អាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាលត្រាំ បានក្រាសថាសហរដ្ឋអាម៉េរិក និងដាណឺម៉ាក បានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីសន្តិសុខរបស់តំបន់ហ្គ្រីនឡែន លោកថាកិច្ចព្រមព្រៀងថ្មីមួយនេះនឹងផ្តល់ឱ្យសហរដ្ឋអាម៉េរិកនូវការគ្រប់គ្រងជាអចិន្ត្រៃយ៍លើផ្នែកសន្តិសុខ និងតម្រូវការផ្សេងៗទៀតទាំងអស់នៅលើដែនដីហ្គ្រីនឡែន។ នៅក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social លោក ត្រាំ បាននិយាយថា កិច្ចព្រមព្រៀងនេះ មិនចំណាយថវិកាអ្វីដល់សហរដ្ឋអាម៉េរិកទេ ហើយនឹងផ្តល់លទ្ធភាពឱ្យសហរដ្ឋអាម៉េរិកធ្វើអ្វីដែលចាំបាច់ ដើម្បីធានា និងការពារសន្តិសុខរបស់ហ្គ្រីនឡែន។ លោកថា កិច្ចព្រមព្រៀងនេះរួមបញ្ចូលទាំងវិធានមួយដែលហាមឃាត់មិនឱ្យគូប្រជែងរបស់សហរដ្ឋអាម៉េរិកមានវត្តមានយោធានៅក្នុងតំបន់ហ្គ្រីនឡែន ឬ ធ្វើការវិនិយោគណាមួយនៅក្នុងតំបន់ហ្គ្រីនឡែន ដោយគ្មានការយល់ព្រមពីអាម៉េរិកឡើយ។
យោងតាមការរៀបរាប់របស់លោកត្រាំតាមបណ្តាញសង្គម Trust Social លោកបានបញ្ជាក់ថាសហរដ្ឋអាម៉េរិកបានចុះកិច្ចព្រមព្រៀងជាមួយព្រះរាជាណាចក្រដាណឺម៉ាក និងហ្គ្រីនឡែន (Greenland) ដែលផ្តល់ឱ្យសហរដ្ឋអាម៉េរិកនូវសិទ្ធិគ្រប់គ្រងជាអចិន្ត្រៃយ៍លើផ្នែកសន្តិសុខ និងតម្រូវការផ្សេងៗទៀតទាំងអស់នៅក្នុងទឹកដីហ្គ្រីនឡែន ដោយដោះស្រាយបានទាំងស្រុងនូវរាល់កង្វល់ជាច្រើនរបស់សហរដ្ឋអាម៉េរិក។ លោកថាចាប់ពីពេលនេះតទៅ គ្មានគូប្រជែងណាមួយរបស់សហរដ្ឋអាម៉េរិកអាចបង្កើតមូលដ្ឋានទ័ព មានវត្តមានយោធា ឬធ្វើការវិនិយោគលើវិស័យរសើបណាមួយនៅក្នុងទឹកដីហ្គ្រីនឡែនបានឡើយ ប្រសិនបើគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរយ៉ាងច្បាស់លាស់ពីយើង។
សម្រាប់លោកត្រាំ អស់រយៈពេលជាង ១០០ ឆ្នាំមកហើយ ដែលប្រធានាធិបតីនានាបានដឹងពីសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់ហ្គ្រីនឡែន ប៉ុន្តែគ្មាននរណាម្នាក់អាចធ្វើអ្វីមួយលើបញ្ហានេះបានឡើយ។លោកថា មានមោទកភាពដែលបានក្លាយជាប្រធានាធិបតីដែលបានដោះស្រាយបញ្ហាសំខាន់បំផុតនេះជាស្ថាពរ និងប្រកបដោយប្រសិទ្ធភាព។លោកបន្ថែមថា នេះគឺជាកិច្ចព្រមព្រៀងដែលមាន "អាយុកាលគ្មានកំណត់" ពោលគឺគ្មានថ្ងៃបញ្ចប់ឡើយ ហើយអាម៉េរិកនឹងចាប់ផ្តើមដំណើរការបង្កើតវត្តមានយោធាទ្រង់ទ្រាយធំភ្លាមៗ នៅតំបន់សមស្របណាមួយក្នុងចំណោមតំបន់ជាច្រើននៅក្នុងទឹកដីហ្គ្រីនឡែន។
ជាការឆ្លើយតបនាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានអះអាងថាកិច្ចព្រមព្រៀងនេះ ពង្រឹងសន្តិសុខនៅក្នុងតំបន់អាកទិក និងតំបន់អាត្លង់ទិកខាងជើងដោយកិច្ចព្រមព្រៀងនេះនឹងត្រូវចុះហត្ថលេខានៅឯមហាសន្និបាតអង្គការសហប្រជាជាតិនៅសប្តាហ៍ក្រោយ។ ប៉ុន្តែលោកស្រីមិនបានលើកឡើងពីព័ត៌មានលម្អិតជាក់លាក់នៃកិច្ចព្រមព្រៀងដែលលោក ត្រាំ បានលើកឡើងនៅក្នុងការបង្ហោះលើបណ្តាញសង្គមនោះទេ។
កិច្ចព្រមព្រៀងនេះកើតឡើងបន្ទាប់ពីមានការគំរាមកំហែងអស់រយៈពេលជាច្រើនខែពីលោក ត្រាំ ក្នុងការយកតំបន់ហ្គ្រីនឡែន ដោយលោកត្រាំធ្លាប់លើកឡើងពីកង្វល់ផ្នែកសន្តិសុខជាតិ ព្រមទាំងទីតាំងយុទ្ធសាស្ត្រសម្រាប់គោលបំណងការពារជាតិ និងធនធានរ៉ែដ៏សម្បូរបែបរបស់តំបន់នេះ។ ក្នុងចំណោមលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា មានចំណុចមួយដែលចែងថា កិច្ចព្រមព្រៀងនេះនឹងមិនផុតសុពលភាពឡើយ ទោះបីជា Greenland ក្លាយជាប្រទេសឯករាជ្យនៅពេលអនាគតក៏ដោយ។ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ សហរដ្ឋអាម៉េរិកមានសិទ្ធិអំណាចឯកតោភាគីក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធយោធាបន្ថែមទៀត ដោយមិនចាំបាច់មានការអនុញ្ញាតពី Greenland ឬដាណឺម៉ាកឡើយ៕