ភ្នំពេញ៖ យុវជនមកពីខេត្តចំនួន៥ ឈ្នះទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតប្រជែងផែនការអាជីវកម្ម រួមមាន គម្រោងអាជីវកម្ម «គ្រាប់ស្វាយចន្ទីមេមត់» មកពីខេត្តត្បូងឃ្មុំ គម្រោងអាជីវកម្ម «អាហារបួសសុខភាព» មកពីខេត្តពោធិ៍សាត់ គម្រោងអាជីវកម្ម «ងាវប្រែរូប» មកពីខេត្តកែប គម្រោងអាជីវកម្ម «ដូងវេទមន្ត បាត់ដំបង» មកពីខេត្តបាត់ដំបង និងគម្រោងអាជីវកម្ម «ការអភិវឌ្ឍខ្យងប័រប៉ៃលិន» មកពីខេត្តប៉ៃលិន។
យោងតាមគេហទំព័រក្រសួងអប់រំ បានឱ្យដឹងថា វគ្គប្រកួតជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃកម្មវិធីប្រកួតប្រជែងផែនការអាជីវកម្ម (អាជីវកម្មខ្ញុំ) ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ដែលមានយុវជនកម្មវិធី មកពី១៥ខេត្ត យុវជនចូលរួមប្រកួតចំនួន៩០នាក់។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយ នាយកដ្ឋានអភិវឌ្ឍកម្មវិធីយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា។
រដ្ឋលេខាធិការក្រសួងអប់រំ លោក សេរី ជំនះ បានគូសបញ្ជាក់ថា «កម្មវិធីនេះមិនមែនស្វែងរកអ្នកឈ្នះប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសម្រាប់រៀនសូត្រ សម្រាប់ការសាកល្បងការច្នៃប្រឌិត និងការរីកចម្រើនរបស់យុវជនយើងដែលគោលបំណងសំខាន់គឺចង់បណ្តុះគំនិតសហគ្រិនភាពដល់យុវជនរបស់យើង ឱ្យប្អូនៗចេះមើលពីបញ្ហា តម្រូវការទីផ្សារ ឱកាសប្រកួតប្រជែងហើយបំលែងវាទៅជាគំនិតអាជីវកម្ម។»។
កម្មវិធីប្រកួតប្រជែងផែនការអាជីវកម្ម (អាជីវកម្មខ្ញុំ) ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដើម្បីជួយយុវជន ដែលមានគោលបំណង ក្តីស្រម៉ៃ និងការស្រឡាញ់ការធ្វើអាជីវកម្ម និងជួយជំរុញឱ្យយុវជនមានផ្នត់គំនិត និងបំណិនសហគ្រិនភាពតាមរយៈការបណ្តុះបណ្តាលជំនាញសរសេរគម្រោងអាជីវកម្ម ការចុះសិក្សា និងអនុវត្តជាក់ស្តែងដល់ទីតាំងអាជីវកម្ម និងក្រុមហ៊ុន ការបង្ហាញសមត្ថភាពតាមរយៈការចូលរួមប្រកួតប្រជែងចំនួន២វគ្គ និងជួយជំរុញយុវជនឱ្យមានទំនួលខុសត្រូវចំពោះ សង្គម និងបរិស្ថាន បណ្តុះបណ្តាលជំនាញទន់ បំណិនជីវិត បំណិននវានុវត្តន៍ ព័ត៌មានវិទ្យា និងការនិយាយជាសាធារណៈ ផ្តល់ឱកាសឱ្យពួកគេបានបង្ហាញនូវសក្តានុពលរបស់ខ្លួន ការតភ្ជាប់បណ្តាញជាមួយសហគ្រិនជោគជ័យ គ្រូដឹកនាំ បុគ្គលដែលមានឥទ្ធិពលក្នុងសង្គម និងចេះបង្កើតបាននូវផលិតផលគំរូ។ល៕