កំពង់ធំ៖ វិទ្យាល័យ ជា ចាន់តូ (Chea Chanto College) ដែលមានទីតាំងស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ផ្តល់ការអប់រំកម្រិតខ្ពស់សម្រាប់យុវជនក្នុងមូលដ្ឋានដែលមកពីគ្រួសារខ្វះខាត តាមរយៈការសម្រិតសម្រាំងជ្រើសរើសសិស្សថ្នាក់ទី១០ ចេញពីគ្រប់វិទ្យាល័យទូទាំងខេត្តកំពង់ធំ។ សាលានឹងពង្រឹងសិស្សឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងដណ្តើមយកអាហារូបករណ៍ទៅបន្តការសិក្សានៅក្រៅប្រទេសនាពេលអនាគត។
វិទ្យាល័យ ជា ចាន់តូ (Chea Chanto College) ជាគ្រឹះស្ថានអប់រំ ដែលរៀបចំកម្មវិធីសិក្សាបែបពន្លឿន និងស៊ីជម្រៅ ដោយផ្តោតជាពិសេសលើការពង្រឹងភាសាអង់គ្លេស និងបណ្តាមុខវិជ្ជាស្នូលសំខាន់ៗ សំដៅរៀបចំមូលដ្ឋានគ្រឹះយ៉ាងរឹងមាំឱ្យសិស្សានុសិស្សមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងដណ្តើមយកអាហារូបករណ៍ទៅបន្តការសិក្សានៅក្រៅប្រទេស។
បើតាមគេហទំព័ររបស់លោកស្រី ជា សិរី សាលាមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់សិស្ស ពោលគឺសិស្សដែលមកពីគ្រួសារខ្វះខាតទទួលបានការស្នាក់នៅផ្ទាល់ក្នុងសាលា ព្រមទាំងអាហារពេលល្ងាចបន្ថែម ចំណែកឯសិស្សដទៃទៀតត្រូវបានសម្រួលការធ្វើដំណើរដោយមានរថយន្តសាលាទៅទទួលមករៀន ជារៀងរាល់ព្រឹក។ លើសពីនេះ សិស្សទាំងអស់ទទួលបានអាហារថ្ងៃត្រង់មួយពេល និងអាហារសម្រន់ពីរពេលជារៀងរាល់ថ្ងៃ ដោយមិនចាំបាច់បង់ថ្លៃសេវា ឬថ្លៃសិក្សាណាមួយឡើយ។
ក្នុងនោះ លោកស្រី បានបន្តរៀបរាប់ថា ឱកាសស្មើភាពទាំងនេះត្រូវបានផ្តល់ជូនក្រោមលក្ខខណ្ឌតែមួយគត់ គឺការតាំងចិត្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យអស់ពីសមត្ថភាព ដើម្បីកសាងអនាគតផ្ទាល់ខ្លួន នាំកិត្តិយសជូនគ្រួសារ និងសាលា ព្រមទាំងប្រែក្លាយខ្លួនជាមូលធនមនុស្សប្រកបដោយគុណភាពក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ។
គួរបញ្ជាក់ថា លោកស្រី ជា សិរី និងក្រុមគ្រួសារ គឺជាអ្នកផ្តួចផ្តើមបង្កើត និងកសាងវិទ្យាល័យ «ជា ចាន់តូ» (Chea Chanto College) នេះឡើងក្នុងស្រុកកំណើត នៅស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីបន្តកេរដំណែល និងការលះបង់របស់លោកឪពុកក្នុងវិស័យអប់រំ ដែលសាលានេះត្រូវបានប្រសិទ្ធនាមឡើងដើម្បីជាកិត្តិយសជូនចំពោះលោក។ លោកស្រី ជា សិរី គឺជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាកូនស្រីបង្កើតរបស់ លោក ជា ចាន់តូ ដែលជាអតីតអគ្គទេសាភិបាលកិត្តិយស នៃធនាគារជាតិកម្ពុជា៕