ព្យុងយ៉ាង៖ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ (ទី១៧ ខែកញ្ញា) ថាឋានៈជាប្រទេសមានអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងគឺជាអ្វីដែលមិនអាចផ្លាស់ប្តូរបានឡើយ លោកស្រីបានចាត់ទុកបណ្តាប្រទេសដែលធ្លាប់សង្ឃឹមថាកូរ៉េខាងជើងនឹងលះបង់អាវុធនុយក្លេអ៊ែរថាជា«មនុស្សល្ងីល្ងើ»។ការលើកឡើងបែបនេះរបស់លោកស្រី គីម យ៉ូជុង (Kim Yo Jong) ធ្វើឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំទូទៅរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នៅទីក្រុងវីយែន ដែលនៅទីនោះលោកស្រីបានលើកឡើងថាការលើកឡើងដដែលៗបែប «ល្ងីល្ងើ» អំពីកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងគឺជារឿងដែលមិនអាចទៅរួចសោះឡើយ។ លោកស្រីថាប្រសិនបើពួកគេជឿថាវាអាចទៅរួចមែននោះ ពួកគេនឹងទទួលបានតែការឆ្លើយតបថាជាមនុស្សល្ងីល្ងើប៉ុណ្ណោះ។
លោកស្រី គីម យ៉ូជុង (Kim Yo Jong) ដែលជាប្អូនស្រីរបស់លោក គីម បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សព្វផ្សាយដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA ថា៖ «ឋានៈរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (DPRK) ក្នុងនាមជាប្រទេសមានអាវុធនុយក្លេអ៊ែរ គឺជាអ្វីដែលមិនអាចផ្លាស់ប្តូរបានជាដាច់ខាត ហើយមិនអាចផ្លាស់ប្តូរត្រឡប់ក្រោយវិញបានឡើយ។លោកស្រីបន្ថែមថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាងបានរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់សកម្មភាពដ៏អាក្រក់របស់ក្រុមជនពាលអន្តរជាតិ។ លោកស្រីបានបន្ថែមថា៖ ទោះបីជាកងកម្លាំងអរិភាពព្យាយាមបដិសេធដោយប្រើពាក្យសម្តីយ៉ាងណាក៏ដោយ ក៏ការពិតដែលថាឋានៈនុយក្លេអ៊ែររបស់កូរ៉េខាងជើងត្រូវបានបង្កើតឡើងយ៉ាងរឹងមាំទាំងផ្នែករូបវន្ត និងផ្នែកច្បាប់ជាអចិន្ត្រៃយ៍នោះ គឺមិនអាចផ្លាស់ប្តូរបានសូម្បីតែបន្តិចឡើយ។
គួររម្លឹកថាកូរ៉េខាងជើងបានចែងជាផ្លូវច្បាប់នូវឋានៈរបស់ខ្លួនជាប្រទេសមានអាវុធនុយក្លេអ៊ែរ ដោយថ្នាក់ដឹកនាំរបស់ខ្លួនបានប្រកាសថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនគឺមានលក្ខណៈអចិន្ត្រៃយ៍ និងមិនអាចត្រឡប់ក្រោយវិញបានឡើយ ស្របពេលដែលថ្មីៗនេះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានលើកឡើងថា ទីក្រុងព្យុងយ៉ាងមានអាវុធនុយក្លេអ៊ែរដ៏មានអានុភាពខ្លាំងចំនួន ៥៧គ្រាប់ ខណៈដែលទីក្រុងសេអ៊ូលប៉ាន់ប្រមាណថាចំនួននេះមានចន្លោះពី ៨០ ទៅ ១២០គ្រាប់៕