បាងកក៖ នគរបាលអន្តោប្រវេសន៍ថៃ បានចុះបង្ក្រាប និងឃាត់ខ្លួនក្រុមជនបរទេសមួយក្រុម ដែលបានជួលភូមិគ្រឹះមួយកន្លែងក្នុងទីក្រុងបាងកក ក្នុងតម្លៃ ៩០០,០០០ បាត (ប្រមាណ ២៧,០០០ ដុល្លារ) ក្នុងមួយខែ ដើម្បីបើកប្រតិបត្តិការមជ្ឈមណ្ឌលឆបោកតាមទូរស័ព្ទ (Call Center) ជម្រិតទារប្រាក់ពីជនជាតិជប៉ុន។

យោងតាមកាសែតថៃ Bangkok Post បានផ្សព្វផ្សាយថា ប្រតិបត្តិការឆែកឆេរនេះ បានធ្វើឡើងកាលពីយប់ថ្ងៃពុធ នៅភូមិគ្រឹះពីរជាន់មួយកន្លែង លើផ្លូវ Ekachai 112 ក្នុងខណ្ឌ Bang Bon បន្ទាប់ពីទទួលបានតម្រុយពីប្រជាពលរដ្ឋរស់នៅជិតខាង ដែលមានការសង្ស័យលើវត្តមានជនបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ចេញចូលមិនប្រក្រតី។ ប្រតិបត្តិការនេះបានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យសរុប ១៦ នាក់ ក្នុងនោះមានបុរសជនជាតិចិន ជប៉ុន និងតៃវ៉ាន់ចំនួន ១៥ នាក់ ព្រមទាំងបុរសជនជាតិថៃម្នាក់។
ភូមិគ្រឹះ ក្រុមឆបោកបានកែច្នៃ និង តុបតែងបន្ទប់ជាច្រើនឱ្យមានរូបរាងដូចជាអធិការដ្ឋាននគរបាលជប៉ុនបេះបិទ។អាជ្ញាធរប្រមូលបានវត្ថុតាងជាច្រើន រួមមាន៖ ស្គ្រីបសន្ទនាជាភាសាជប៉ុន ឯកសណ្ឋានក្លែងក្លាយ ប័ណ្ណសម្គាល់ខ្លួន និងផ្លាកសញ្ញានគរបាលជប៉ុន ខណៈដែលជាន់ផ្ទាល់ដីត្រូវបានរៀបចំជាបន្ទប់ខារ៉ាអូខេ និងបន្ទប់លេងល្បែងបៀរ (Poker)។
ក្រុម Online Scams បានប្រើប្រាស់បន្ទប់ដែលកែច្នៃដូចប៉ុស្តិ៍ប៉ូលីសទាំងនោះ ធ្វើការហៅចេញជាវីដេអូ (Video Call) ទៅកាន់ជនរងគ្រោះនៅប្រទេសជប៉ុន ដោយបន្លំខ្លួនធ្វើជានគរបាល ហើយប្រាប់ទៅគោលដៅថា ប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេមានភាពសង្ស័យ តម្រូវឱ្យវេរប្រាក់មកកាន់ពួកគេដើម្បីធ្វើការផ្ទៀងផ្ទាត់៕