វៀតណាម៖ ព្រះមហាក្សត្រថៃ ព្រះបាទ មហា វិច្ចរ៉ាឡុងកន (Maha Vajiralongkorn) និងព្រះរាជិនី សុធីដា (Suthida) បានយាងទៅដល់ទីក្រុងហាណូយ កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ដើម្បីចាប់ផ្តើមព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ថ្ងៃ នៅប្រទេសវៀតណាម តបតាមការអញ្ជើញរបស់អគ្គលេខាធិការបក្សកុម្មុយនីស្ត និងជាប្រធានាធិបតីវៀតណាម លោក To Lam និងភរិយា។ ព្រះរាជដំណើរទស្សនកិច្ចនេះ ក៏មានការអមដំណើរដោយនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ព្រមទាំងមន្ត្រីជាន់ខ្ពស់ថៃជាច្រើនរូបទៀត។
យោងតាមសារព័ត៌មានវៀតណាម Tuoi Tre News ស្ដេចនិងម្ចាស់ក្សត្រីយ៍ថៃ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់មន្ត្រីជាន់ខ្ពស់វៀតណាម នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai រួមមាន៖ ប្រធានខុទ្ទកាល័យប្រធានាធិបតី លោក Le Khanh Hai, ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Vu Dai Thang, អនុរដ្ឋមន្ត្រីការបរទេស លោក Dang Hoang Giang និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសថៃ លោក Pham Viet Hung។
បើតាមការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតវៀតណាម លោក Pham Viet Hung នេះគឺជាព្រះរាជទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងបង្អស់របស់ព្រះមហាក្សត្រ និងម្ចាស់ក្សត្រីយ៍ថៃ មកកាន់ប្រទេសវៀតណាម ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នានៅឆ្នាំ១៩៧៦។ ព្រះរាជទស្សនកិច្ចនេះ ជាដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររវាងថៃនិងវៀតណាមក្នុងការរំលឹកខួប ៥០ឆ្នាំនៃទំនាក់ទំនងការទូត (១៩៧៦-២០២៦) និងកើតឡើងបន្ទាប់ពីប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងទៅជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» កាលពីឆ្នាំមុន ដែលជាគ្រឹះយ៉ាងរឹងមាំក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពបន្ថែមទៀត៕