ស៊ាងហៃ៖ វេទិកានវានុវត្តន៍ Pujiang ឆ្នាំ២០២៦ (2026 Pujiang Innovation Forum) ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនៅទីក្រុងស៊ាងហៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកញ្ញា ក្រោមប្រធានបទ «ការចែករំលែកនវានុវត្តន៍ និងការកសាងអនាគត៖ បេសកកម្មនៃសហគមន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសកល» ដោយបានទាក់ទាញអ្នកវិទ្យាសាស្ត្រ អ្នករៀបចំគោលនយោបាយ និងតំណាងឧស្សាហកម្មមកពីជាង ៥០ប្រទេស និងអង្គការអន្តរជាតិជាង ២០។ នៅក្នុងព្រឹត្តិការណ៍រយៈពេល ៤ថ្ងៃនេះ អាហ្វ្រិកខាងត្បូងបានសាងប្រវត្តិសាស្ត្រជាប្រជាជាតិអាហ្វ្រិកដំបូងគេដែលធ្វើជា «ប្រទេសកិត្តិយស» (Country of Honor) ដោយបានដាក់តាំងបង្ហាញគម្រោងជាង ១០ គ្របដណ្តប់លើវិស័យកសិកម្ម វេជ្ជសាស្ត្រ អវកាស និងថាមពលអ៊ីដ្រូសែន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Science and Technology Daily ។
បើតាម Science and Technology Daily ក្រុងស៊ាងហៃបានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រជាមួយអង្គការ UNESCO ដើម្បីបង្កើត «សម្ព័ន្ធទីក្រុងនវានុវត្តន៍សកល» (Global Innovative Cities Alliance) ដើមី្បជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាឆ្លងទីក្រុង ព្រមទាំងបានចេញផ្សាយ «បញ្ជីទស្សនាវដ្តីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្នាក់ពិភពលោកឆ្នាំ២០២៥» ដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសិក្សាស្រាវជ្រាវឱ្យមានសមធម៌។
វេទិកានេះក៏បានដាក់បង្ហាញនូវសមិទ្ធផលបច្ចេកវិទ្យាកម្រិតខ្ពស់ជឿនលឿនជាច្រើន រួមមានគម្រោងហេដ្ឋារចនាសម្ព័ន្ធគណនាក្នុងអវកាស «Pearl Constellation» និងការព្យាបាលជំងឺមហារីក «CAR-T therapy» ព្រមទាំងបានលើកឡើងនូវសំណួរស្រាវជ្រាវគ្រឹះសំខាន់ៗចំនួន ១០ ទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) វិទ្យាសាស្ត្រក្វង់តុំ (Quantum) និងជីវវិទ្យា ដើម្បីចង្អុលបង្ហាញទិសដៅស្រាវជ្រាវជាយុទ្ធសាស្ត្រ។
ក្នុងឱកាសនោះ លោក Benoit Dubuis ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រវិស្វកម្មស្វីស បានថ្លែងថា គ្មានប្រទេសណាមួយអាចដោះស្រាយបញ្ហាសកលតែម្នាក់ឯងបានឡើយ ហើយប្រទេសចិនមានចំណុចខ្លាំងពិសេសលើទំហំ និងល្បឿននៃការអភិវឌ្ឍ។ បន្ថែមពីនោះ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa និងរដ្ឋមន្ត្រីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន លោក Yin Hejun ក៏បានផ្ញើសារលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការបើកចំហកាន់តែទូលំទូលាយ។
គួររំលឹកថា វេទិកានវានុវត្តន៍ Pujiang ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៨ ដោយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន រួមជាមួយរដ្ឋបាលក្រុងស៊ាងហៃ បានក្លាយជាផ្ទាំងទស្សនីយភាព និងជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាសកលលោក៕