Swift cc time

កាយរឹទ្ធិជាតិកម្ពុជា ៣ក្រុម បាន«ជ័យលាភីគម្រោងឆ្នើម » ក្នុងកម្មវិធីអ្នកនាំសារសន្តិភាព មកពីខេត្តស្វាយរៀង និងកណ្តាល

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កាយរឹទ្ធិជាតិកម្ពុជា ៣ក្រុម បាន«ជ័យលាភីគម្រោងឆ្នើមឆ្នាំ២០២៦» នៃកម្មវិធីអ្នកនាំសារសន្តិភាព ក្នុងឱកាសអបអរសាទរទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា។ កាយរឹទ្ធិជាតិកម្ពុជា ដែលបានជ័យលាភីទាំងបី មកពីវិទ្យាល័យ សម្ដេច ជា ស៊ីម អំពិល ខេត្តស្វាយរៀង វិទ្យាល័យ រមាសហែក ខេត្តស្វាយរៀង និងវិទ្យាល័យ ហ៊ុន សែន សេរីភាព ខេត្តកណ្ដាល។

យោងតាមគេហទំព័រក្រសួងអប់រំ កម្មវិធីអ្នកនាំសារសន្តិភាព (អ.ស.ស.) មានរយៈពេល ៦ខែ ដោយត្រូវអនុវត្តសកម្មភាព ៤ដំណាក់កាល ចាប់ផ្ដើមពីខែឧសភា ដល់ខែធ្នូ ឆ្នាំ២០២៦ ដែលមានសកម្មភាពដូចជា៖ ការបណ្ដុះបណ្ដាល ការអភិវឌ្ឍសមត្ថភាព ការចុះសិក្សាស្រាវជ្រាវ និងការប្រកួតគម្រោងឆ្នើមប្រចាំឆ្នាំ ដើម្បីទទួលបាននូវបណ្ណសញ្ញាកង និងកន្សែងអ្នកនាំសារសន្តិភាព។

បើតាមប្រភពដដែល ការប្រកួតគម្រោងឆ្នើមឆ្នាំ២០២៦ កាលពីថ្ងៃ២០ កញ្ញា ២០២៦នេះ មានកាយរឹទ្ធិជំទង់ចំនួន ៥ល្បាតចូលរួម ក្នុងនោះរួមមាន កងឯកភាពវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ខេត្តកណ្ដាល កងឯកភាពវិទ្យាល័យ ហ៊ុន សែន សេរីភាព ខេត្តកណ្ដាល កងឯកភាពវិទ្យាល័យ ជា ស៊ីម សាមគ្គី រាជធានីភ្នំពេញ កងឯកភាពវិទ្យាល័យ សម្ដេច ជា ស៊ីម អំពិល ខេត្តស្វាយរៀង និង កងឯកភាពវិទ្យាល័យ រមាសហែក ខេត្តស្វាយរៀង សរសេរគម្រោង «ដាំពន្លកសីលធម៌ បណ្ដុះអំពើល្អ»។

ក្រោយការវាយតម្លៃនៃការប្រកួត កាយរឹទ្ធិជាតិកម្ពុជា ដែលបានជ័យលាភីទាំងបី ដែលទទួលបានបណ្ណសញ្ញាកង “ទូតសន្តិភាព” និងកន្សែងអ្នកនាំសារសន្តិភាព គម្រោងឆ្នើមឆ្នាំ២០២៦ គឺជាសិស្សមកពីវិទ្យាល័យ សម្ដេច ជា ស៊ីម អំពិល ខេត្តស្វាយរៀង សរសេរគម្រោង «ការកសាងវប្បធម៌សន្តិភាពនៅក្នុងសាលារៀន» ខណៈ វិទ្យាល័យ រមាសហែក ខេត្តស្វាយរៀង សរសេរគម្រោង «ដាំពន្លកសីលធម៌ បណ្ដុះអំពើល្អ» និងវិទ្យាល័យ ហ៊ុន សែន សេរីភាព ខេត្តកណ្ដាល សរសេរគំនិតផ្ដួចផ្ដើមគម្រោង «សេរីភាពនៃបេះដូងសន្តិភាព»។

គួររម្លឹកថា កម្មវិធីអ្នកនាំសារសន្តិភាព (អ.ស.ស.) រៀបចំឡើងដើម្បីជំរុញលើកទឹកចិត្ត និងបំផុសគំនិតផ្ដួចផ្ដើមសន្តិភាពដល់កាយរឹទ្ធិ ឱ្យរៀបចំគម្រោងសកម្មភាពនៅតាមគ្រឹះស្ថានសិក្សា និងសហគមន៍។ គំនិតផ្ដួចផ្ដើម អ.ស.ស. ត្រូវបានបង្កើតឡើងដើម្បីសម្រេចតាមផែនការយុទ្ធសាស្ត្ររបស់កាយរឹទ្ធិជាតិកម្ពុជា ការិយាល័យកាយរឹទ្ធិប្រចាំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិក និងអង្គការពិភពលោកនៃចលនាកាយរឹទ្ធិ។ លើសពីនេះ គំនិតផ្ដួចផ្ដើម អ.ស.ស. បានលើកទឹកចិត្តដល់សមាជិកកាយរឹទ្ធិជាតិកម្ពុជាទាំងអស់ ឱ្យចូលរួមការងារស្ម័គ្រចិត្តនៅតាមគ្រឹះស្ថានសិក្សា និងសហគមន៍ ព្រមទាំងជួយគាំទ្រដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ៕


Khcct banner

អត្ថបទទាក់ទង