ភ្នំពេញ៖ មជ្ឈមណ្ឌលអាស៊ាន-អូស្ត្រាលី (ASEAN-Australia Centre) បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់វគ្គបណ្តុះបណ្តាលខ្លីប្រចាំឆ្នាំ២០២៧ ក្នុងគោលបំណងកសាងសមត្ថភាពបច្ចេកទេស និងជំនាញឯកទេសក្នុងចំណោមអ្នកមានបទពិសោធន៍ធ្វើការចន្លោះ ៥-១០ឆ្នាំ មកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងប្រទេសអូស្ត្រាលី។ កម្មវិធីបណ្តុះបណ្តាលមានពីរប្រធានបទសម្រាប់ជ្រើសរើសរួមមាន «បញ្ញាសិប្បនិម្មិត និងបរិវត្តកម្មឌីជីថល» និង«សន្តិសុខស្បៀង និងការប្រែប្រួលអាកាសធាតុក្នុងតំបន់អាស៊ាន និងអូស្ត្រាលី»។
យោងតាមគេហទំព័រ ASEAN-Australia Centre បានឱ្យដឹងថា គំនិតផ្តួចផ្តើមនេះ ធ្វើឡើងស្របតាមការអនុវត្តអនុសាសន៍ទី៣៥ នៃយុទ្ធសាស្ត្រសេដ្ឋកិច្ចអូស្ត្រាលីសម្រាប់អាស៊ីអាគ្នេយ៍ដល់ឆ្នាំ២០៤០ (Invested: Australia’s Southeast Asia Economic Strategy to 2040) ដោយផ្តោតលើការកសាងបណ្តាញថ្នាក់ដឹកនាំអាស៊ានជំនាន់ក្រោយ ដែលមានទំនាក់ទំនងស្អិតរមួតជាមួយអូស្ត្រាលី ដើម្បីរួមគ្នាជំរុញការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងតំបន់។
បើតាមប្រភពដដែល ឆ្នាំ២០២៧ នេះ កម្មវិធីផ្តល់ជូននូវវគ្គសិក្សាចំនួនពីរ ដែលផ្តោតលើអ្នកជំនាញអាជីពកម្រិតដំបូង និងកម្រិតមធ្យម រួមមាន វគ្គសិក្សាស្ដីពី «បញ្ញាសិប្បនិម្មិត និងបរិវត្តកម្មឌីជីថល» ដែលផ្តល់អាទិភាពផ្តាច់មុខសម្រាប់ស្ត្រី និងវគ្គសិក្សាស្ដីពី «សន្តិសុខស្បៀង និងការប្រែប្រួលអាកាសធាតុក្នុងតំបន់អាស៊ាន និងអូស្ត្រាលី»។ វគ្គសិក្សាទាំងពីរនេះ នឹងត្រូវរៀបចំឡើងដោយសាកលវិទ្យាល័យ Queensland (University of Queensland) ក្នុងរយៈពេលរហូតដល់ ១២សប្តាហ៍ អមដោយដំណើរទស្សនកិច្ចសិក្សាជាក់ស្តែងផ្ទាល់នៅប្រទេសអូស្ត្រាលីរយៈពេលមួយសប្តាហ៍។
កម្មវិធីនីមួយៗនឹងជ្រើសរើសបេក្ខជនឆ្នើមចំនួន ២៥រូប ដើម្បីបណ្តុះបណ្តាលលើការរៀបចំប្រព័ន្ធកសិកម្មវៃឆ្លាតបន្ស៊ាំនឹងអាកាសធាតុ ក៏ដូចជាការស្វែងយល់ពីកាលានុវត្តភាព និងហានិភ័យនៃបរិវត្តកម្មឌីជីថល ឥទ្ធិពលរបស់ក្រុមហ៊ុនបច្ចេកវិទ្យា និងសុខុមាលភាពយុវជន។ បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យស្នើសុំតាមរយៈប្រព័ន្ធ SmartyGrants ដោយការទទួលពាក្យនឹងត្រូវបិទបញ្ចប់ត្រឹមថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦។
គួរបញ្ជាក់ផងដែរថា គម្រោងវគ្គបណ្តុះបណ្តាលខ្លីនេះ ទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាក់ស្តែង កាលពីឆ្នាំ២០២៦ កម្មវិធីបានផ្តល់ឱកាសដល់សិក្ខាកាមចំនួន ២៤រូប លើជំនាញកសិកម្មវៃឆ្លាត និងសន្តិសុខស្បៀង តាមរយៈការសិក្សាអនឡាញ ៧សប្តាហ៍ និងការចុះអនុវត្តផ្ទាល់នៅរដ្ឋ Queensland ដូចជាការសិក្សាពីប្រព័ន្ធចិញ្ចឹមសត្វវៃឆ្លាតនៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រសត្វ និងការប្រើប្រាស់បច្ចេកវិទ្យាត្រួតពិនិត្យដំណាំនៅ UQ Gatton។ លើសពីនេះ អ្នកដឹកនាំស្ត្រីចំនួន ២៤រូប ក៏បានចូលរួមក្នុងវគ្គបរិវត្តកម្មឌីជីថលរយៈពេល ១២សប្តាហ៍ និងបានទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលនវានុវត្តន៍ The Precinct ក្នុងទីក្រុង Brisbane ផងដែរ។ បន្ថែមពីនេះ នៅក្នុងឆ្នាំ២០២៥ កម្មវិធីក៏បានបណ្តុះបណ្តាលសិក្ខាកាមចំនួន ២២រូប លើការផ្លាស់ប្តូរថាមពលនៅក្រុមហ៊ុន Wildfire Energy, Enduna Hydrogen និង SolarShare រួមជាមួយសិក្ខាកាមជាស្ត្រី ២០រូបទៀត លើជំនាញបច្ចេកទេស និងភាពជាអ្នកដឹកនាំក្នុងវិស័យ STEM តាមរយៈទស្សនកិច្ចសិក្សានៅ Questacon មន្ទីរពិសោធន៍ស្រាវជ្រាវ Biorheology និងមូលនិធិ Sea World ក្នុងប្រទេសអូស្ត្រាលី៕