ចិន៖ ផលវិបាកនៃ «គោលនយោបាយកូនមួយ» នាពេលអតីតកាល បានបន្សល់ទុកនូវវិបត្តិអសមតុល្យយេនឌ័រយ៉ាងធ្ងន់ធ្ងរនៅប្រទេសចិន ដោយធ្វើឱ្យចំនួនបុរសមានច្រើនជាងស្ត្រីរហូតដល់ទៅ ៣០លាននាក់។ ស្ថានភាពនេះបានបង្កើតជាសម្ពាធយ៉ាងខ្លាំងដល់បុរសវ័យកណ្តាល និងអ្នករស់នៅតំបន់ជនបទ ក្នុងការស្វែងរកគូស្រករ ខណៈដែលស្ត្រីមានជម្រើសច្រើន និងទាមទារទ្រព្យសម្បត្តិ ឬប្រាក់បណ្តាការ (Bride Price) ខ្ពស់ទើបយល់ព្រមរៀបការ។
យោងតាមការចេញផ្សាយរបស់កាសែតBBC បញ្ហានេះបានបើកឱកាសឱ្យភ្នាក់ងារផ្គូផ្គងខុសច្បាប់ បង្កើតសេវាកម្ម «រៀបការផ្លេកបន្ទោរ» (Flash Marriages) ដោយផ្សព្វផ្សាយភូតភរថានឹងស្វែងរកភរិយាស្លូតបូត និងចេះទុកដាក់ផ្ទះសម្បែងឱ្យ។ បុរសរងគ្រោះជាច្រើន ជាក់ស្តែងដូចជាលោក Wang Zhuang ត្រូវបានគេបោកប្រាស់ទាំងស្រុងលើប្រវត្តិរូបកូនក្រមុំ។ ក្រោយរៀបការបានតែប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍ ពួកគេបានប្រគល់ប្រាក់បណ្តាការអស់រាប់ម៉ឺនដុល្លាររួច តែកូនក្រមុំក៏បានរត់ចោល ឬបន្សល់ទុកតែបំណុល និងបញ្ហាផ្លូវច្បាប់។
បច្ចុប្បន្ន អាជ្ញាធរចិនបានចាប់ផ្តើមបើកយុទ្ធនាការបង្ក្រាបលើឧស្សាហកម្មផ្គូផ្គងខុសច្បាប់នេះនៅទូទាំងប្រទេស។ ទោះជាយ៉ាងណា ការទាមទារប្រាក់សន្សំមកវិញនៅតែមានភាពស្មុគស្មាញខ្លាំង ដោយសារច្បាប់មិនទាន់មានបទបញ្ញត្តិជាក់លាក់លើករណីភូតភរក្នុងអាពាហ៍ពិពាហ៍ ហើយក្រុមហ៊ុនបោកប្រាស់ភាគច្រើនបានគេចខ្លួនបាត់ភ្លាមៗ៕