Swift cc time

រុស្ស៊ី ព្រមានប៉ូឡូញនឹងរលាយបាត់ពីផែនដីត្រឹមតែ ២-៣ថ្ងៃ បើប្រឡូកជាមួយសង្រ្គាមរុស្ស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
មន្ត្រីជាន់ខ្ពស់នៃវិមានក្រឹមឡាំងលោក Nikolai Patrushev

រុស្ស៊ី៖ មន្ត្រីជាន់ខ្ពស់នៃវិមានក្រឹមឡាំងលោក Nikolai Patrushev ដែលជាជំនួយការរបស់ប្រធានាធិបតីរុស្ស៊ី និងជាអតីតលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានធ្វើការគំរាមកំហែងចំៗទៅកាន់រដ្ឋមន្រ្តីការបរទេសប៉ូឡូញក្នុងបទសម្ភាសន៍ជាមួយកាសែតរុស្ស៊ី Argumenty i Fakty។ លោក Patrushev បានព្រមានថា៖ «ប្រសិនបើប៉ូឡូញចូលរួមក្នុងសកម្មភាពយោធាប្រឆាំងនឹងរុស្ស៊ី ប្រទេសរបស់លោកនឹងប្រើប្រាស់កម្លាំង និងមធ្យោបាយទាំងអស់ដែលមាន ហើយទីក្រុងវ៉ាសូវីនៃប្រទេសប៉ូឡូញនឹងលែងមានវត្តមានលើផែនដីទៀតក្នុងរយៈពេលពីរ ឬបីថ្ងៃតែប៉ុណ្ណោះ។ ការគំរាមរបស់លោកនេះបានធ្វើឡើងចំពេលដែលមានការតតាំងពាក្យសម្តីគ្នា បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសប៉ូឡូញលោក Radosław Sikorski បានធ្វើការកត់សម្គាល់ក្នុងសន្និសីទយុទ្ធសាស្ត្រអឺរ៉ុប Yalta ប្រចាំឆ្នាំនៅទីក្រុង គៀវ កាលពីថ្ងៃទី ១២-១៣ ខែកញ្ញាថា អង្គការណាតូនឹងយកឈ្នះរុស្ស៊ីបានយ៉ាងឆាប់រហ័ស ប្រសិនបើទីក្រុងម៉ូស្គូធ្វើការវាយប្រហារមកលើសម្ព័ន្ធមិត្តណាតូណាម្នាក់។

រដ្ឋមន្រ្តីការបរទេសប៉ូឡូញ លោក Sikorski

រដ្ឋមន្រ្តីការបរទេសប៉ូឡូញ លោក Sikorski បានបញ្ជាក់ថា៖ «ប្រសិនបើរុស្ស៊ីវាយប្រហារមកលើយើង ហើយយើងប្រើប្រាស់កម្លាំងពេញទំហឹង (ដោយមិនមានការរឹតត្បិត) ខ្ញុំគិតថាយើងនឹងយកឈ្នះរុស្ស៊ីបានយ៉ាងឆាប់រហ័ស»។ រដ្ឋមន្ត្រីប៉ូឡូញរូបនេះក៏បានលើកឡើងពីកម្លាំងទ័ពអាកាសរបស់ណាតូ ដោយប៉ាន់ប្រមាណថាប្រទេសសមាជិកនៅអឺរ៉ុបនៃសម្ព័ន្ធមិត្តណាតូមានយន្តហោះយោធាប្រហែល ២,៥០០ គ្រឿង និងមានប្រៀបលើរុស្ស៊ីក្នុងកម្រិតខ្ពស់ខ្លាំង។

ជាការឆ្លើយតបមនុស្សជំនិតរបស់លោកពូទីន លោក Patrushev បានចោទប្រកាន់លោក Sikorski ថាបានវាយតម្លៃសមត្ថភាពយោធារបស់រុស្ស៊ីក្នុងលក្ខណៈមិនមានជំនាញច្បាស់លាស់ លោកក៏បានអះអាងផងទៀតថា កងកម្លាំងរុស្ស៊ីមិនបានប្រើប្រាស់សក្តានុពលពេញលេញរបស់ខ្លួននៅក្នុងសង្គ្រាមលើអ៊ុយក្រែននោះទេដូចច្នេះហើយទើបសង្រ្គាមនៅតែបន្តអូសបន្លាយ៕

Khcct banner

អត្ថបទទាក់ទង