ជប៉ុន៖ ជប៉ុនគ្រោងនឹងដាក់លក់រថយន្ត Tesla Model Y តម្លៃក្រោម ២៣,០០០ ម៉ឺនដុល្លារលក់ដល់ពលរដ្ឋខ្លួននៅក្នុងប្រទេសដែលនេះជាការរួមបញ្ចូលគ្នារវាងការធ្លាក់ចុះនៃតម្លៃប្រាក់យ៉េន និងការឧបត្ថម្ភធនដ៏ច្រើនសន្ធឹកសន្ធាប់ពីរដ្ឋាភិបាលដែលបានដាក់ចេញនៅឆ្នាំនេះ ដែលនឹងអាចធ្វើឱ្យតម្លៃរថយន្ត Model Y ធ្លាក់ចុះមកនៅក្រោម ២៣,០០០ ដុល្លារ។ តម្លៃនេះគឺទាបជាងតម្លៃពលរដ្ឋត្រូវចំណាយដើម្បីទិញនាឡិកា Rolex Oyster Perpetual Datejust ស៊េរីចាស់ (vintage) នៅឯហាងលក់ក្នុងទីក្រុងតូក្យូទៅទៀត។
យោងតាម The Japan Times ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្ស Tesla បាននិងកំពុងលើកឡើងពីការឧបត្ថម្ភធនទាំងនេះនៅក្នុងការផ្សាយពាណិជ្ជកម្មរបស់ខ្លួននៅប្រទេសជប៉ុន ដោយផ្តោតលើអតិថិជននៅក្នុងទីផ្សារដែលគ្របដណ្តប់ដោយម៉ូត Model Y ដែលជារថយន្តដែលត្រូវបាននាំចូលច្រើនជាងគេនៅក្នុងប្រទេសជប៉ុនក្នុងឆមាសទីមួយនៃឆ្នាំនេះ ដោយ Tesla កំណត់តម្លៃរថយន្ត Model Y នៅកម្រិត ៥,៦ លានយ៉េននៅក្នុងប្រទេសជប៉ុន។ ប៉ុន្តែអ្នកទិញដែលរស់នៅក្នុងទីក្រុងតូក្យូអាចទិញវាបានក្នុងតម្លៃចាប់ពី ៣,៦ លានយ៉េន (២២,៨៨៩ ដុល្លារ) ដោយសារតែមានការឧបត្ថម្ភធនពីថ្នាក់ជាតិ និងថ្នាក់ទីក្រុងសរុបជាអតិបរមាប្រហែល ២ លានយ៉េន ជាមួយនឹងអត្ថប្រយោជន៍ទាំងនោះ រថយន្ត Model 3 អាចមានតម្លៃទាបត្រឹមតែ ៣,៣ លានយ៉េនប៉ុណ្ណោះ (២១,០០០ដុល្លារ)។
លោកប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ ក៏បានជំរុញឱ្យមានការលក់រថយន្តអាម៉េរិកកាន់តែច្រើននៅក្នុងប្រទេសជប៉ុន ដោយប្រទេសទាំងពីរបាននិងកំពុងពិនិត្យមើលគំនិតផ្តួចផ្តើមវិនិយោគទំហំ ៥៥០ ពាន់លានដុល្លារ ដែលបានបង្កើតឡើងកាលពីឆ្នាំមុន នៅក្នុងកិច្ចព្រមព្រៀងមួយដែលលោក ប្រធានាធិបតី បានយល់ព្រមបន្ថយពន្ធនាំចូលសម្រាប់រថយន្តជប៉ុន។
គួររម្លឹកថាតម្លៃរថយន្តនៅទីក្រុងតូក្យូគឺទាបជាងតម្លៃនៅក្នុងប្រទេសចិន ដែលជាទីផ្សារមានការប្រកួតប្រជែងខ្លាំង ដោយនៅទីនោះរថយន្ត Model Y មានតម្លៃចាប់ផ្តើមប្រហែល ២៦៣,៥០០ យន់ (៣៩,៣៤៤ ដុល្លារ)។ នៅរដ្ឋកាលីហ្វ័រញ៉ា ដែលរដ្ឋផ្តល់ប្រាក់លើកទឹកចិត្តរហូតដល់ ៣,៥០០ ដុល្លារសម្រាប់អ្នកទិញរថយន្តអគ្គិសនី (EV) ជាលើកដំបូងនោះ រថយន្តប្រភេទ SUV នេះនៅតែមានតម្លៃលើសពី ៣៦,០០០ ដុល្លារ ដែលធៀបនឹងជប៉ុនមានតម្លៃខុសគ្នាជាច្រើន៕