ជប៉ុន៖ ចំនួនមនុស្សដែលមានអាយុ ១០០ឆ្នាំ ឬលើសពីនេះនៅក្នុងប្រទេសជប៉ុន បានកើនឡើងលើសពី ១០០,០០០ នាក់ជាលើកដំបូងតួលេខបង្ហាញថា ប្រទេសជប៉ុនមានមនុស្សដែលមានអាយុ ១០០ឆ្នាំឡើងទៅចំនួន ១០៧,៦៧៧នាក់ ដែលជាចំនួនខ្ពស់បំផុតនៅលើពិភពលោក ហើយក្នុងនោះ ៨៨% គឺជាស្ត្រី។ ស្ត្រីដែលមានអាយុច្រើនជាងគេគឺលោកយាយ Kishimoto Fuyo អាយុ ១១៤ឆ្នាំ មកពីទីក្រុង Kyoto និងបុរសដែលមានអាយុច្រើនជាងគេគឺលោកតា Kato Hikaru អាយុ ១១២ឆ្នាំ មកពីខេត្ត Kumamoto។
បើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលជប៉ុន លោក Kenichiro Ueno បានសម្តែងការពេញចិត្តចំពោះការពិតដែលថាមនុស្សជាច្រើននៅក្នុងប្រទេសជប៉ុនកំពុងរស់នៅប្រកបដោយអាយុវែង មានសុខភាពល្អ និងសកម្មធម្មតា។ លោក Kenichiro ក៏បានព្រមានអំពីបញ្ហាប្រឈមដែលប្រទេសជប៉ុនកំពុងជួបប្រទះក្នុងការរក្សាប្រព័ន្ធសន្តិសុខសង្គម និងបញ្ហាប្រឈមមួយចំនួនដល់មនុស្សចាស់ជរា។ លោកបន្ថែមថា អាយុវែងរបស់ប្រជាជនជប៉ុនគឺអាស្រ័យលើកត្តាជាច្រើន រួមទាំងរបបអាហារដែលមានសុខភាពល្អ និងរបៀបរស់នៅដែលស្អាត ដោយភាគច្រើនមុខម្ហូបបរិភោគភាគច្រើនមានត្រី បន្លែ និងអង្ករ ហើយមានជាតិខ្លាញ់តិច។
យោងតាមទិន្នន័យពីវិទ្យាស្ថានជាតិស្រាវជ្រាវប្រជាជន និងសន្តិសុខសង្គមជប៉ុន ចំនួនប្រជាជនសរុបត្រូវបានគេប៉ាន់ប្រមាណថានឹងធ្លាក់ចុះមកនៅត្រឹម ៨៧លាននាក់នៅត្រឹមឆ្នាំ ២០៧០ ដែលតំណាងឱ្យការធ្លាក់ចុះ ៣០% ពីកម្រិតខ្ពស់បំផុតចំនួន ១២៨លាននាក់ក្នុងឆ្នាំ ២០០៨។ បច្ចុប្បន្ន ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅមានចំនួនប្រហែល ៣០% នៃចំនួនប្រជាជនសរុប ហើយត្រូវបានគេរំពឹងថានឹងកើនឡើងដល់ជិត ៤០% នៅឆ្នាំ ២០៧០។ ដោយការស្ទង់មតិលើមនុស្សដែលមានអាយុ ១០០ ឆ្នាំឡើងទៅនៅឆ្នាំ ១៩៦៣ មានមនុស្សចំនួន ១៥៣ នាក់ដែលមានអាយុ ១០០ ឆ្នាំ ឬលើសពីនេះតែប៉ុណ្ណោះ ក្រោយមកតួលេខនេះបានកើនឡើងដល់ ១,០០០ នាក់នៅឆ្នាំ ១៩៨១ និងបានកើនដល់ ១០,០០០ នាក់នៅឆ្នាំ ១៩៩៨៕