Swift cc time

យុវជនឆ្នើម ៦ រូប នឹងចែករំលែកគន្លឹះដណ្តើម «អាហារូបករណ៍ថ្នាក់សាកលវិទ្យាល័យ» ដល់សិស្សទើបចប់បាក់ឌុប

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ និស្សិតឆ្នើម៦រូប នឹងចែករំលែកបទពិសោធជាប់អាហារូបករណ៍ នៅថ្ងៃស្អែក ទី២០ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីជួយសិស្សានុសិស្សក្នុងការត្រៀមលក្ខណៈសម្បត្តិដណ្តើមយកអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាទាំងក្នុងស្រុក រួមមាន អាហារូបករណ៍ អ.ម.ត អាហារូបករណ៍ក្រសួងអប់រំ ក្រសួងប្រៃសណីយ៍ អាហារូបករណ៍ផ្តល់ជាហិរញ្ញវត្ថុផ្គត់ផ្គង់ការចំណាយសិក្សា និងអាហារូបករណ៍ទៅសិក្សាក្រៅប្រទេសរួមមានម៉ាឡេស៊ី និងចិន។ កម្មវិធីនេះរៀបចំឡើងដោយក្រុមយុវជន ហើយនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ១:០០ រសៀល ដល់ ៥:០០ ល្ងាច នៅមជ្ឈមណ្ឌលភាសា Aii (Aii Language Center) សាខាម៉ៅសេទុង ដែលអនុញ្ញាតឱ្យចូលរួមដោយសេរី និងឥតគិតថ្លៃ។

វាគ្មិនទាំង ៦ រូប នឹងបង្ហាញពីគន្លឹះជោគជ័យជាក់ស្តែងទៅតាមជំនាញ និងប្រភេទអាហារូបករណ៍នីមួយៗ។ ក្នុងនោះ កញ្ញា អ៊ុំ សុផានីរ័ត្ន នឹងចែករំលែកពីអាហារូបករណ៍ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រីឯយុវជន កៅ វិចិត្រ នឹងលើកឡើងពីអាហារូបករណ៍ឌីជីថលតេជោ លើជំនាញ Software Engineer។ ចំណែកឯ កញ្ញា ដែត សុគន្ធបូរ៉ានិច នឹងបង្ហាញពីអាហារូបករណ៍ អ.ម.ត នៅសាកលវិទ្យាល័យ AUPP ខណៈកញ្ញា ឈិត ស្រីឡាង នឹងជជែកពីអាហារូបករណ៍ហិរញ្ញវត្ថុគាំទ្រការសិក្សា Maybank Cambodia។

ដោយឡែក សម្រាប់អាហារូបករណ៍ក្រៅប្រទេសវិញ យុវជន ហុង ច័ន្ទដារ៉ា នឹងប្រាប់ពីវិធីសាស្ត្រត្រៀមខ្លួនសម្រាប់អាហារូបករណ៍ ASEAN Maybank សិក្សានៅប្រទេសម៉ាឡេស៊ី និងកញ្ញា ឈិន ស៊ាងម៉ីម៉ី នឹងណែនាំពីការដាក់ពាក្យអាហារូបករណ៍ HIT–Cambodia High School Outstanding Freshman Scholarship សម្រាប់បន្តការសិក្សានៅប្រទេសចិន។ ដើម្បីអាចចូលរួម សិស្សអាចចុះឈ្មោះតាមរយៈ: Link។​

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះរៀបចំឡើងដោយ RULErs Community ដែលជាគំនិតផ្តួចផ្តើមដឹកនាំដោយយុវជន ក្នុងគោលបំណងពង្រឹងសមត្ថភាព និងផ្តល់អំណាចដល់យុវជនជំនាន់ក្រោយ តាមរយៈការបង្កើតវេទិកាចែករំលែកចំណេះដឹង និងការកសាងឱកាសអភិវឌ្ឍន៍ខ្លួនពិតប្រាកដ៕


Khcct banner

អត្ថបទទាក់ទង