Swift cc time

អាហារូបករណ៍European Global Gateway «សិក្សាជំនាញទឹក» កម្រិត បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត នៅសហភាពអឺរ៉ុប

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
 

ភ្នំពេញ៖ អាហារូបករណ៍ European Global Gateway កំពុងតែបើកជ្រើសរើសយុវជនកម្ពុជាប្រមាណ៣០រូប ឱ្យសិក្សាជំនាញពាក់ព័ន្ធនឹងទឹក ទាំង៣កម្រិត រួមមាន កម្រិត បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត នៅសហភាពអឺរ៉ុប តាមរយៈជំនួយអាហារូបករណ៍លើថ្លៃសិក្សា ការធ្វើដំណើរ និងប្រាក់ឧបត្ថម្ភសម្រាប់ការរស់នៅ។

សម្រាប់មុខជំនាញសំខាន់ៗរួមមាន៖ ផ្នែកទឹក និងបរិស្ថាន, គុណភាពទឹក ការចម្រោះទឹក និងសុខភាព, អនាម័យ WASH និងហេដ្ឋារចនាសម្ព័ន្ធ, ការរៀបចំផែនការ ការគ្រប់គ្រង និងគោលនយោបាយ, និរន្តរភាព អាកាសធាតុ និងប្រព័ន្ធអេកូឡូស៊ី, បច្ចេកវិទ្យា ការច្នៃប្រឌិត និងទិន្នន័យ, ការផ្គត់ផ្គង់ ប្រតិបត្តិការ និងសេវាសាធារណៈ, ចំណុចតភ្ជាប់រវាងវិស័យកសិកម្ម និងឧស្សាហកម្ម, សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជំនាញជាច្រើនទៀត។

ដើម្បីមានសិទ្ធិទទួលបានអាហារូបករណ៍នេះ បេក្ខជនត្រូវតែជាពលរដ្ឋខ្មែរ មានអាយុក្រោម ២៥ ឆ្នាំសម្រាប់កម្រិតបរិញ្ញាបត្រ, ក្រោម ៣០ ឆ្នាំសម្រាប់កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s degree) និងក្រោម ៤០ ឆ្នាំសម្រាប់កម្រិតបណ្ឌិត (គិតត្រឹមថ្ងៃដាក់ពាក្យ)។ ។ បន្ថែមពីនេះ កម្រិតបរិញ្ញាបត្រ ត្រូវបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សាទុតិយភូមិ ឬសមមូល។ កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ត្រូវមានសញ្ញាបត្របរិញ្ញាបត្រដែលទទួលស្គាល់ជាផ្លូវការ ក្នុងជំនាញពាក់ព័ន្ធ។ កម្រិតបណ្ឌិត ត្រូវមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ដែលទទួលស្គាល់ជាផ្លូវការ ក្នុងជំនាញពាក់ព័ន្ធ។

ទន្ទឹមនឹងនេះ យុវជនត្រូវបង្ហាញពីសមត្ថភាពភាសាអង់គ្លេសតាមរយៈពិន្ទុIELTS, TOEFL ឬសមមូល។ បន្ថែមពីនេះ បេក្ខជនត្រូវទទួលបានការយល់ព្រមទទួលចូលសិក្សា (admission) ការយល់ព្រមទទួលចូលសិក្សាជាមុន (pre-admission) ឬការផ្តល់ជូនដែលមានលក្ខខណ្ឌ (conditional offer) ពីសាកលវិទ្យាល័យ ឬគ្រឹះស្ថានសិក្សានៅក្នុងប្រទេសសមាជិកសហភាពអឺរ៉ុប (EU) ដែលមានសិទ្ធិទទួលអាហារូបករណ៍នេះ សម្រាប់កម្មវិធីសិក្សាដែលពាក់ព័ន្ធនឹងជំនាញផ្នែកទឹក។ បេក្ខជន ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការសិក្សា និងមានឆន្ទៈត្រឡប់មកបម្រើការងារក្នុងវិស័យទឹកនៅប្រទេសកម្ពុជាវិញ។

ចំពោះ​ឯកសារដែលត្រូវការរួមមាន៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ហើយអាចនឹងត្រូវការច្បាប់ចម្លងនៃសំបុត្រកំណើត និងលិខិតឆ្លងដែនកម្ពុជាដែលមានសុពលភាពផងដែរ។ ឯកសារបញ្ជាក់លទ្ធផលសិក្សា (transcripts) និងសញ្ញាបត្របញ្ចប់ការសិក្សា។ វិញ្ញាបនបត្របញ្ជាក់សមត្ថភាពភាសា (ឧទាហរណ៍៖ IELTS, TOEFL ឬសមមូល) លិខិតបង្ហាញពីចំណាប់អារម្មណ៍ (Motivation letter), ប្រវត្តិរូបសង្ខេប (CV) – គួរតែប្រើទម្រង់ Europass, លិខិតណែនាំ (Recommendation letter) (យ៉ាងហោចណាស់មួយច្បាប់សម្រាប់កម្រិតបរិញ្ញាបត្រ ពីរច្បាប់សម្រាប់កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងបីច្បាប់សម្រាប់កម្រិតបណ្ឌិត)។ ភស្តុតាងនៃការទទួលចូលសិក្សា ការទទួលចូលសិក្សាជាបឋម ឬការផ្តល់ជូនការទទួលចូលសិក្សាដែលមានលក្ខខណ្ឌ (conditional admission offer) ពីសាកលវិទ្យាល័យ ឬស្ថាប័នសិក្សានៅក្នុងប្រទេសជាសមាជិកសហភាពអឺរ៉ុប។ ផែនការសិក្សា (កម្រិតបរិញ្ញាបត្រជាន់ខ្ពស់) ឬសំណើគម្រោងស្រាវជ្រាវ (កម្រិតបណ្ឌិត)។

យុវជនដែលមានចំណាប់អារម្មណ៍លើអាហារូបករណ៍នេះ អាចស្វែងរកព័ត៌មានបន្ថែមតាមរយៈ  https://eu-scholarship.itc.edu.kh/#home និងដាក់ពាក្យត្រឹមថ្ងៃទី៣០ មេសា ២០២៧៕

Khcct banner

អត្ថបទទាក់ទង