Swift cc time

នារីវ័យក្មេងជនជាតិចិនម្នាក់ ចាញ់បោកទៅថៃ ហើយត្រូវក្រុមឧក្រិដ្ឋជនចាប់ជំរិតយកទៅមីយ៉ាន់ម៉ា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ប៉េកាំង៖ នារីជនជាតិចិនវ័យក្មេងម្នាក់ ធ្វើការជាអ្នកឡាយលក់ទំនិញ (Livestream) បានបាត់ខ្លួនបន្ទាប់ពីធ្វើដំណើរទៅប្រទេសថៃ ហើយសង្ស័យថា ត្រូវបានបោកបញ្ឆោត និងចាប់ជំរិតយកទៅប្រទេសមីយ៉ាន់ម៉ា ដោយក្រុមជនសង្ស័យជំរិតទារប្រាក់លោះចំនួន ៦០ម៉ឺនយ័ន។នេះបើយោងតាមសារព័ត៌មានចិន The Beijing News។

នារីរងគ្រោះឈ្មោះ Wang Ran កើតឆ្នាំ២០០២ មានស្រុកកំណើតនៅទីក្រុងហាប៊ីន ខេត្តហីឡុងជាំង និង ធ្លាប់ធ្វើការជាអ្នកឡាយលក់ទំនិញនៅទីក្រុងណានជីង។សាច់ញាតិរបស់នាង បានឱ្យដឹងថា Wang Ran បានធ្វើដំណើរតាមយន្តហោះទៅដល់ទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១២ ខែកញ្ញា។ ក្រោយមក គ្រួសារសង្ស័យថា នាងត្រូវបានបោកបញ្ឆោតនាំចេញពីប្រទេសថៃ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។

បន្ទាប់មក គ្រួសារបានទទួលការទាក់ទងទាមទារប្រាក់ពីក្រុមឧក្រិដ្ឋជន ៦០ម៉ឺនយ័ន។ ក្នុងពេលនិយាយតាមវីដេអូជាមួយគ្រួសារ Wang Ran ត្រូវបានគេឃើញ ស្ថិតក្នុងស្ថានភាពមិនសូវដឹងខ្លួន និងនៅក្នុងទីតាំងដែលមានសភាពសាមញ្ញ និងខ្វះខាត។គ្រួសាររបស់នាង បានរាយការណ៍ករណីនេះទៅប៉ូលិសចិន។ នៅថ្ងៃទី២០ ខែកញ្ញា ប៉ូលិសនៅតំបន់ Wang Ran ធ្លាប់ស្នាក់នៅ មុនពេលបាត់ខ្លួន បានបញ្ជាក់ថា បានទទួលពាក្យបណ្ដឹងរបស់គ្រួសារ ហើយនឹងឱ្យមន្ត្រីជំនាញប្រឆាំងបទល្មើសឆបោកទាក់ទងជាមួយគ្រួសារ ដើម្បីបន្តស៊ើបអង្កេត។

ប្រព័ន្ធផ្សព្វផ្សាយចិន បានរំលឹកថា ករណីឆបោក និងចាប់ជំរិតឆ្លងដែនមួយចំនួន តែងប្រើបណ្ដាញសង្គម ដោយយកលេសដូចជា អញ្ជើញទៅទេសចរណ៍ ថតផ្សាយពាណិជ្ជកម្ម ធ្វើអាជីវកម្ម ឬផ្តល់ការងារប្រាក់ខែខ្ពស់ ដើម្បីទាក់ទាញជនរងគ្រោះ ជាពិសេសយុវជន។ អាជ្ញាធរចិន បានណែនាំឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ចំពោះការអញ្ជើញទៅក្រៅប្រទេសពីមនុស្សមិនស្គាល់ច្បាស់ និងត្រូវផ្ទៀងផ្ទាត់អត្តសញ្ញាណ អាសយដ្ឋាន និងព័ត៌មានរបស់អ្នកអញ្ជើញឱ្យបានច្បាស់លាស់ មុនសម្រេចចិត្តធ្វើដំណើរ៕

Khcct banner

អត្ថបទទាក់ទង