ប៉េកាំង៖ រដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun បានថ្លែងជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីការពារសន្តិភាព និងស្ថិរភាព លោកក៏បានគូសបញ្ជាក់ថាកងទ័ពចិនត្រៀមខ្លួនរួចរាល់ក្នុងការសហការជាមួយភាគីទាំងអស់ ដើម្បីរួមគ្នាការពារស្ថិរភាពអន្តរជាតិ និងតំបន់ បង្កើតបរិយាកាសសន្តិសុខអំណោយផល និងផ្តល់ការធានាសម្រាប់ការអភិវឌ្ឍដោយសន្តិវិធី។ការថ្លែងបែបនេះរបស់លោកធ្វើឡើងក្នុងអំឡុងពេលនៃជំនួបដាច់ដោយឡែកជាមួយមេដឹកនាំវិស័យការពារជាតិនៃប្រទេសថៃ ម៉ុងហ្គោលី កម្ពុជា និងសិង្ហបុរី នៅទីក្រុងប៉េកាំងក្នុងវេទិកា Beijing Xiangshan លើកទី១៣ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍ ក្រោមប្រធានបទ "កសាងការឯកភាពគ្នាលើស្ថិរភាព និងជំរុញការគ្រប់គ្រងសន្តិសុខរួមគ្នា" វេទិកាឆ្នាំនេះបានទាក់ទាញអ្នកចូលរួមមកពីប្រទេស តំបន់ និងអង្គការអន្តរជាតិជិត ១០០។
លោក Dong បានមានប្រសាសន៍ថា នៅក្នុងការគ្រប់គ្រងសកលលោក ការនៅទ្រឹងគឺស្មើនឹងការថយក្រោយ ហើយនៅដំណាក់កាលដ៏សំខាន់នេះ ការស្វែងរកសន្តិភាព និងការអភិវឌ្ឍ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការប្រកាន់ខ្ជាប់នូវយុត្តិធម៌ គឺជាបំណងប្រាថ្នារួមរបស់មនុស្សគ្រប់គ្នា។
រដ្ឋមន្រ្តីការពារជាតិចិនរូបនេះបញ្ជាក់ទៀតថា ទ្វារត្រូវបានបើកចំហសម្រាប់ការសន្ទនា មតិយោបល់ផ្សេងៗត្រូវបានទទួលស្ដាប់ ហើយប្រទេសទាំងអស់ត្រូវបានចាត់ទុកដោយស្មើភាពគ្នា ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាសំខាន់ៗ កសាងការឯកភាពគ្នា ស្វែងរកសន្តិភាព និងកិច្ចសហប្រតិបត្តិការ តាមរយៈការប្រមូលផ្តុំនូវគតិបណ្ឌិត និងសំណើផ្សេងៗដើម្បីដោះស្រាយបញ្ហាកំពុងតែប្រឈមនាៗ។
គួររម្លឹកថាបើគ្មានអ្វីប្រែប្រួលនោះទេលោកប្រធានាធិបតីចិន ស៊ី ជិនពីង នឹងទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាម៉េរិក និងជួបពិភាក្សាជាមួយលោក ត្រាំ (Trump) នៅថ្ងៃទី ២៤ ខែកញ្ញាខាងមុខនេះ ក្នុងជំនួបកំពូលលើកទីពីររបស់លោកទាំងពីរនៅឆ្នាំនេះ ដោយលោកទាំងពីរនឹងជជែកពីប្រធានបទសំខាន់ៗជាច្រើនរួមទាំងការរក្សាស្ថិរភាពទំនាក់ទំនង បញ្ហាពាណិជ្ជកម្ម បច្ចេកវិទ្យា និងសន្តិសុខក្នុងតំបន់ និងសង្រ្គាមជាដើម៕