Swift cc time

នារីអូតេស«ថៃ»ប្រឈមនឹងជាប់ពន្ធនាគារ ២៥ឆ្នាំ ពីបទលួចដឹក«ហេរ៉ូអ៊ីន»ជាង ១គីឡូក្រាមចូលអូស្រា្តលី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ម៉ែលប៊ន៖ បុគ្គលិកបម្រើការលើយន្តហោះ (អូតេស) សញ្ជាតិថៃ អាយុ ២៦ឆ្នាំ ម្នាក់ ត្រូវបានតុលាការក្រុងម៉ែលប៊ន (Melbourne) សម្រេចបន្តឃុំខ្លួនបណ្តោះអាសន្ន រហូតដល់ថ្ងៃទី១២ ខែតុលា បន្ទាប់ពីសមត្ថកិច្ចអូស្ត្រាលីបានចាប់ខ្លួនរូបនាង នៅអាកាសយានដ្ឋាន Melbourne កាលពីថ្ងៃទី២៥ ខែមិថុនា។ អាជ្ញាធរព្រំដែនអូស្ត្រាលី បានរកឃើញថ្នាំញៀនប្រភេទ «ហេរ៉ូអ៊ីន» (Heroin) ទម្ងន់ជាង ១គីឡូក្រាម ដែលមានតម្លៃលើទីផ្សារងងឹតប្រមាណ ៥០ម៉ឺនដុល្លារអូស្ត្រាលី (A$500,000) ដោយបានដេរលាក់នៅក្នុងស្រទាប់បាតកាបូបស្ពាយរូបដំរីចំនួន ១២។ ប្រសិនបើត្រូវតុលាការរកឃើញថាមានទោសតាមបទចោទនាំចូល និងកាន់កាប់ថ្នាំញៀនខុសច្បាប់ នាងអាចប្រឈមមុខនឹងទោសពន្ធនាគារអតិបរមារហូតដល់ ២៥ឆ្នាំ ខណៈតំណាងអយ្យការ និងមេធាវីការពារក្តី កំពុងចរចារកដំណោះស្រាយផ្លូវច្បាប់។

តាមការចេញផ្សាយរបស់កាសែត The Thaiger តាមការស៊ើបអង្កេតពីសមត្ថកិច្ចថៃ អាជ្ញាធរនៅតែមិនទាន់អាចបញ្ជាក់បាននៅឡើយទេថា បុគ្គលិករូបនេះដឹងខ្លួនថាមានថ្នាំញៀនលាក់ក្នុងកាបូប ឬយ៉ាងណានោះឡើយ។ ការស្រាវជ្រាវបានបង្ហាញថា នាងបានទទួលការងារស៊ីឈ្នួលយួរអីវ៉ាន់នេះតាមរយៈក្រុមហ្វេសប៊ុក (Facebook Group) ពីគណនីឈ្មោះ «Rose Rose» ដែលបានជួលនាងឱ្យជួយយួរទំនិញ ដែលអះអាងថាជា «ផលិតផល OTOP និងសម្លៀកបំពាក់» ទៅកាន់អូស្ត្រាលី ហើយការឆែកឆេរខុនដូរបស់នាងនៅបាងកក ក៏មិនបានរកឃើញវត្ថុតាងខុសច្បាប់អ្វីដែរ។

ជុំវិញករណីនេះ ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានផ្អាកការងាររបស់នាងភ្លាមៗ និងបានបើកការស៊ើបអង្កេតខាងវិន័យផ្ទៃក្នុង។ ប៉ូលិសថៃក៏បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ដែលជាប់ពាក់ព័ន្ធនឹងការរៀបចំ និងដឹកជញ្ជូនកាបូបនោះមកឱ្យនាង ខណៈបុគ្គលឈ្មោះ «Rose Rose» ដែលជាមេខ្លោងទាក់ទងតាមហ្វេសប៊ុក កំពុងរត់គេចខ្លួនក្រោមដីកាចាប់ខ្លួននៅឡើយ។ បច្ចុប្បន្ន អាជ្ញាធរថៃ និងអូស្ត្រាលី កំពុងបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីកសាងសំណុំរឿង បញ្ជូនបទចោទបន្ថែមលើជនសង្ស័យទាំង ៣នាក់ ព្រមទាំងបន្តស្រាវជ្រាវស្វែងរកអត្តសញ្ញាណអ្នកទទួលថ្នាំញៀនចុងក្រោយ នៅក្នុងប្រទេសអូស្ត្រាលីបន្ថែមទៀត៕

Khcct banner

អត្ថបទទាក់ទង