាក់មករៀន។

តាំងពីថ្នាក់វិទ្យាល័យ រហូតក្លាយជានិស្សិត យុវតី សល់ សុម៉ាលី ពុំដែលចុះចាញ់ក្នុងការឈោងចាប់ក្តីស្រមៃនោះឡើយ រហូតបានអាហារូបករណ៍មកសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កញ្ញាបានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា «ពេលមករៀនភ្នំពេញដំបូងៗ ខ្ញុំរំពឹងតែថវិកាដែលបានមកពីឪពុកម្តាយ លក់បន្លែបង្ការតិចតួច សន្សំទុកផ្ញើឱ្យចាយវាយ ផ្គត់ផ្គង់ជីវិតសិក្សានៅភ្នំពេញ ទាំងថ្លៃបន្ទប់ជួល ការទិញសម្ភារៈសិក្សា ការបង់ប្រាក់រៀនខាងក្រៅបន្ថែម និងការចាយវាយប្រចាំថ្ងៃទៀត។ ដោយសារមានតម្រូវការច្រើន ធ្វើឱ្យឪពុកម្តាយមានការលំបាកជាខ្លាំង។ ចំណែកខ្ញុំជាកូន នៅពេលឃើញឪពុកម្តាយ លំបាកបែបនេះ មិនអាចបិទភ្នែកមើលបានទេ ខ្ញុំបានសម្រេចចិត្តរកការងារក្រៅម៉ោងធ្វើដើម្បីជួយសម្រួលដល់ឪពុកម្តាយ»។ ការរៀនបណ្តើរ ធ្វើការបណ្តើរ បានធ្វើឱ្យប៉ះពាល់ដល់ការសិក្សា ហើយមានពេលវេលាតិចតួចសម្រាប់ការរៀនសូត្រ ប៉ះពាល់ដល់សុខភាពផ្លូវចិត្ត ដោយត្រូវខ្វល់ខ្វាយពីជីវភាពឥតឈប់ឈរ ចំណែកសម្ភារៈសិក្សាក៏មានមិនគ្រប់គ្រាន់។ បញ្ហាទាំងនោះ បានធ្វើឱ្យនិស្សិតអក្សរសាស្រ្តខ្មែររូបនេះ ទៅរៀនមិនទាន់ម៉ោង ធ្វើកិច្ចការឱ្យគ្រូមិនទាន់មិនមានពេលមើលមេរៀន ដែលធ្វើឱ្យការសិក្សាបានធ្លាក់ចុះជាបន្តបន្ទាប់។

និស្សិតដែលមានការតស៊ូរូបនេះតស៊ូរហូតបានអាហារូបករណ៍មូលនិធិបុប្ផាគន្ធ ដោយទទួលបានថវិកាសម្រាប់ការផ្គត់ផ្គង់លើការសិក្សា មួយឆ្នាំទទួលបាន ៤លានរៀន($1000)។ កញ្ញាបានបន្តថា «ខ្ញុំអាចយកថវិកាដែលទទួលបានទៅ ទិញសម្ភារៈសិក្សាចាំបាច់ដូចជាកុំព្យូទ័រ បង់ថ្លៃសិក្សាខាងក្រៅបន្ថែម និងទូទាត់សម្រាប់ការចាយវាយប្រចាំថ្ងៃផ្សេងៗ។ មិនតែប៉ុណ្ណោះ អាហារូបករណ៍បុប្ផាគន្ធបានឧបត្ថម្ភគាំទ្រទាំងស្រុងលើការស្នាក់នៅ​ រួមទាំងការចំណាយលើទឹកភ្លើងផងដែរ រយៈពេល៤ឆ្នាំពេញសម្រាប់ខ្ញុំ។ ការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុនេះ បានដោះស្រាយបន្ទុកធំៗសម្រាប់ជីវភាពប្រចាំថ្ងៃ និងការសិក្សារបស់ខ្ញុំដូចជា ធ្វើឱ្យខ្ញុំមានថវិកាផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃខ្លួនឯងបាន ដោយមិនធ្វើឱ្យឪពុកម្តាយនៅឯស្រុកត្រូវលំបាករកប្រាក់សន្សំផ្ញើមកឱ្យ»។

