ព្យុងយ៉ាង៖ លោកស្រី គីម យ៉ូជុង (Kim Yo-jong) ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) បានថ្កោលទោសសមយុទ្ធដែនសមុទ្រចម្រុះជាតិសាសន៍ដែលដឹកនាំដោយសហរដ្ឋអាម៉េរិកដោយលោកស្រីចាត់ទុកសមយុទ្ធ Pacific Vanguard ជា «ការហ្វឹកហាត់ធ្វើសង្គ្រាម»ក្នុងឧបទ្វីបកូរ៉េ។ លោកស្រីបានបញ្ជាក់បែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានផ្សព្វផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) នៅពេលដែលកងទ័ពជើងទឹកអាម៉េរិកបានចាប់ផ្តើមសមយុទ្ធ «Pacific Vanguard» កាលពីថ្ងៃទី ៣០ ខែសីហា នៅជិតកោះហ្គាំ (Guam) ដោយមានការចូលរួមពីកងកម្លាំងដែនសមុទ្រនៃប្រទេសកូរ៉េខាងត្បូង អូស្ត្រាលី កាណាដា ជប៉ុន និងនូវែលសេឡង់។
បើតាម លោកស្រី គីម យ៉ូជុង ក្នុងអំឡុងពេលនៃការហ្វឹកហាត់ធ្វើសង្គ្រាមនេះ សកម្មភាពហ្វឹកហាត់កងទ័ពជើងទឹកជាច្រើនប្រភេទរបស់សហរដ្ឋអាម៉េរិក ដូចជាការប្រយុទ្ធប្រឆាំងនឹងនាវាចម្បាំង ការប្រយុទ្ធប្រឆាំងនឹងគោលដៅលើអាកាស និងការប្រយុទ្ធប្រឆាំងនឹងនាវាមុជទឹក ត្រូវបានធ្វើឡើងយ៉ាងខ្លាំងក្លាក្នុងរយៈពេលជាង ១០ ថ្ងៃ។ លោកស្រីបានចាត់ទុក៖ «នេះគឺជាល្បែងសង្គ្រាមគំរាមកំហែងដោយផ្ទាល់ ដែលបង្កើតឡើងដោយសហរដ្ឋអាម៉េរិក សម្រាប់គោលបំណងនៃការប្រឈមមុខដាក់គ្នារវាងប្លុកនយោបាយនៅក្នុងតំបន់ ហើយនេះគឺជាផ្នែកមួយនៃផែនការនយោបាយ និងយោធារបស់សហរដ្ឋអាម៉េរិក ដើម្បីពង្រីកឥទ្ធិពលត្រួតត្រារបស់ខ្លួន ដោយពឹងផ្អែកលើកម្លាំងយោធានៃប្លុកសម្ព័ន្ធមិត្តផ្តាច់មុខនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលជាតំបន់មានមហាអំណាចធំៗជាច្រើនត្រូវបានចាត់ទុកថាជាគូប្រជែងសំខាន់របស់ខ្លួន៕