វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ បានបញ្ជាក់កាលពីថ្ងៃសុក្រថា លោកនឹងហាមឃាត់ស្ថាប័នព័ត៌មានធំៗចំនួនបី គឺ CNN, MSNBC និង Politico មិនឱ្យចូលក្នុងសេតវិមានដើម្បីយកព័ត៌មានឡើយ។ លោក ប្រធានាធីបតី បានចោទប្រកាន់ស្ថាប័នទាំងនោះថាបាន ផ្សព្វផ្សាយព័ត៌មានមិនពិត (FAKE NEWS) លោកថាស្ថាប័នព័ត៌មានខាងលើនេះមិនគួរសរសេរ ឬរាយការណ៍រឿងមិនពិត និងការកុហកជាបន្តបន្ទាប់នោះទេជាពិសេសនៅពេលពួកគេរាយការណ៍ព័ត៌មាននាៗអំពីប្រធានាធីបតីអាម៉េរិក។លោក បញ្ជាក់ទៀតថានឹងមានស្ថាប័នព័ត៌មានមិនពិតផ្សេងទៀតក៏នឹងត្រូវហាមឃាត់ដូចគ្នានេះ។
បើតាមលោក ដូណាល់ត្រាំ មិនមានហេតុការណ៍ជាក់លាក់ណាមួយដែលជំរុញឱ្យមានការហាមឃាត់នេះទេ ដោយលោកបានប្រាប់អ្នកសារព័ត៌មាននៅក្នុងការិយាល័យ Oval Office ថាវាគ្រាន់តែជាការប្រមូលផ្តុំនៃរឿងរ៉ាវនានាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះដែលស្ថាប័នបានព្យាយាមផ្សាយព័ត៌មានមិនពិត និងកុហកបោកប្រាស់ជាបន្តបន្ទាប់។លោកបន្តថា លោកមិនចាំបាច់អនុញ្ញាតឱ្យពួកគេចូលមកក្នុងផ្ទះរបស់លោក ឬផ្ទះរបស់ប្រជាជននោះទេ លោកថាកាសែត New York Times និង Washington Post ក៏ស្ថាប័នដែលលោកហៅថាព័ត៌មានមិនពិត ហើយអាចនឹងហាមឃាត់ក្នុងការចូលយកព័ត៌មាននៅពេលក្រោយ។
ជាការឆ្លើយតបភ្លាមៗទៅកាន់ការលើកឡើងរបស់លោកត្រាំ សេចក្តីថ្លែងការណ៍របស់ CNN បានលើកឡើងថា៖ «យើងមានសិទ្ធិស្របតាមរដ្ឋធម្មនុញ្ញអាម៉េរិកក្នុងការរាយការណ៍ព័ត៌មានទាំងនោះ ដោយគ្មានការរារាំង ឬការជ្រៀតជ្រែកពីរដ្ឋាភិបាលឡើយ។ ប្រសិនបើការហាមឃាត់ដែលលោកប្រធានាធិបតី ត្រាំ បានគំរាមកំហែងនោះត្រូវបានអនុវត្តមែន វាគឺជាការវាយប្រហារខុសច្បាប់ទៅលើសិទ្ធិជាមូលដ្ឋាន និងសិទ្ធិដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញនោះ»។
ចំណែកព័ត៌មាន Politico ក៏បានចេញសេចក្តីថ្លែងការណ៍មួយផងដែរ ដោយបញ្ជាក់ថាខ្លួននឹង បន្តរាយការណ៍ព័ត៌មានប្រកបដោយភាពយុត្តិធម៌អំពីសេតវិមានបច្ចុប្បន្ន និងរដ្ឋបាលនាពេលអនាគត ហើយនឹងការពារយ៉ាងមុតមាំនូវសិទ្ធិរបស់យើងក្រោមវិសោធនកម្មទីមួយ (First Amendment) ប្រឆាំងនឹងរាល់ការប៉ុនប៉ងណាមួយក្នុងការកម្រិតសិទ្ធិទាំងនោះ។ ដោយឡែកបណ្តាញព័ត៌មាន MS NOW ដែលពីមុនមានឈ្មោះថា MSNBC បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរឿងនេះទេ។
ទោះជាយ៉ាងណាវិធានការនេះទំនងជានឹងប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ ដោយសារអ្នកជំនាញផ្នែកសេរីភាពនៃការបញ្ចេញមតិបានលើកឡើងថា វាផ្ទុយនឹងការការពារសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មានដែលមានចែងក្នុងវិសោធនកម្មទីមួយ (First Amendment) នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាម៉េរិក ដែលបានចែងថា ស្ថាប័នព័ត៌មាន និងបុគ្គលនានាអាចរាយការណ៍ និងចែករំលែកព័ត៌មានបាន ដោយគ្មានការត្រួតពិនិត្យ ឬការរឹតត្បិតពីសំណាក់រដ្ឋាភិបាលឡើង៕