ក្នុងបទសម្ភាសជាមួយស៊ីស៊ីថាមស៍ សុម៉ាលី បានបញ្ជាក់ពីក្តីស្រមៃរបស់ខ្លួនថា កញ្ញា ចង់យកចំណេះដឹងផ្នែកភាសា និងអក្សរសាស្ត្រខ្មែរ ទៅបណ្តុះបណ្តាលកូនខ្មែរជំនាន់ក្រោយឱ្យចេះប្រើប្រាស់ភាសាជាតិបានត្រឹមត្រូវ និងបណ្តុះស្មារតីស្រឡាញ់ជាតិមាតុភូមិ តាមរយៈការធ្វើជាគ្រូបង្រៀន និងបង្កើតស្នាដៃអក្សរសិល្ប៍ ដើម្បីចូលរួមចំណែកការពារ និងថែរក្សាអត្តសញ្ញាណវប្បធម៌ខ្មែរ លើកកម្ពស់វប្បធម៌នៃការអាន និងបណ្តុះសីលធម៌ល្អនៅក្នុងសង្គម ក្នុងនាមជាអ្នកនិពន្ធមួយរូប។

ដើម្បីទទួលបានអាហារូបករណ៍មូលនិធិបុប្ផាគន្ធ សុម៉ាលី ត្រូវឆ្លងកាត់ដំណាក់កាលជ្រើសរើសសំខាន់ៗចំនួន ៣ រួមមាន៖ ការដាក់ពាក្យតាមប្រព័ន្ធអ៊ីនធឺណិត ការចុះសម្ភាសន៍ផ្ទាល់ជាមួយអាណាព្យាបាល និងការសម្ភាសន៍ស៊ីជម្រៅជាមួយបេក្ខជនផ្ទាល់។ ជាមួយគ្នានេះដែរ កញ្ញាបានចែករំលែកបទពិសោធន៍ថា បេក្ខជនដែលមានបំណងដាក់ពាក្យ ត្រូវតែជាបុគ្គលដែលមានការតាំងចិត្តខ្ពស់ ស្មោះត្រង់ ស្លូតបូត មានប្រវត្តិសិក្សាល្អ មានវិន័យ ច្បាស់លាស់លើគោលដៅជីវិត និងមានស្មារតីចេះចែករំលែក ជួយយកអាសារអ្នកដទៃ ព្រមទាំងមានឆន្ទៈពិតប្រាកដក្នុងការអភិវឌ្ឍខ្លួនឯង គ្រួសារ និងសង្គម។

យុវតីតស៊ូរូបនេះបានផ្ញើសារលើកទឹកចិត្តដល់សិស្ស-និស្សិត ដែលកំពុងស្ថិតក្នុងស្ថានភាពលំបាកដូចនាងកាលពីមុនថា៖ «ភាពក្រីក្រ មិនមែនជាឧបសគ្គដែលអាចឃាត់ឃាំងគំនិត និងការតាំងចិត្តរបស់យើងបានឡើយ។ សម្ពាធហិរញ្ញវត្ថុនៅថ្ងៃនេះ ប្រហែលជាធ្វើឱ្យយើងហត់នឿយ ប៉ុន្តែវាគ្រាន់តែជាការសាកល្បងដើម្បីបណ្តុះយើងឱ្យកាន់តែរឹងមាំប៉ុណ្ណោះ។ សូមយកភាពលំបាកនេះធ្វើជាថាមពលក្នុងការរៀនសូត្រ ព្រោះចំណេះដឹងគឺជាអាវុធតែមួយគត់ដែលអាចរំដោះយើងចេញពីភាពក្រីក្របានប្រកបដោយសេចក្តីថ្លៃថ្នូរ។ ដរាបណាយើងមិនបោះបង់ចោលក្តីស្រមៃ នោះពិភពលោកក៏មិនបោះបង់យើងចោលដែរ»៕


Khcct banner

អត្ថបទទាក់ទង