Swift cc time

កម្មវិធីអេអាយ GEMINI ហេគចូលប្រព័ន្ធក្រុមហ៊ុន ៣ ដោយខ្លួនឯង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ក្រុមហ៊ុន Google បានឱ្យដឹងថា ម៉ូដែលបញ្ញាសិប្បនិម្មិត (AI) ឈ្មោះ Gemini បានលួចចូល (hack) ប្រព័ន្ធរបស់ក្រុមហ៊ុនចំនួនបីដោយស្វ័យប្រវត្តិ ក្នុងអំឡុងពេលធ្វើតេស្តសមត្ថភាពសន្តិសុខស៊ីប័ររបស់វាដែលនេះត្រូវបានគេជឿថាជាករណីដំបូងបង្អស់ដែលមិនធ្លាប់មានពីមុនមក។ មន្ត្រីម្នាក់របស់ក្រុមហ៊ុន Google បានប្រាប់បណ្តាញព័ត៌មាន BBC ថា Gemini បានស្វែងរកព័ត៌មានសាធារណៈនៅលើអ៊ីនធឺណិត ហើយបានទាយលេខកូដ/ព័ត៌មានសម្ងាត់ ដើម្បីចូលទៅកាន់គេហទំព័រដែលវាគិតថាជាផ្នែកមួយនៃការធ្វើតេស្ត ដោយបានកត់សម្គាល់ថា ក្នុងករណីនីមួយៗ ម៉ូដែល AI នេះបានឈប់ដោយខ្លួនឯង។

ក្រុមហ៊ុនដែលរងផលប៉ះពាល់ត្រូវបានគេជម្រាបជូនអំពីរឿងរ៉ាវនៃការលួចចូលប្រព័ន្ធនេះរួចហើយ ដែលហេតុការណ៍នេះបានកើតឡើងកាលពីខែឧសភា។ ព្រឹត្តិការណ៍នេះបានកើតឡើងចំពេលមានការត្រួតពិនិត្យ និងការព្រួយបារម្ភជាថ្មីពីសាធារណជនអំពីល្បឿននៃការអភិវឌ្ឍបច្ចេកវិទ្យា AI ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនបានអំពាវនាវឱ្យមានការបន្ធូរបន្ថយល្បឿន ដោយសារការព្រួយបារម្ភអំពីការគំរាមកំហែងដល់មនុស្សជាតិ ប៉ុន្តែមិនមែនគ្រប់ក្រុមហ៊ុន ឬអ្នកជំនាញទាំងអស់សុទ្ធតែយល់ស្របនោះទេ។

យោងតាមសារព័ត៌មាន Wall Street Journal នៅក្នុងករណីមួយ ម៉ូដែល AI នេះគ្រាន់តែទាយពាក្យសម្ងាត់ (passwords) រហូតដល់វាអាចចូលទៅកាន់ប្រព័ន្ធដែលត្រូវបិទការពារបានសម្រេច។ លោកស្រី Heather Adkins អនុប្រធានផ្នែកវិស្វកម្មសន្តិសុខនៅ Google បានថ្លែងក្នុងសេចក្តីថ្លែងការណ៍ទៅកាន់ BBC ថា៖ «យើងបានប្រាកដថាក្រុមហ៊ុនទាំងបីត្រូវបានជូនដំណឹង ហើយយើងបានធ្វើការជាមួយដៃគូបណ្តុះបណ្តាលរបស់យើងលើការផ្លាស់ប្តូរដែលពួកគេបានធ្វើចំពោះដំណើរការធ្វើតេស្តនាពេលឥឡូវនេះ»។ លោកស្រីបានបន្ថែមថា៖ «ព្រឹត្តិការណ៍ទាំងនេះបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបណ្តុះបណ្តាលម៉ូដែល AI ដ៏មានថាមពលឱ្យប្រព្រឹត្តទៅដោយមានការទទួលខុសត្រូវ»។

គួររម្លឹកថានាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang និងនាយកប្រតិបត្តិ OpenAI លោក Sam Altman ត្រូវបានគេរំពឹងថានឹងចូលរួមពិធីលៀងសាយភោជន៍ផ្លូវការនៅសេតវិមាន (White House) ជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) នៅថ្ងៃសុក្រសប្តាហ៍នេះក្នុងជំនួបរវាងលោកប្រធានាធិបតីទាំងពីរ៕

Khcct banner

អត្ថបទទាក់ទង