Swift cc time

យុវតី ២ រូប ជាប់អាហារូបករណ៍សិក្សានៅវិទ្យាល័យលំដាប់ពិភពលោក នៅប្រទេសសិង្ហបុរី រយៈពេល៥ឆ្នាំ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
ប្រភព៖ គេហទំព័រ UWC Cambodia

ភ្នំពេញ៖ យុវតីកម្ពុជាចំនួន ២ រូប ជាប់អាហារូបករណ៍ទៅសិក្សាថ្នាក់វិទ្យាល័យលំដាប់អន្តរជាតិ នៅ United World College South East Asia (UWC SEA) សាខា Dover Campus នៃប្រទេសសិង្ហបុរី ពីឆ្នាំ២០២៦ ដល់ ឆ្នាំ២០៣១។ យុវតីឆ្នើមទាំងពីររូបដែលទទួលបានឱកាសសិក្សានេះរួមមាន យុវសិស្ស ឡេង វីឡានី មកពីខេត្តកំពង់ធំ និងយុវសិស្ស ឌិត សូលីណា មកពីរាជធានីភ្នំពេញ។

UWCSEA Dover Campus ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧១ នៅប្រទេសសិង្ហបុរី គឺជាសាខាដ៏ធំ និងលេចធ្លោបំផុតមួយក្នុងបណ្តាញ United World Colleges (UWC) ដោយប្រមូលផ្តុំសិស្សានុសិស្សចម្រុះជាតិសាសន៍មកពីជាង ៨០ ប្រទេសជុំវិញពិភពលោក។ តាមរយៈអាហារូបករណ៍នេះ យុវតីខ្មែរទាំងពីររូបនឹងត្រូវស្នាក់នៅក្នុងអន្តេវាសិកដ្ឋានរួមគ្នាជាមួយមិត្តភក្តិមកពីជុំវិញសកលលោក ដែលជាឱកាសក្នុងការបណ្ដុះភាពឯករាជ្យ ការយល់ដឹងស៊ីជម្រៅពីភាពចម្រុះនៃវប្បធម៌ និងការកសាងបណ្តាញទំនាក់ទំនងអន្តរជាតិយ៉ាងទូលំទូលាយ ក្នុងដំណើរការសិក្សារយៈពេល ៥ ឆ្នាំ។

 

គួររម្លឹកថា United World Colleges គឺជាចលនាអប់រំលំដាប់អន្តរជាតិដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦២ ដោយអ្នកអប់រំជនជាតិអាល្លឺម៉ង់ លោក Kurt Hahn ក្នុងគោលបំណងប្រើប្រាស់ការអប់រំជាកម្លាំងចលករក្នុងការបង្រួបបង្រួមមនុស្ស ជាតិសាសន៍ និងវប្បធម៌ចម្រុះ ដើម្បីសន្តិភាព និងអនាគតប្រកបដោយនិរន្តរភាព។ បច្ចុប្បន្ន UWC មានសាលាចំនួន ១៨ កន្លែងនៅទូទាំងពិភពលោក ហើយក៏ជាសហស្ថាបនិកនៃកម្មវិធីអប់រំអន្តរជាតិដ៏ល្បីល្បាញ International Baccalaureate (IB) ផងដែរ៕

Khcct banner

អត្ថបទទាក់ទង