Swift cc time

តុលាការកូរ៉េខាងត្បូង បញ្ជាឱ្យកូរ៉េខាងជើងសងសំណង ៣២,៥ លានដុល្លារដល់ទីក្រុងសេអ៊ូល ជុំវិញការបំផ្ទុះការិយាល័យមួយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

សេអ៊ូល៖ តុលាការមួយក្នុងទីក្រុងសេអ៊ូលបានបញ្ជាឱ្យទីក្រុងព្យុងយ៉ាងបង់ប្រាក់ប្រហែល ៣២,៥ លានដុល្លារ សម្រាប់ការបំផ្ទុះការិយាល័យមួយនៅក្នុងប្រទេសកូរ៉េខាងជើងកាលពីឆ្នាំ ២០២០ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងឱ្យកាន់តែប្រសើរឡើងរវាងកូរ៉េទាំងពីរ។យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បណ្តឹងទាក់ទងនឹងការបំផ្លាញការិយាល័យទំនាក់ទំនងអន្តរកូរ៉េ (Inter-Korean Liaison Office) នេះ គឺជាលើកដំបូងហើយដែលរដ្ឋាភិបាលកូរ៉េខាងត្បូងបានទាមទារសំណងដោយផ្ទាល់ពីភាគីរដ្ឋកូរ៉េខាងជើង។

ទីភ្នាក់ងារ AP បានរាយការណ៍ថា សេចក្តីសម្រេចរបស់តុលាការស្រុកកណ្តាលទីក្រុងសេអ៊ូលនេះ គឺជាការសម្រេចដែលមានលក្ខណៈជានិមិត្តរូបប៉ុណ្ណោះ ដោយសារកូរ៉េខាងត្បូងមិនមានមធ្យោបាយច្បាស់លាស់ណាមួយក្នុងការបង្ខំឱ្យកូរ៉េខាងជើងបង់ប្រាក់នោះទេ។ ស្របពេលដែលក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានផ្អាករាល់សកម្មភាពការទូតជាមួយកូរ៉េខាងត្បូង និងបានប្រកាសចាត់ទុកប្រទេសនេះថាជាសត្រូវដ៏កាចសាហាវបំផុតរបស់ខ្លួន ហើយលោកបន្តជំរុញកម្មវិធីអាវុធនុយក្លេអ៊ែរ និងពង្រឹងទំនាក់ទំនងជាមួយទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ដែលជាអ្វីដែលលោកបានហៅថាជា«សង្គ្រាមត្រជាក់ថ្មី»។

ជាមួយគ្នានេះដែរក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង ដែលទទួលបន្ទុកកិច្ចការទាក់ទងនឹងកូរ៉េខាងជើង បានថ្លែងថា ខ្លួនគោរពតាមសេចក្តីសម្រេចរបស់តុលាការ និងបានអំពាវនាវឱ្យមានការចាប់ផ្តើមឡើងវិញនូវកិច្ចការទូតរវាងកូរ៉េទាំងពីរ ដើម្បីឱ្យបញ្ហាទាំងអស់រវាងកូរ៉េខាងត្បូង និងខាងជើង អាចត្រូវបានដោះស្រាយតាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ។

គួររម្លឹកថាកាលពីខែមិថុនា ឆ្នាំ២០២០ កូរ៉េខាងជើងបានប្រើគ្រឿងផ្ទុះដើម្បីបំផ្ទុះការិយាល័យទំនាក់ទំនងដែលសាងសង់ដោយកូរ៉េខាងត្បូងនៅក្នុងទីក្រុងកេសុង (Kaesong) បន្ទាប់ពីបានរិះគន់ទីក្រុងសេអ៊ូលចំពោះការបរាជ័យក្នុងការទប់ស្កាត់អ្នករត់ចោលស្រុកពីកូរ៉េខាងជើង ក្រោយមកកូរ៉េខាងជើងបានបិទការិយាល័យនោះនៅខែមករា ឆ្នាំ២០២០ នៅពេលដែលខ្លួនបានបិទព្រំដែនដោយសារក្តីបារម្ភអំពីវីរុសកូរ៉ូណា ហើយអគារនោះគឺទំនេរគ្មានមនុស្សនៅ នៅពេលដែលមានការបំផ្ទុះនោះ។ កូរ៉េខាងត្បូងបានដាក់ពាក្យបណ្តឹងនេះនៅឆ្នាំ ២០២៣ ដោយចាត់ទុកសកម្មភាពបំផ្ទុះអគារនៅទីក្រុងព្រំដែន កេសុង (Kaesong) របស់កូរ៉េខាងជើងថាជាអំពើខុសច្បាប់ និងហិង្សា ដែលបានរំលោភលើកិច្ចព្រមព្រៀងពីមុនៗរវាងប្រទេសទាំងពីរ និងបានបំផ្លាញយ៉ាងធ្ងន់ធ្ងរនូវ ការគោរព និងទំនុកចិត្តគ្នាទៅវិញទៅមក៕

Khcct banner

អត្ថបទទាក់ទង