សិង្ហបុរី៖ ប្រទេសសិង្ហបុរីបានចាប់ផ្តើមយុទ្ធនាការជាតិរយៈពេល ៥ឆ្នាំជាថ្មីមួយ ដើម្បីជំរុញឱ្យពលរដ្ឋបង្កើតទម្លាប់អានឡើងវិញ ដោយប្រើប្រាស់យុទ្ធសាស្ត្រ «សន្សំពិន្ទុយករង្វាន់» (Gamification) ដែលអនុញ្ញាតឱ្យពលរដ្ឋទទួលបានប្រាក់រង្វាន់បន្តិចបន្តួច តាមរយៈការកត់ត្រារយៈពេលអាននៅលើគេហទំព័ររបស់រដ្ឋាភិបាល។ តាមរយៈប្រព័ន្ធនេះ អ្នកដែលអានចាប់ពី ១៥នាទីឡើងទៅក្នុងមួយថ្ងៃ នឹងទទួលបាន ២០កាក់ (Virtual Coins) ហើយនៅពេលសន្សំបាន ១,០០០កាក់ (ត្រូវប្រើពេលអានប្រមាណ ៥០ថ្ងៃ) ពួកគេអាចប្តូរបានប្រាក់ ១ដុល្លារសិង្ហបុរី (ប្រមាណ ០,៨ ដុល្លារអាម៉េរិក) ដោយកំណត់ត្រឹម ១លើកប៉ុណ្ណោះក្នុងមួយថ្ងៃ។
យោងតាមការចេញផ្សាយរបស់កាសែតCNN ក្រុមប្រឹក្សាបណ្ណាល័យជាតិសិង្ហបុរី (NLB) បានបញ្ជាក់ថា ខណៈដែលមាតិកាខ្លីៗតាមបណ្តាញសង្គម គ្រាន់តែផ្តល់ព័ត៌មានរហ័ស ការអានអត្ថបទ ឬសៀវភៅវែងៗ នឹងជួយពង្រឹងការយកចិត្តទុកដាក់ ការគិតពិចារណា និងការស្រមៃបានវែងឆ្ងាយ។ យុទ្ធនាការនេះធ្វើឡើងដើម្បីប្រយុទ្ធប្រឆាំងនឹង «Brain Rot» (ការធ្លាក់ចុះសមត្ថភាពខួរក្បាលដោយសារមើលមាតិការកំសាន្តគ្មានន័យច្រើនពេក) និងទម្លាប់អូសទូរស័ព្ទមើលតែព័ត៌មានអវិជ្ជមាន (Doomscrolling)។ ក្រៅពីការសន្សំពិន្ទុផ្ទាល់ខ្លួន យុទ្ធនាការនេះក៏មានទិសដៅប្រមូលនាទីអានឱ្យបាន ៧,៥លាននាទី ដើម្បីរៃអង្គាសប្រាក់សប្បុរសធម៌រហូតដល់ ១៥ម៉ឺនដុល្លារសិង្ហបុរី (ប្រមាណ ១១,៨ម៉ឺនដុល្លារអាម៉េរិក)។
គំនិតផ្ដួចផ្ដើមនេះបានបង្កើតឱ្យមានការដេញដោលគ្នាយ៉ាងខ្លាំង ដោយអ្នកគាំទ្រយល់ថា ទោះបីជាប្រាក់រង្វាន់មានទំហំតូច ប៉ុន្តែវាជា «កម្លាំងរុញច្រាន» ដ៏ល្អមួយក្នុងការទាញមនុស្សចេញពីការញៀនបណ្តាញសង្គមដូចជា TikTok ហើយងាកមកបង្កើតទម្លាប់អានឡើងវិញ។ ផ្ទុយទៅវិញ អ្នកចិត្តវិទ្យាបានព្រមានថា ការប្រើប្រាស់ទឹកប្រាក់ជារង្វាន់លើកទឹកចិត្ត អាចមានប្រសិទ្ធភាពតែជាមួយអ្នកដែលមានចំណាប់អារម្មណ៍អានស្រាប់ប៉ុណ្ណោះ ប៉ុន្តែប្រហែលជាមិនអាចបង្កើត «ចំណង់ចូលចិត្តអានចេញពីបេះដូងពិតប្រាកដ» សម្រាប់អ្នកដែលមិនចូលចិត្តសៀវភៅនោះឡើយ នៅពេលដែលការផ្តល់រង្វាន់ត្រូវបានបញ្ចប់៕