ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក លោក Guo Jiakun នៅរសៀលថ្ងៃអង្គារនេះបានប្រកាសជំរុញឱ្យសហរដ្ឋអាម៉េរិក «ឈប់រៀបចំធ្វើសង្គ្រាម»នៅលើអវកាស លោកសង្គត់ធ្ងន់ថាចិនប្រឆាំងដាច់ខាតចំពោះការបំពាក់អាវុធ ការប្រែក្លាយអវកាសទៅជាសមរភូមិ និងការប្រកួតប្រជែងសព្វាវុធ។លោកអំពាវនាវឱ្យភាគីអាម៉េរិក បញ្ឈប់ការពង្រីកសមត្ថភាពយោធា និងការរៀបចំធ្វើសង្គ្រាមនៅក្នុងអវកាស។ ការជំរុញរបស់អ្នកនាំពាក្យរូបនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីពីកងកម្លាំងអវកាសអាម៉េរិក (US Space Force) បានប្រកាសពីការដាក់ពង្រាយអាវុធទៅកាន់គន្លងផែនដីជាលើកដំបូងលើអវកាស។
កងកម្លាំងអវកាសអាម៉េរិក បានចង្អុលមុខចិនថាជាមុខសញ្ញាគំរាមកំហែងក្រោមហេតុផលថា ចិនកំពុងពង្រឹងសមត្ថភាពយោធាប្រឆាំងអវកាស។ បន្ថែមលើនេះ អាម៉េរិកក៏បានកំណត់រុស្ស៊ីជាគូប្រជែងដ៏គ្រោះថ្នាក់មួយទៀត ដែលជឿជាក់ថា ការមានឧត្តមភាពលើអវកាស គឺជាកត្តាកាត់សេចក្តីនៃសមរភូមិនាពេលអនាគត។
គួររំលឹកថា ការទាញយកអវកាសធ្វើជាសមរភូមិយោធា បានកើតមានឡើងតាំងពីសម័យប្រកួតប្រជែងអវកាសឆ្នាំ១៩៥៧ មកម៉្លេះ។ ទោះបីជាមានសន្ធិសញ្ញាអវកាសឆ្នាំ១៩៦៧ (Outer Space Treaty) ដែលហាមឃាត់ការបំពាក់អាវុធប្រល័យលោកក្នុងគន្លងផែនដីក៏ដោយ ក៏មហាអំណាចធំៗដូចជា អាម៉េរិក ចិន រុស្ស៊ី និងឥណ្ឌា នៅតែបន្តស្វែងរកវិធីសាស្ត្រប្រយុទ្ធក្នុងអវកាស ដូចជាការវាយប្រហារលើ ផ្កាយរណប ប្រព័ន្ធទំនាក់ទំនង ឃ្លាំមើល និងប្រព័ន្ធរុករក (GPS) របស់គូប្រជែងផងដែរ៕