តេអេរ៉ង់៖ យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737-300 របស់ក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ Sepehran Airlines បានជួបប្រទះការរំញ័រយ៉ាងខ្លាំង និងខូចខាតតួក្នុងភ្លាមៗក្រោយពេលហោះហើរឡើងពីទីក្រុង Mashhad ឆ្ពោះទៅកាន់ទីក្រុង Kermanshah ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី១៥ ខែកញ្ញា។ តាមការបញ្ជាក់ពីអាជ្ញាធរអាកាសចរណ៍ស៊ីវិល មូលហេតុបច្ចេកទេសគឺបណ្តាលមកពីក្រឡាកង់យន្តហោះ (Tire tread) មួយផ្នែកបានរបូតដាច់អំឡុងពេលហោះឡើង (Takeoff) ដែលបានទៅប៉ះពាល់ដល់ម៉ាស៊ីនយន្តហោះ និងបង្កើតជារំញ័ររ៉ែងរ៉ង់ខ្លាំងក្លាពេញកាប៊ីន។
យោងតាមការចេញផ្សាយរបស់កាសែត South China Morning Post ស្ថានភាពដ៏រន្ធត់ក្នុងវីដេអូដែលត្រូវបានចែករំលែកលើបណ្តាញសង្គមបានបង្ហាញថា ការរញ័រយ៉ាងខ្លាំងនោះបានធ្វើឱ្យ ពិដានខាងក្នុងកាប៊ីន (Cabin ceiling panels) ត្រង់កន្លែងផ្ទុកអីវ៉ាន់របូតធ្លាក់មកលើកៅអីអង្គុយ បង្កឱ្យអ្នកដំណើរភ័យស្លន់ស្លោ ស្រែកទួញសោក និងបួងសួងយ៉ាងខ្លាំង។
ភ្លាមៗ អ្នកបើកបរយន្តហោះបានសម្រេចចិត្តបត់ក្បាលយន្តហោះត្រឡប់មកវិញ ហើយបានចុះចតជាបន្ទាន់ដោយសុវត្ថិភាព (Emergency landing) នៅអាកាសយានដ្ឋានអន្តរជាតិ Mashhad ដោយគ្មានអ្នកដំណើរ ឬក្រុមនាវិកណាម្នាក់ទទួលរងរបួសឡើយ ហើយអ្នកដំណើរទាំងអស់ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព៕