ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីពិភាក្សាដេញដោលយុវជន
វគ្គផ្តាច់ព្រ័ត្រក្រោមប្រធានបទ “ កម្ពុជាគប្បីផ្តល់អាទិភាពលើការក្លាយជាអ្នកនាំចេញសេវាកម្ម តាមប្រព័ន្ធឌីជីថលជាជាងការពង្រីកការនាំចេញទំនិញរូបវន្តដែលគាំទ្រដោយប្រព័ន្ធឌីជីថល នៅឆ្នាំ២០៣០”។ កម្មវិធីនេះ ធ្វើឡើងដោយអមជាមួយ«វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០»។
យោងតាមក្រសួងពាណិជ្ជកម្ម ម្ចាស់ជ័យលាភីលេខមួយបានទៅលើក្រុមបដិសេធ ដែលមកពីវិទ្យាស្ថានខេមអេដ (CamEd) ។ ជាមួយគ្នានេះ សមាជិកទាំងបួនរូបនៃក្រុមបដិសេធរួមមាន កញ្ញា ណាត សូលីតា, កញ្ញា ចៅ យិញហ្វុង, លោក មាស ណារ៉ា និងកញ្ញា ហេង លាងឆេង។ ជាមួយគ្នានេះ ជ័យលាភីលេខពីរ បានទៅលើក្រុមស្រប ដែលមកពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ ក្នុងនោះ សមាជិកទាំងបួនរូបរួមមាន លោក ហុង ស៊ីនឌី, កញ្ញា អ៊ីវ ម៉ីតាន, កញ្ញា ហេង និស្ស័យ, និងលោក ជៀម គីមហុង។ ទន្ទឹមគ្នា ជ័យលាភីលេខបី បានទៅលើនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័អាមេរិកាំងភ្នំពេញ។
ឆ្លៀតក្នុងឱកាសនេះ លោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថាវេទិកានេះមានសារៈសំខាន់ជាយុទ្ធសាស្ត្រក្នុងការជំរុញការចូលរួមរបស់យុវជនជំនាន់ក្រោយ ឱ្យមានការសន្ទនា ផ្លាស់ប្តូរគំនិត និងពង្រីកការយល់ដឹងស៊ីជម្រៅអំពីសក្តានុពលនៃ "ពាណិជ្ជកម្មឌីជីថល" ដែលជាមូលដ្ឋានគ្រឹះឆ្ពោះទៅរកការកសាងអនាគតសេដ្ឋកិច្ចឌីជីថលដ៏ឆ្លាតវៃ និងរឹងមាំសម្រាប់កម្ពុជា។ បន្ថែមពីនេះ លោកក៏បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា លទ្ធផល និងស្មារតីនៃការប្រកួតប្រជែងនៅថ្ងៃនេះ នឹងក្លាយជាចលករជំរុញឱ្យយុវជនកម្ពុជាកាន់តែច្រើន បន្តស្វែងយល់ និងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មឌីជីថលជាតិឱ្យកាន់តែរីកចម្រើននាពេលអនាគត។
គួរបញ្ជាក់ថា នៅក្នុងដំណើរការនៃកម្មវិធីពិភាក្សាដេញដោលនេះ មានក្រុមនិស្សិតមកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន ៨ផ្សេងៗគ្នា រួមមាន វិទ្យាស្ថានខេមអេដ (CamEd) បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័អាមេរិកាំងភ្នំពេញ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា និងសាកលវិទ្យាល័យខេមតិច៕