ភ្នំពេញ៖ យុវជន ឃី ពេជ្រសេរីវឌ្ឍនៈ និងបានបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំសិក្សា ២០២៣ និងជានិស្សិតអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ (Techo Digital Talent Scholarship) ជំនាន់ទី 4។ សម្រាប់វឌ្ឍនៈ ក្នុងនាមជានិស្សិតអាហារូបករណ៍គាត់ទទួលបានលើសពីការឧបត្ថម្ភថ្លៃសិក្សា ព្រោះវឌ្ឍនៈមិនត្រូវបាន ទាមទារឱ្យចូលរួមក្នុងសកម្មភាព ឬព្រឹត្តិការណ៍ណាមួយដើម្បីសងត្រឡប់ទៅអាហារូបករណ៍ ដោយគ្រាន់តែផ្តោតលើការសិក្សា។
នៅក្នុងបទសម្ភាសជាមួយស៊ីស៊ីថាមស៍ វឌ្ឍនៈ បាននិយាយថា បច្ចុប្បន្ននេះ លោកជានិស្សិតឆ្នាំទី4 សិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science) ដោយផ្តោតលើជំនាញវិទ្យាសាស្ត្រទិន្នន័យ (Data Science) នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ក្រោមអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ។ អាហារូបករណ៍នេះ គឺជាឱកាសមួយសម្រាប់សិស្សដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញពាក់ព័ន្ទនឹងផ្នែកបច្ចេកវិទ្យាឌីជីថល។ យុវជនរូបនេះ យល់ថា អាហារូបករណ៍នេះ មិនត្រឹមតែទទួលបានការជួយបង់ថ្លៃសិក្សាចំនួនបួនឆ្នាំចំពោះជំនាញដែលគាត់បានរៀបរាប់ប៉ុណ្ណោះ គាត់ថែមទាំងទទួលបានកុំព្យូទ័រយួរដៃ ដែលជាសម្ភារៈចាំបាច់នៅក្នុងការសិក្សាជាប្រចាំរបស់ខ្លួនដូចជា ការស្រាវជ្រាវ ការធ្វើកិច្ចការសាលា ការអនុវត្តគម្រោង និងការស្វែងយល់ពីចំណេះដឹងថ្មីៗទៀតបង។ បន្ថែមពីនេះ អ្វីដែលគាត់កាន់តែពេញចិត្តគឺអាហារូបករណ៍មិនត្រូវឱ្យសិស្សសងត្រឡប់ចំពោះឱកាសអាហារូបករណ៍តាមរយៈការទាមទារឱ្យចូលរួមក្នុងសកម្មភាព ឬព្រឹត្តិការណ៍ណាមួយឡើយ។ ប៉ុន្តែ អាហារូបករណ៍លើកទឹកចិត្ត និងជម្រុញឱ្យសិស្សប្រើឱកាសនេះឱ្យមានប្រយោជន៍ប្រកបដោយប្រសិទ្ធិភាព ដូចជា ខិតខំសិក្សារៀនសូត្រ និងចូលរួមចំណែកក្នុងសង្គមតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងឌីជីថលតាមមធ្យោបាយរៀងៗខ្លួន។
