អាម៉េរិក៖ ក្រសួងការបរទេសអាម៉េរិកបានប្រកាសកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ថា សហរដ្ឋអាម៉េរិកបានអនុម័តការលក់យន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន ៤៨ គ្រឿង ក្នុងតម្លៃ ២៤,៣ ពាន់លានដុល្លារអាម៉េរិកទៅឱ្យអារ៉ាប៊ីសាអូឌីត។ ក្រសួងការបរទេសបានបញ្ជាក់ទៀតថា៖ «ការលក់ដែលបានស្នើឡើងនេះនឹងបង្កើនសមត្ថភាពរបស់អារ៉ាប៊ីសាអូឌីតក្នុងការទប់ស្កាត់ការគំរាមកំហែងទាំងបច្ចុប្បន្ន និងអនាគត ដោយពង្រឹងការការពារទឹកដីរបស់ខ្លួន និងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពប្រតិបត្តិការរួមគ្នាជាមួយកងកម្លាំងអាមេរិក»។
សេចក្តីថ្លែងការណ៍ដដែលបានបន្តថា៖ «នេះក៏នឹងបង្កើនចំនួនយន្តហោះប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីតកាន់តែច្រើនឡើង និងពង្រឹងសមត្ថភាពការពារខ្លួនទាំងការប្រយុទ្ធគ្នានៅលើអាកាស (air-to-air) និងការវាយប្រហារពីលើអាកាសទៅលើគោលដៅនៅលើដី (air-to-ground) ផងដែរ។ ក្រសួងការបរទេសបានជូនដំណឹងដល់សភាអំពីការលក់ដែលបានស្នើឡើងនេះ ដែលតម្រូវឱ្យមានការអនុម័តពីសមាជិកសភាអាម៉េរិកមុននឹងសម្រេចជាផ្លូវការ។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់សម្រាប់ការដឹកជញ្ជូនយន្តហោះទាំងនោះទេ។ ក្រសួងការបរទេសបន្តថា ការលក់យន្តហោះ F-35 នេះ «នឹងមិនផ្លាស់ប្តូរតុល្យភាពយោធានៅក្នុងតំបន់នោះទេ» ដោយគោរពតាមគោលនយោបាយរបស់សហរដ្ឋអាម៉េរិក។
គួររម្លឹកថារហូតមកដល់ពេលនេះ សហរដ្ឋអាម៉េរិកបានអនុញ្ញាតឱ្យលក់យន្តហោះ F-35 តែទៅឱ្យសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួនប៉ុណ្ណោះ រួមទាំងសម្ព័ន្ធមិត្ត NATO មួយចំនួននៅអឺរ៉ុប និងអ៊ីស្រាអែល។ទីក្រុងវ៉ាស៊ីនតោនបានដកប្រទេសតួកគី ដែលជាសមាជិក NATO ចេញពីកម្មវិធីលក់ F-35 ក្នុងឆ្នាំ ២០១៩ ដោយសារតែការទិញប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី។ នៅកាលពីដើមខែកញ្ញានេះ ក្រសួងការបរទេសអាម៉េរិកក៏បានប្រកាសអនុម័តការលក់គ្រាប់បែកជាង ១០,០០០ គ្រាប់ ដែលមានតម្លៃ ៥ ពាន់លានដុល្លារអាម៉េរិក ទៅឱ្យទីក្រុងរីយ៉ាដ (Riyadh) ដែលក្នុងនោះរួមមានទាំងអាវុធដែលមានកម្លាំងបំផ្លិចបំផ្លាញខ្ពស់ទម្ងន់ ២,០០០ ផោន ហើយក៏លក់រថក្រោះចំនួន ៦០ គ្រឿង និងឧបករណ៍ពាក់ព័ន្ធទៅឱ្យអារ៉ាប៊ីសាអូឌីតក្នុងតម្លៃ ៧៥០ លានដុល្លារអាម៉េរិកនៅខែនេះ និងកិច្ចព្រមព្រៀងតម្លៃ ១,៩៦ ពាន់លានដុល្លារអាម៉េរិកកាលពីខែកក្កដា។
អារ៉ាប៊ីសាអូឌីតបានរងការវាយប្រហារជាបន្តបន្ទាប់ដោយយន្តហោះគ្មានមនុស្សបើក (drone) និងមីស៊ីលពីសំណាក់កងកម្លាំងរបស់ទីក្រុងតេអេរ៉ង់ (Tehran) ចាប់តាំងពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលបានបើកប្រតិបត្តិការសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់កាលពីខែកុម្ភៈមក ហើយក៏បានរងការវាយប្រហារដោយក្រុមឧទ្ទាម Houthi របស់ប្រទេសយេម៉ែន ដែលគាំទ្រដោយអ៊ីរ៉ង់ផងដែរ៕