នៅក្នុងបទសម្ភាសជាមួយស៊ីស៊ីថាមស៍ វឌ្ឍនៈ ក៏បានរៀបរាប់នូវមមុខវិជ្ជា និងសកម្មភាពមួយចំនួនដែលគាត់បានធ្វើនៅក្នុងជំនាញដែលគាត់កំពុងរៀន ដែលរួមមាន ការសិក្សាទាក់ទងនឹងការប្រើប្រាស់ទិន្នន័យ ចាប់តាំងពីការប្រមូល និងការកែច្នៃ រហូតដល់ការវិភាគ ការបង្ហាញទិន្នន័យជាក្រាហ្វិក (visualization) និងការប្រើប្រាស់ទិន្នន័យទាំងនោះដើម្បីគាំទ្រដល់ការសម្រេចចិត្ត។ លើសពីនេះ វឌ្ឍនៈ ក៏បានសិក្សាអំពីមុខវិជ្ជាពាក់ព័ន្ធផ្សេងទៀតដូចជា ការសរសេរកូដ (programming) ប្រព័ន្ធផ្ទុកទិន្នន័យ ស្ថិតិ និងបញ្ញាសិប្បនិម្មិត (AI) ផងដែរ។ ទន្ទឹមគ្នា ការសិក្សារបស់គាត់គឺរួមបញ្ចូលទាំងទ្រឹស្តី និងការអនុវត្ត។ ក្រៅពីការសិក្សានៅក្នុងថ្នាក់ កិច្ចការសាលា គាត់ក៏ធ្វើគម្រោង (capstone projects) ចំនួនពីរ ដែលតម្រូវឱ្យយើងធ្វើការជាក្រុម ដើម្បីប្រើប្រាស់ចំណេះដឹងដែលបានរៀនក្នុងថ្នាក់ និងបង្កើតគម្រោងដែលមានសារៈសំខាន់ ជាប្រយោជន៍ ដោយផ្អែកលើបញ្ហាជួបប្រទះជាក់ស្តែង។ បន្ថែមពីនេះ និស្សិតក៏មានឱកាសចុះកម្មសិក្សាចំនួន ២ដង ដែលជាផ្នែកនៃកម្មវិធីសិក្សាផងដែរ ដើម្បីយកជំនាញដែលរៀនបាន ទៅអនុវត្តដោយផ្ទាល់។
វឌ្ឍនៈ ក៏បានរៀបរាប់បន្ថែមថា ក្រៅពីការសិក្សា គាត់ក៏បានរួមចំណែកក្នុងសកម្មភាពសង្គមមួយចំនួនដែលបានធ្វើដូចជា សកម្មភាពស្ម័គ្រចិត្ត កម្មវិធីសហគមន៍ និងព្រឹត្តិការណ៍នានាដែលពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា។ ក្នុងនោះរួមមាន AI4Education, CODE-C, University & TVET Fair និងវេទិការដ្ឋាភិបាលឌីជីថល (DGF) ដែលរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC)។ លើសពីនេះ គាត់ធ្លាប់បានបំពេញតួនាទីជាប្រធានដឹកនាំកម្មវិធី (Program Lead) សម្រាប់កម្មវិធី Next-Gen Engagement Program ជំនាន់ទី២ ដែលជាឱកាសមួយឱ្យគាត់បានសហការជាមួយនិស្សិតផ្សេងទៀត និងរួមចំណែកដល់សហគមន៍និស្សិត។
ចំពោះ វឌ្ឍនៈ ជាសាមីខ្លួនផ្ទាល់ គាត់យល់ថា ៖”ការរួមចំណែកត្រឡប់ទៅកាន់សង្គមវិញ មិនចាំបាច់ត្រូវតែជាអ្វីដែលធំដុំនោះទេ។ វាអាចចាប់ផ្តើមពីការចែករំលែកចំណេះដឹង ការជួយអ្នកដទៃ និងការប្រើប្រាស់ពេលវេលាព្រមទាំងជំនាញរបស់យើង ដើម្បីរួមចំណែកដល់សហគមន៍ដែលនៅជុំវិញខ្លួនយើង”។
បើនិយាយពីក្តីស្រមៃ គាត់បានប្រាប់ថា បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និស្សិតអាហារូបករណ៍រូបនេះមានបំណងបន្តការសិក្សាថ្នាក់អនុបណ្ឌិតលើជំនាញដែលពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត (AI) ព្រោះចង់ពង្រឹងចំណេះដឹងផ្នែក AI ឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងទទួលបានបទពិសោធន៍ក្នុងបរិយាកាសសិក្សា និងវប្បធម៌ដែលខុសប្លែកពីអ្វីដែលគាត់ធ្លាប់ជួបប្រទះ។ចំពោះអាជីពការងារនាពេលអនាគត វឌ្ឍនៈ មើលឃើញខ្លួនឯងបម្រើការងារ ជាអ្នកវិទ្យាសាស្ត្រទិន្នន័យ ជាពិសេសនៅក្នុងវិស័យអប់រំ ឬវិស័យសាធារណៈ ដែលគាត់អាចប្រើប្រាស់បច្ចេកវិទ្យា ដើម្បីកែលម្អសេវាកម្ម គាំទ្រដល់ការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព និងដោះស្រាយបញ្ហាជាក់ស្តែងនានា។
ទន្ទឹមគ្នា វឌ្ឍនៈ ក៏បានគូសបញ្ជាក់ពីលក្ខខត្តិកៈមួយចំនួនដើម្បីដាក់អាហារូបករណ៍ និងចែករំលែកអំពីបទពិសោធន៍របស់ខ្លួនក្នុងពេលប្រឡង។ គាត់បានរៀបរាប់ថា អាហារូបករណ៍នេះផ្តល់ឱ្យសិស្សដែលទើបតែបញ្ចប់បាក់ឌុប ដែលទទួលបាននិទ្ទេស A, B, C។ គាត់ណែនាំ ឱ្យបេក្ខជនត្រៀមខ្លួនជាចម្បងលើមុខវិជ្ជាគណិតវិទ្យា តក្កវិជ្ជា (Logic) និងភាសាអង់គ្លេសព្រោះនិស្សិតនឹងសិក្សាកម្មវិធីសិក្សាជាភាសាអង់គ្លេស។ ការប្រឡង ធ្វើឡើងនៅ CADT (លើកលែងតែសាលា AUPP) ត្រូវបានធ្វើផ្តល់ឡើងចំនួនពីរជុំ ដោយប្រើប្រាស់ទម្រង់សំណួរពហុជ្រើសរើស (Multiple-choice/QCM) នៅលើកុំព្យូទ័របស់ CADT។ សម្រាប់ជុំទីមួយ បេក្ខជនអាចជ្រើសរើសកាលបរិច្ឆេទ និងវេនប្រឡងដោយខ្លួនឯង (វេនព្រឹក ឬវេនរសៀល)។ នៅក្នុងការប្រឡងជុំទី១ គឺមិនស្មុគស្មាញទេ ដោយបេក្ខជនអាចដឹងលទ្ធផលបានដោយខ្លួនឯងនៅក្នុងកុំព្យូទ័រ ប្រសិនបើទទួលបានពិន្ទុលើសពី ៥០% នោះនឹងជាប់ជុំទីមួយ ហើយមានសិទ្ធិបន្តទៅប្រឡងជុំទីពីរ។ គាត់បន្តថា ជុំទីពីរមានលក្ខណៈខុសគ្នាបន្តិចបន្តួច ដោយសារកាលបរិច្ឆេទប្រឡងត្រូវបានកំណត់ដោយសាលា។ បេក្ខជនដែលជាប់ជម្រុះត្រូវមកបង្ហាញខ្លួននៅថ្ងៃដែលបានកំណត់នោះ ដើម្បីប្រឡងជុំទីពីរ រួចរង់ចាំលទ្ធផលចុងក្រោយ ដែលជាធម្មតាត្រូវបានប្រកាសតាមរយៈ CADT, MPTC ឬបណ្តាញទំនាក់ទំនងផ្លូវការរបស់អាហារូបករណ៍។
ជាចុងក្រោយ វឌ្ឍនៈបានណែនាំឱ្យសិស្សប្អូនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ ឱ្យស្វែងយល់ពីអាហារូបករណ៍ អាននិតិវិធី និងតម្រូវការនីមួយៗឱ្យបានច្បាស់ជាមុន ហើយត្រូវប្រាកដថាជាមុខជំនាញដែលខ្លួនពេញចិត្ត ព្រមទាំងជ្រើសរើសកាលបរិច្ឆេទសម្រាប់ការប្រឡងជុំទីមួយ និងការត្រៀមខ្លួនសម្រាប់ការប្រឡងចូលឱ្យសមស្របទៅនឹងពេលវេលារបស់ខ្លួន។ វឌ្ឍនៈ បានណែនាំឱ្យសិស្សប្អូន យកចិត្តទុកដាក់លើមុខវិជ្ជាគណិតវិទ្យា តក្កវិជ្ជា និងភាសាអង់គ្លេស ហើយគណិតវិទ្យា អាចចេញតាំងពីកម្រិតថ្នាក់ទី7 រហូតដល់ ទី12 ដូចជា ស្វ៊ីត ត្រីកោណ ឬ ផលចែករួមធំបំផុត និងអនុវត្តលំហាត់ដែលខ្លួនគិតថាមិនសូវចេះ ព្រមទាំងធ្វើឱ្យខ្លួនឱ្យស៊ាំនឹងទម្រង់សំណួរដែលជាពហុជ្រើសរើស ព្រមទាំងអានសំណួរនីមួយៗឱ្យបានច្បាស់នៅថ្ងៃប្រឡង។ នៅថ្ងៃប្រឡងជុំទី១ សូមត្រៀមខ្លួនឱ្យរួចរាល់ និងមកដល់ទាន់ពេលវេលា រក្សាភាពស្ងប់ស្ងាត់ អានសំណួរនីមួយៗឱ្យបានល្អិតល្អន់ និងចេះបែងចែកពេលវេលាឱ្យបានត្រឹមត្រូវ។ ប្រសិនបើបេក្ខជនប្រឡងជាប់ជុំទីមួយ កុំឈប់ត្រៀមខ្លួនឱ្យសោះ ត្រូវចំណេះដឹង ក៏ដូចជា តិចនិក ដែលទទួលបានពីការប្រឡងជុំទីមួយមកប្រើប្រាស់ ដើម្បីត្រៀមខ្លួនឱ្យកាន់តែល្អប្រសើរសម្រាប់ការប្រឡងជុំទីពីរ ហើយអ្វីដែលសំខាន់បំផុតនោះគឺ ត្រូវជឿជាក់លើខ្លួនឯង និងផ្តល់ឱកាសឱ្យខ្លួនឯងបានសាកល្បង។
នៅក្នុងការបញ្ចប់កិច្ចសម្ភាស វឌ្ឍនៈ បានផ្តល់ដំបូន្មានដល់សិស្សប្អូនថា ៖” អ្វីដែលសំខាន់បំផុតនោះគឺ ត្រូវជឿជាក់លើខ្លួនឯង និងផ្តល់ឱកាសឱ្យខ្លួនឯងបានសាកល្បង។ ទោះបីជាមានសិស្សជាច្រើនដាក់ពាក្យក៏ដោយ កុំឱ្យការប្រកួតប្រជែងនេះរារាំងអ្នកបាន។ ចូរត្រៀមខ្លួនឱ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ព្រោះប្អូនៗអាចនឹងក្លាយជាសិស្សម្នាក់ដែលទទួលបានអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ (Techo Digital Talent Scholarship) នេះ”។
គួរបញ្ជាក់ថា ក្នុងឆ្នាំសិក្សា ២០២៦-២០២៧ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្ដល់អាហារូបករណ៍ចំនួន ៦០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន ៧ រួមមាន ១. CADT, ITC, RUPP, NUM, Paragon, AUPP និង UC។ ចំពោះសាកលវិទ្យាល័យ CADT, ITC, RUPP, NUM, Paragon និង UC សិស្សត្រូវចុះឈ្មោះតាម: https://cadt.edu.kh/scholarship/ ឱ្យបានត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ ចំណែកសិស្សដែលចង់ដាក់ទៅ AUPP ត្រូវចុះឈ្មោះដោយផ្ទាល់នៅសាកលវិទ្យាល័យ AUPP ឱ្យបានមុនថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។ព័ត៌មានលម្អិត សិស្សអាចអានបន្ថែមតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/cdh1s6៕